នាយករដ្ឋមន្ត្រីថ្មីជប៉ុនលោក Suga Yoshihide បានចាប់ផ្តើមបំពេញទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម កាលពីថ្ងៃទី១៨ ខែតុលា ដល់ថ្ងៃទី ២០ ខែតុលាឆ្នាំ២០២០ ដែលជាដំណើរទស្សនកិច្ចដំបូងបំផុតរបស់លោកទៅក្រៅប្រទេសចាប់តាំងពីឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីជប៉ុន។
អគ្គរដ្ឋទូតវៀតណាម បានលើកឡើងថា ការដែលនាយករដ្ឋមន្ត្រីថ្មីជប៉ុនជ្រើសរើសវៀតណាមសម្រាប់ដំណើរទស្សនកិច្ចលើកដំបូងរបស់លោក ដោយសារតែជប៉ុន ចាត់ទុកវៀតណាម ជាដៃគូដ៏សំខាន់បំផុតនៅក្នុងចំណោមប្រទេសតំបន់អាស៊ាន។
ជាទូទៅនាយករដ្ឋមន្ត្រីជប៉ុន តែងតែជ្រើសរើស ប្រទេសដែលជាដៃគូធំៗក្នុងវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម ដើម្បីបំពេញទស្សនកិច្ច ក្នុងនោះមានអាមេរិក អឺរ៉ុប ឬប្រទេសចិន …សម្រាប់ គោលនយោបាយការបរទេស និងសេដ្ឋកិច្ច ។ ផ្ទុយទៅវិញលោកនាយករដ្ឋមន្ត្រីបែជាជ្រើសរើសវៀតណាមទៅវិញ ធ្វើឲ្យមានសំណួរជាច្រើនចោទសួរឡើង ពីសារសំខាន់របស់វៀតណាម ក្នុងគោលនយោបាយការបរទេស របស់លោក Suga Yoshihide ។
ចាប់តាំងពីឆ្នាំ១៩៩២ ជប៉ុនបានចាប់ផ្តើមផ្តល់ជំនួយដល់វៀតណាម ជាថ្មី ដើម្បីធ្វើឲ្យទំនាក់ទំនងប្រទេសទាំងពីរកាន់តែប្រសើរឡើង។ នៅឆ្នាំ២០១២វៀតណាម បានក្លាយជាប្រទេសដំបូង ដែលនាយករដ្ឋមន្ត្រី អាបេ ជ្រើសរើសសម្រាប់បំពេញទស្សនកិច្ចពេលជាប់ឆ្នោត ហើយលើកនេះ នាយករដ្ឋមន្ត្រីថ្មីរបស់ជប៉ុន ឡើងជំនួយតំណែងលោកអាបេ ក៏បានជ្រើសយកវៀតណាម សម្រាប់បំពេញទស្សនកិច្ចក្រៅប្រទេសផងដែរ។ ទាំងនោះបានបង្ហាញយ៉ាងច្បាស់ថាវៀតណាម និងជប៉ុន បានទុកចិត្តគ្នាយ៉ាងល្អ ។
មួយវិញទៀត ការជ្រើសរើសវៀតណាមសម្រាប់បំពេញទស្សនកិច្ចនាពេលនេះក៏ជារឿងសមហេតុផល ដោយវៀតណាមជាប្រទេស ទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ បានយ៉ាងល្អបំផុត ដោយមិនមានករណីឆ្លងថ្មីក្នុងសហគមន៍ឡើយ ។ ដូច្នេះដំណើរទស្សនកិច្ច មកកាន់វៀតណាម ប្រកបដោយសុវត្ថិភាព មិនខ្វល់ពីការឆ្លងដូចនៅ អាមេរិក អឺរ៉ុប…៕ដោយ៖ធី រីណា