គិតដល់ល្ងាចថ្ងៃទី១៨ខែតុលាឆ្នាំ២០២០ តំបន់អឺរ៉ុបមានករណីស្លាប់ ដោយកូវីដ-១៩កើនឡើងដល់ទៅជាង២៥០.០០០នាក់ ក្លាយជាតំបន់ដែលរងគ្រោះធ្ងន់លំដាប់ទីពីរលើពិភពលោក។
តាមសារព័ត៌មាន AFP បានផ្សាយថា ចំនួនអ្នកឆ្លងនៅក្នុងតំបន់អឺរ៉ុប កើនឡើងខ្ពស់ គួរឲ្យបារម្ភ។ អឺរ៉ុបមានករណីស្លាប់ច្រើនជាងគេបន្ទាប់ពីអាមេរិកឡាទីន និងCaribbean ជាតំបន់ដែលមានអ្នកស្លាប់ដោយកូវីដ-១៩ ជាង ៣៥០.០០០ នាក់។ ចំនួនអ្នកស្លាប់នៅតំបន់អឺរ៉ុបភាគច្រើនគឺនៅក្នុងប្រទេសអង់គ្លេស មានអ្នកស្លាប់ ស្មើនឹង១/៥នៃអ្នកស្លាប់ជាង២៥០.០០០នាក់នៅអឺរ៉ុប។
បច្ចុប្បន្នអឺរ៉ុបកំពុងប្រឈមការឆ្លងរាលដាលខ្ពស់សារជាថ្មី ក្នុងនោះប្រទេសបារាំងមានករណីឆ្លងថ្មីដល់ទៅ៣ម៉ឺននាក់ នៅថ្ងៃទី១៨ខែតុលា។ ចំណែកថ្ងៃទី១៧ខែតុលា បារាំងរកឃើញអ្នកឆ្លងដល់ទៅ ៣២ ៤២៧ ករណី ។ ក្នុងចំណោមអ្នកជំងឺកូវីដ-១៩ នៅបារាំង មានអ្នកជំងឺធ្ងន់ដល់ទៅ១.៩០០នាក់ កំពុងព្យាបាលក្នុងបន្ទប់ពិសេស។
ដោយមានការឆ្លងច្រើន ប្រធានាធិបតីបារាំង លោកម៉ាក្រុង បានសម្រេចអនុម័តច្បាប់បម្រាមគោចរចាប់ពីវេលាម៉ោង២១ ដល់ម៉ោង៦ព្រឹក នៅក្នុងទីក្រុងចំនួន៩ រួមទាំងទីក្រុងប៉ារីសផងដែរ
បច្ចុប្បន្ននៅទូទាំងពិភពលោក មានករណីឆ្លងកូវីដ-១៩ កើនឡើងដល់ទៅ ជាង៤០លាននាក់ហើយទូទាំងពិភពលោក។
តាមតួលេខរបស់គេហទំព័រ Worldometer គិត ត្រឹមម៉ោង១០ព្រឹកថ្ងៃទី១៩ខែតុលា នៅលើពិភពលោក មានករណីឆ្លងកើនឡើងដល់ ៤០.២៧៨.២០៧ នាក់ និងស្លាប់១.១១៨.៣២១នាក់ ក្នុងនោះក៏មានអ្នកព្យាបាលជាសះស្បើយដល់ទៅ ៣០.១១២.២០៤ នាក់ផងដែរ។ អាមេរិក ឥណ្ឌា និងប្រេស៊ីល មានករណីឆ្លងច្រើនជាងគេបំផុត ដោយគ្រាន់តែ៣ប្រទេសនេះមានអ្នកឆ្លងជាង ២០លាននាក់ និងស្លាប់ជិត៥សែននាក់ ៕ដោយ៖ធី រីណា