យោងតាមរបាយការណ៍បានលើកឡើងថា កីឡាកររបស់ក្រុមBarcelona ចំនួន៣ នាក់មិនចង់ចុះហត្ថលេខាលើលិខិតពន្យារពេលប្រាក់ឈ្នួលថ្មីឡើយ។ ក្លិបកំពុងតែកាត់បន្ថយការចំណាយបន្ថែមទៀតនៅរដូវក្តៅខាងមុខនេះដោយសារតែវិបត្តិជំងឺរាតត្បាតកូវីដ-១៩ឆ្លងរាលដាលបន្តប៉ះពាល់ដល់ហិរញ្ញវត្ថុរបស់ក្លិប។
កាលពីប៉ុន្មានថ្ងៃមុនសារព័ត៌មាន RAC1 បានរាយការណ៍ថា សមាជិកក្រុមបាល់ទាត់ បាសេឡូណាដំបូងបានផ្ញើលិខិតបញ្ជាក់មួយទៅក្រុមប្រឹក្សាភិបាលរបស់ក្លិបដើម្បីបដិសេធការផ្តល់ជូនថ្មីនៃការកាត់ប្រាក់ឈ្នួលរបស់ពួកគេ។
ទោះយ៉ាងណាសារព័ត៌មានក្នុងស្រុកបានឲ្យដឹងថា កីឡាករ៣ នាក់មិនយល់ស្របជាមួយមិត្តរួមក្រុមរបស់ពួកគេទេ ហើយបានសម្រេចចិត្តប្រឆាំងនឹងការចុះហត្ថលេខាលើឯកសារនេះ។ កីឡាករទាំង៣នាក់នោះគឺកីឡាករ Marc-Andre ter Stegen, Frenkie de Jong និង Clement Lenglet ។
ក្លិប Barcelona បានខាតបង់ ២០០ លានអឺរ៉ូកាលពីរដូវកាលមុនដោយសារជំងឺរាតត្បាតកូវីដ-១៩ ដែលបណ្តាលឱ្យការប្រកួតត្រូវបិទទ្វារ។ វិបត្តិសេដ្ឋកិច្ចដែលបណ្តាលមកពីកូវីដ-១៩ ក៏បានជះឥទ្ធិពលដល់ការលក់ទំនិញសម្រាប់ក្លិបបាល់ទាត់ទាំងអស់ផងដែរ។
វិធានការចុងក្រោយដែលក្រុម Barcelona ចង់ដាក់ គឺការពន្យារពេលប្រាក់ឈ្នួលដែលមានន័យថា កីឡាករនឹងទទួលបានប្រាក់ចំណូលរបស់ពួកគេនៅថ្ងៃក្រោយជាជាងបាត់បង់ភាគរយនៃប្រាក់ខែរបស់ពួកគេដូចការកាត់ពីមុនមក ៕ដោយ៖ភារៈ