ខេត្តសៀមរាប ៖ អគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន នៃក្រសួងបរិស្ថាន បានសហការជាមួយសមាគមមគ្គុទេ្ទសក៍សត្វស្លាបកម្ពុជា ដោយមានការគាំទ្រពីគម្រោងព្រៃឡង់បៃតង បានរៀបចំការតាំងពិព័រណ៌សត្វស្លាបកម្ពុជា ជាលើកទី២ ក្រោមប្រធានបទ «ការមើលសត្វស្លាបផ្សារភ្ជាប់ជាមួយទេសចរណ៍ធម្មជាតិ»។
ការប្រារព្ធតាំងពិព័រណ៍សត្វស្លាបកម្ពុជានេះបានប្រព្រឹត្តទៅនាថ្ងៃសៅរ៍ ទី១៧ ខែតុលា ឆ្នាំ២០២០
រៀបចំឡើងចំនួន២ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ នៅតាមបណ្តោយសួនច្បារមាត់ស្ទឹង នៃទីរួមខេត្តសៀមរាបក្រោមការដឹកនាំដោយ លោក ជួប ប៉ារីស៍ អគ្គនាយកចំណេះដឹង និងព័ត៌មានបរិស្ថាន ជាតំជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងនិងមានការចូលរួមពីលោក ង៉ាន់ ភិរុណ អភិអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប និង លោក អ៊ុន ចក្រី អ្នកតំណាងនៃគម្រោង USAID ព្រៃឡង់។ដោយឡែកក៏មានការចូលរួមពីមន្រ្តី មន្ទីរបរិស្ថានខេត្ត អង្គការដៃគូជាតិ-អន្តរជាតិ ស្ថាប័នពាក់ព័ន្ធផ្សេងៗ យុវជនកាកបាទក្រហម យុវជនស.ស.យ.ក ក្រុមកាយរិទ្ធ សិស្សានុសិស្ស ប្រជាសហគមន៍ ភ្ញៀវទេសចរជាតិ-អន្តរជាតិ ក្រុមអ្នកថតរូបសត្វស្លាប និងធម្មជាតិ សរុបប្រមាណជា ២០០នាក់ផងដែរ។
លោក អ៊ុន ចក្រី អ្នកតំណាងនៃគម្រោង USAID ព្រៃឡង់ បានមានប្រសាសន៍ថា គោលបំណងនៃការរៀបចំពិព័រណ៌សត្វស្លាបនេះ គឺ
១.ផ្សព្វផ្សាយពីសក្តានុពលសត្វស្លាបកម្ពុជា នៅតាមតំបន់ការពារធម្មជាតិក្នុងប្រទេសកម្ពុជាដល់សាធារណជនជាតិនិងអន្តរជាតិស្វែងយល់កាន់តែច្បាស់។
២.បង្កើនចំណេះដឹងដល់សាធារណជនអំពីសារសំខាន់នៃសត្វស្លាប និងការងារអភិរក្សនៅកម្ពុជា
៣.បណ្តុះចិត្តស្រឡាញ់ និងការចូលរួមពីសាធារណជន ជាពិសេសយុវជន ក្នុងការថែរក្សា និងអភិរក្សសត្វស្លាបនៅកម្ពុជា
៤.ទាក់ទាញដល់វិស័យទេសចរណ៍នៅតាមតំបន់ការពារធម្មជាតិ ដោយរួមបញ្ចូលសកម្មភាពមើលសត្វស្លាប ដើម្បីលើកកម្ពស់ជីវភាពសហគមន៍។
លោក អ៊ុន ចក្រី បានមានប្រសាសន៍ទៀតថា ការអភិរក្សជីវៈចម្រុះ ដូចជាព្រៃឈើ សត្វព្រៃ និងសត្វស្លាបជាដើមនេះ គឺជាផ្នែកមួយស្ថិតក្នុងគោលដៅអភិរក្សរបស់គម្រោង USAID ព្រៃឡង់ ដែលផ្តោតទៅលើការការពារ និងអភិក្សធនធានធម្មជាតិផ្សេងៗនៅក្នុងតំបន់ទេសភាពព្រៃឡង់។ ដោយមានការយកចិត្តទុកដាក់ យើងបានដាក់ប្រព័ន្ធកាមេរ៉ា ដើម្បីចាប់រូបភាពតាមដានអំពីប្រភេទសត្វស្លាបនីមួយៗដែលមាននៅក្នុងព្រៃនៃតំបន់ការពារធនធានធម្មជាតិ ផងដែរ។ ជាលទ្ធផលយើងទទួលបានវត្តមាននៃប្រភេទសត្វស្លាបកម្រមួយចំនួន ដូចជា ត្រយ៉ងយក្ខ ត្រយ៉ងចង្ក្រមពណ៌ស ទាព្រៃស្លាបស ត្មាតជាដើម។ល។និង។ល។
ជាមួយគ្នានេះដែរ លោក ជួប ប៉ារីស៍ បានមានប្រសាសន៍ថា «ការអភិវឌ្ឍសត្វព្រៃប្រកបដោយចីរភាពនៅក្នុងបរិបទសង្គម យើងចាំបាច់ត្រូវគិតគូរអំពីសសរស្តម ៣យ៉ាង គឺ ទី១.កត្តាសេដ្ឋកិច្ច ទី២.កត្តាសន្តិសុខ និងសុខុមាលភាពសង្គម និងទី៣.កត្តាបរិស្ថាន»។ដោយឡែកវិស័យ «ទេសចរណ៍ធម្មជាតិ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍ និងបានរួមចំណែកក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ក៏ដូចជាការអភិវឌ្ឍសង្គមជាតិតាមរយ:ភ្ញៀវទេសចរណ៍មកទស្សនា។ នៅក្នុងតំបន់ការពារធម្មជាតិនៃប្រទេសកម្ពុជា មានសក្តានុពលយ៉ាងខ្លាំងក្នុងការប្រែក្លាយទៅជាតំបន់ទេសចរណ៍សត្វស្លាប។ជាមួយនេះនឹងធ្វើឲ្យមានកំណើននៃចំនួនភ្ញៀវទេសចរណ៍ បានជួយបង្កើនប្រាក់ចំណូលបន្ថែមដល់ប្រជាសហគមន៍ និងជាពិសេសបានលើកទឹកចិត្តសហគមន៍ក្នុងការចូលរួមថែរក្សា និងអភិរក្សសត្វស្លាបផងដែរ»។
ពិព័រណ៍សត្វស្លាបនេះ មានស្តង់សម្រាប់ដាក់តាំងបង្ហាញនូវរូបភាពនៃប្រភេទសត្វស្លាបជាច្រើនប្រភេទ សៀវភៅគំនូរ សៀវភៅផ្សព្វផ្សាយអំពីបរិស្ថានផ្សេងៗ សមិទ្ធផល និងផលិតផលរបស់ប្រជាសហគមន៍ដែលរស់នៅក្នុងតំបន់ការពារ និងអភិរក្សធនធានធម្មជាតិជាច្រើនទៀត៕