ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃចន្ទ ៣កើត ខែកត្តិត ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២០ នេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយលោក រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ជាប្រធានមុខព្រួញ ក្រុមការងារបច្ចេកទេស និងលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ បានចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅតាមបណ្តាខេត្តពាយ័ព្យ ដែលតំបន់ទំនាបខ្លះបានលិចលង់ និងតំបន់ខ្លះកំពុងប្រឈមនឹងជំនន់ទឹកភ្លៀង ដោយសារបានទទួលបរិមាណទឹកភ្លៀងធ្លាក់យ៉ាងច្រើនលើសលប់ រួមផ្សំជាមួយនឹងលំហូរទឹកពីផ្នែកខាងលើប្រទេសថៃបន្ថែម ហើយបច្ចុប្បន្ននេះ កម្ពុជា បាន និងកំពុងស្ថិតនៅជ្រលងវិសម្ពាធទាប នឹងអាចមានភ្លៀងធ្លាក់បន្តទៀតហូតដល់ថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២០ ។
ក្នុងដំណើរបេសកកម្ម ចុះពិនិត្យ និងអន្តរាគមន៍ដោះស្រាយជំនន់ទឹកភ្លៀងបណ្តាខេត្តនៅតំបន់ខាងលើ លោករដ្ឋមន្រ្តី បានមានប្រសាសន៍បញ្ជាក់ថា ក្រសួងបានចាត់បញ្ជាតាមដានជាប់ជាប្រចាំ ដោយបើករាល់បណ្តាទ្វារទឹកផ្នែកខាងលើ សម្រាប់សម្រួលចរន្តទឹកហូរចុះទៅក្នុងបឹងទន្លេសាប ដើម្បីបញ្ជៀស និងបន្ថយការលិចលង់ តាំងពី ០៣ ថ្ងៃ មុនរួចស្រេច ជាក់ស្តែងនៅវេលាម៉ោង ០៦ ព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០២០ នេះលោករដ្ឋមន្រ្តី ក៏បានបញ្ជាផ្ទាល់ឲ្យមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ ប្រើគ្រឿងចក្រកាត់តួរទំនប់ត្រពាំងវែង ស្ថិតនៅសង្កាត់កូនក្រៀល ក្រុងសំរោង ដោយផ្តាច់ទំនប់ប្រវែង ២០ ម៉ែត្រ ដើម្បីកាត់បន្ថយបិរមាណទឹកហូរខ្លាំង កុំឲ្យបានប៉ះពាល់ និងលិចលង់ដល់លំនៅដ្ឋានប្រជាពលរដ្ឋនៅក្បែរទំនប់នោះ ។
ជាពិសេស ចំពោះការចុះតាមដានស្ថានភាពជំនន់ទឹកភ្លៀងក្នុងខេត្តបន្ទាយមានជ័យនាព្រឹកនេះ លោករដ្ឋមន្រ្តី និងក្រុមការងារ រួមជាមួយលោក សេរី កុសល អ្នកតំណាងរាស្ត្រមណ្ឌលបន្ទាយមានជ័យ បានចុះពិនិត្យផ្ទាល់នៅទំនប់អាងទឹកត្រពាំងថ្ម ក្នុងស្រុកភ្នំស្រុក ដែលមានបរិមាណទឹកយ៉ាងច្រើនក្នុងអាងប្រមាណ ១៦០ លានម៉ែត្រគូប (កម្រិតរក្សាទឹកអតិបរមា ១៨០ លានម៉ែត្រគូប) ដោយទទួលប្រភពទឹកមួយភាគធំពីច្រកគោករមៀត (អូរកំបុត) និងមានភ្លៀងធ្លាក់ខ្លាំងក្នុងតំបន់នាពេលកន្លងមក ពេលនេះក្រុមការងារក្រសួងកំពុងបន្តបើកទ្វារទឹកទាំងអស់ ដើម្បីរំដោះទឹកឲ្យហូរចុះទៅបឹងទន្លេសាប តាមប្រឡាយមេធំៗចំនួន ០៣ ខ្សែ ។
ចំពោះស្ថានភាពប្រឈមជំនន់ទឹកភ្លៀងនាពេលបច្ចុប្បន្ននេះ លោករដ្ឋមន្រ្តី ថ្នាក់ដឹកនាំក្រសួងជាប្រធានមុខព្រួញ និងប្រធានមន្ទីរធនធានទឹក និងឧតុនិយមតាមបណ្តាខេត្តពាយ័ព្យ បានបន្តតាមដានយ៉ាងយកចិត្តទុកដាក់បំផុត និងកំពុងអន្តរាគមន៍យ៉ាងសស្រាក់សស្រាំ ថែមទាំងបានចល័តគ្រឿងចក្រធុនធ្ងន់ មធ្យោបាយនិងសម្ភារ:ផ្សេងៗទៀត មកដល់គោលដៅជាច្រើនថ្ងៃហើយ ដើម្បីការពារ និងកាត់បន្ថយផលប៉ះពាល់ឲ្យបានជាអតិបរមាដល់លំនៅដ្ឋាន ហេដ្ឋារចនាសម្ព័ន្ធ និងផ្ទៃដីដាំដុះរបស់បងប្អូនប្រជាពលរដ្ឋ ជាមួយគ្នានេះដែរ ក៏បានត្រៀមលក្ខណ:ជាមុន ចំពោះការទប់រក្សាទឹកទុកក្នុងអាងពេលទឹកជំនន់ចាប់ផ្តើមស្រកទៅវិញ សម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ និងការងារបង្កបង្កើនផលនាពេលខាងមុខ ៕
ដោយ៖ សុខ ខេមរា