ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ចំពោះចរន្តអគ្គិសនី ដោយសារស្ថានភាពទឹកនៅមិនស្រក បើមិនចាំបាច់ សូមកុំប្រើប្រាស់ចរន្តអគ្គិសនីត្រូវបិទចោល។ លោកថ្លែងបែបនេះ ដឹកនាំកម្លាំងចុះជួយអន្តរាគមន៍ប្រជាពលរដ្ឋនៅខណ្ឌដង្កោ។
ការអំពាវនាវរបស់លោកអភិបាលធ្វើឡើង ខណៈដែលលោកបានកំពុងដឹកនាំកំលាំងចេញទៅជួយប្រជាពលរដ្ឋដែលក្នុងបុរីមួយកន្លែង និងត្រួតពិនិត្យតាមដងផ្លូវដែលទឹកលិច នាយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០។
សូមបញ្ជាក់ផងដែរថា៖ (បើបងប្អូនប្រជាពលរដ្ឋត្រូវការអាជ្ញាធរជួយសង្រ្គោះពាក់ព័ន្ធនឹងទឹកជំនន់នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ សូមទូរស័ព្ទ៖ 088 885 7594)។
លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការ នគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា៖ រហូតមកដល់វេលាម៉ោងនេះ (១១និង៤១នាទីយប់) ថ្ងៃទី១៤ ខែតុលា នេះ ការចេញប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកស្ទឹងព្រែកត្នោតនៅតែបន្ត ជាពិសេសនៅបុរីវីអាយភី និងបុរីរតន:ភ្នំពេញ ៕ដោយ៖ សុខ ខេមរា