ខេត្តបន្ទាយមានជ័យ៖ លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ តំណាងឲ្យប្រជាពលរដ្ឋក្នុងខេត្តទាំងមូល ព្រមទាំងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធទូទាំងខេត្ត សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានផ្ដល់ថវិកាចំនួន ១០ម៉ឺនដុល្លារ បន្ថែមទៀតដល់ខេត្តបន្ទាយមានជ័យ ដែលរងគ្រោះខ្លាំងជាងគេដោយសារជំនន់ទឹកភ្លៀង។ នេះជាលើកទី២ហើយ ដែលសម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានឧបត្ថម្ភដល់ខេត្តបន្ទាយមានជ័យ ដែលកាលពីលើកទីមួយ សម្តេចបានឧបត្ថម្ភ១០ម៉ឺនដុល្លាររួចមកហើយសម្រាប់ជួយសង្គ្រោះ ប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងនៅក្នុងខេត្តបន្ទាយមានជ័យ ។
សម្តេចតេជោហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតក៏បានឧបត្ថម្ភគ្រួសារសពដែលស្លាប់ ដោយជំនន់ទឹកភ្លៀង២០នាក់ដោយក្នុងមួយគ្រួសារៗចំនួន១០លានរៀល គ្រប់ខេត្តដែលទទួលរងគ្រោះទឹកជំនន់និងមានប្រជាពលរដ្ឋស្លាប់។
ជាមួយគ្នានេះដែរ លោក អ៊ុំ រាត្រី សូមគោរពដឹងគុណជានិច្ចចំពោះទឹកចិត្តសប្បុរសរបស់សម្តេច ដែលតែងតែយកចិត្តទុកដាក់សន្តោសប្រណីអាណិតស្រឡាញ់ដល់ប្រជាពលរដ្ឋគ្រប់រូប។ សូមគោរពជូនពរ សម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី បានប្រកបដោយពុទ្ធពរទាំងឡាយបួនប្រការគឺៈ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមបញ្ជាក់ថា៖ នៅខេត្តបន្ទាយមានជ័យ យប់មុិញជំនន់ទឹកភ្លៀង បានវាយលុកទាំងយប់ ហើយលោក អ៊ុំ រាត្រី បានដឹកនាំកម្លាំង អាជ្ញាធរចុះទៅដល់ស្រុកថ្មពួកទាំងយប់នា ម៉ោង១១និង០០នាទីថ្ងៃទី១៧ ខែតុលាការ ជួយអន្តរាគមន៍រំដោះប្រជាពលរដ្ឋរងផលប៉ៈពាល់ទាំងកណ្តាលអាធ្រាត៕
ដោយ៖ សិលា