Tottenham បានត្រឹមស្មើ West Ham ខណៈ Leicester City ចាញ់យ៉ាងអាម៉ាស់ក្នុងទឹកដី

ចែករំលែក៖

ក្រុមមាន់ខ្នាយមាស Tottenham Hotspur បានត្រឹមស្មើជាមួយក្រុមភ្ញៀវ West Ham United ៣ទល់៣ កាលពីយប់មិញ ក្នុងការប្រកួតក្របខ័ណ្ឌអង់គ្លេស Premier League សប្តាហ៍ទី៥ រដូវកាល២០២០-២០២១។

ក្រុមម្ចាស់ផ្ទះ Tottenham Hotspur បាននាំមុខក្រុមភ្ញៀវនៅតង់ទី១រហូតដល់ទៅ៣គ្រាប់ ពោលគឺចាប់ផ្តើមប្រកួតតែ១នាទី ខ្សែប្រយុទ្ធឆ្នើមសញ្ជាតិកូរ៉េខាងត្បូង Son Heung-Min រកបាន១គ្រាប់នាំមុខ ហើយនៅនាទីទី៨ និងនាទីទី១៦ ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស និងជាប្រធានក្រុម Harry Kane រកបាន២គ្រាប់បន្ថែមទៀត ធ្វើឲ្យក្រុមម្ចាស់ផ្ទះនាំមុខក្រុមភ្ញៀវ West Ham ៣ទល់០។

ចូលដល់តង់ទី២ ក្រុមម្ចាស់ផ្ទះហាក់ដូចជាធ្វើមិនបានល្អ ដោយផ្តល់ឱកាសឲ្យក្រុមភ្ញៀវរកបាន១គ្រាប់តាមពីក្រោយដោយកីឡាករ Balbuena នៅនាទីទី៨២។ មិនបានប៉ុន្មាននាទីផងខ្សែការពារ Sánchez  របស់ក្រុម Tottenham Hotspur បានភ្លាត់ស្នៀតទាល់ចូលទីខ្លួនឯង ធ្វើឲ្យក្រុមភ្ញៀវ West Ham រកបាន២គ្រាប់បន្ថែមទៀត ហើយនៅនាទីទី៩០+៣ ជិតចប់ការប្រកួតទៅហើយក្រុមម្ចាស់ផ្ទះបានបង្កើតឱកាសឲ្យក្រុមភ្ញៀវរកបាន១គ្រាប់បន្ថែមទៀតដោយកីឡាករ Lanzini ធ្វើឲ្យចប់ការប្រកួតក្រុមទាំង២បានត្រឹមលទ្ធផលស្មើគ្នា៣ទល់៣។

ដោយឡែកក្រុមម្ចាស់ផ្ទះ Leicester City បានភ្លាត់ស្នៀតចាញ់ក្រុមភ្ញៀវ Aston Villa ១ទល់០ ដែលធ្វើឲ្យក្រុម Leicester City ចាញ់២ប្រកួតជាប់ៗគ្នាក្នុងការប្រកួតក្របខ័ណ្ឌលីគកំពូលអង់គ្លេសរដូវកាលនេះ នៅក្នុងទឹកដីរបស់ខ្លួន។

១គ្រាប់របស់ក្រុមភ្ញៀវ Aston Villa រកបានដោយកីឡាករ Barkley នៅនាទីទី៩០ជិតចប់ការប្រកួតទៅហើយ ដែលធ្វើឲ្យក្រុមឡើងជើងមួយនេះបន្តឈ្នះក្រុម​ខ្លាំង២ប្រកួតជាប់គ្នា។

សម្រាប់លទ្ធផលកាលពីយប់មិញធ្វើឲ្យក្រុម Aston Villa ទទួលបាន៣ពិន្ទុឡើងទៅឈរលេខ២បណ្តោះអាសន្នក្នុងតារាងលីគកំពូលអង់គ្លេស ខណៈក្រុម Leicester City ឈរចំណាត់ថ្នាក់លេខ៤។ ចំណែកក្រុមមាន់ខ្នាយមាស Tottenham Hotspur ឈរចំណាត់ថ្នាក់លេខ៦ និងក្រុម West Ham ឈរចំណាត់ថ្នាក់លេខ៨។ ការប្រកួតលីគកំពូលអង់គ្លេសមាន២គូទៀតដែលនឹងត្រូវប្រកួតនៅរាត្រីនេះគឺក្រុម West Brom ប៉ះជាមួយក្រុម Burnley វេលាម៉ោង១១និង៣០នាទីយប់ និងក្រុម Leeds United ប៉ះជាមួយក្រុម Wolverhampton វេលាម៉ោង២រំលងអធ្រាត្រម៉ោងនៅកម្ពុជា ៕ដោយ៖ភារៈ

...

        

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print