អន្តរជាតិ៖ អាជ្ញាធរនៅទីក្រុងជាស៊ីង (Jiaxing) នៅខេត្ត ជីជាំង (Zhejiang) ប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍ទី១៥ ខែតុលាម្សិលមិញនេះបានអះអាងថា ប្រជាជនចិនរស់នៅក្នុងទីក្រុងមួយនេះ ដែលមានវ័យចន្លោះ ១៨–៥៩ឆ្នាំ អាចស្វែងរកការពិគ្រោះយោបល់នៅតាមគ្លីនិក ដើម្បីស្នើសុំការចាក់វ៉ាក់សាំង COVID-19 មួយប្រភេទរបស់ក្រុមហ៊ុន សាយណូវ៉ាក់ (Sinovac Biotech) ដែលអាជ្ញាធរចិនបាននិងកំពុងផ្តល់ឲ្យបុគ្គលិកសុខាភិបាល។
បើតាមសារព័ត៌មាន CNA បានចុះផ្សាយនៅល្ងាចថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២០នេះថា វ៉ាក់សាំង COVID-19 នេះសាកល្បងមួយប្រភេទតម្លៃប្រហាក់ប្រហែល ៦០ដុល្លារអាមេរិក ដែលតម្រូវឲ្យចាក់ពីរដង បានចាប់ផ្តើមដាក់ចេញឲ្យប្រជាជនចិនមួយចំនួន អាចប្រើបានក្នុងទីក្រុងមួយនៅភាគខាងកើតប្រទេស។
ដោយឡែកអាជ្ញាធរចិន ក៏មិនបានប្រាប់ថា មនុស្សប៉ុន្មាននាក់ហើយក្នុងទីក្រុង បានទទួលការចាក់វ៉ាក់សាំងនេះផងដែរ ដែលវាតម្រូវឲ្យចាក់ពីរលើកក្នុងគម្លាតរយៈពេលរហូតដល់ ២៨ថ្ងៃពីគ្នា និងមានតម្លៃសរុប ៤០០យាន់ ឬស្មើនឹងជិត ៦០ដុល្លារ។ ខណៈដែលការស្នើសុំចាក់វ៉ាក់សាំងនេះ គឺអាចធ្វើឡើងក្នុងករណីពួកគេត្រូវការវាជាចាំបាច់ ប៉ុន្តែសេចក្តីថ្លែងការណ៍របស់អាជ្ញាធរប្រយុទ្ធប្រឆាំងជំងឺឆ្លងនៃទីក្រុងJiaxing មិនបានបញ្ជាក់ឲ្យច្បាស់ថា «អ្វីទៅជាតម្រូវការចាំបាច់បន្ទាន់» នោះទេ។
សូមជម្រាបថា រដ្ឋាភិបាលចិន បានផ្តល់វ៉ាក់សាំងសាកល្បងមួយប្រភេទ ដល់បុគ្គលិកផ្នែកសំខាន់ៗរាប់ម៉ឺននាក់ ដែលបម្រើការងារនៅតាមកំពង់ផែ មន្ទីរពេទ្យ និងកន្លែងប្រឈមហានិភ័យខ្ពស់ដទៃទៀត នៅទូទាំងប្រទេស រីឯនិស្សិតដែលចេញទៅសិក្សានៅក្រៅប្រទេស ក៏ទទួលបានការចាក់វ៉ាក់សាំងដែរ។
គួរបញ្ជាក់ដែរថា បើទោះបីជាវ៉ាក់សាំង COVID-19 របស់ចិនមានសរុប ១១ប្រភេទ បានចូលដល់ដំណាក់កាលធ្វើតេស្តលើមនុស្ស ហើយក្នុងនោះ ០៤កំពុងស្ថិតក្រោមការសាកល្បង ដំណាក់កាលទី៣ក៏ដោយ មិនទាន់មានវ៉ាក់សាំងណាមួយត្រូវបានអនុញ្ញាតជាផ្លូវការ សម្រាប់ការចែកចាយឲ្យប្រើប្រាស់ជាទ្រង់ទ្រាយធំ តែម្តងនោះឡើយ៕ដោយ៖ស តារា