ខេត្តបាត់ដំបង៖ នៅថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២០ លោក គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំងតំណាងដ៏ខ្ពង់ខ្ពស់បំផុត និងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់ព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូង ព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ចែកជូនបងប្អូនប្រជារាស្ត្រទទួលរងគ្រោះដោយជំនន់ទឹកភ្លៀង ៥១១ គ្រួសារ នៅភូមិស្ទឹងចក ភូមិដុបក្រសាំង ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
នៅពិធីនោះក៏មានការអញ្ជើញចូលរួមពី លោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត ទីប្រឹក្សាសម្តេចក្រឡាហោម អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធជាច្រើនទៀតផង។
លោក គុយ សុផល បានប្រសាសន៍ ព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូង ព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសប្រទានព្រះរាជទ្រព្យ ចូលរួមទុក្ខលំបាកជាមួយប្រជារាស្ត្រផងដែរ។
លោក បានគូសបញ្ជាក់ផងដែរថា ព្រះរាជអំណោយ ដែលចែកជូននាពេលនេះរួមមាន អង្ករ ១បាវស្មើនឹង ៥០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង តង់កៅស៊ូ សាប៊ូ ឃីត ១កញ្ចប់ អាវយឺតមួយ និងថវិកា ៤០ ម៉ឺនរៀលផងដែរ៕
ដោយ៖ សិលា