រដ្ឋសភាកម្ពុជា-កូរ៉េ បានពង្រឹងពង្រីកខណៈវិស័យពាណិជ្ជកម្ម ការផ្លាស់ប្តូរប្រជាជន​ប្រទេសទំាងពីររីកចម្រើនជាលំដាប់

ចែករំលែក៖

ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ បានទទួលជួប លោក ប៉ាក់ ហឿងឃ្យុង (H.E. Mr. Park Heung-Kyeong) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េ ទើបតែងតាំងថ្មី ប្រចំាព្រះរាជាណាចក្រកម្ពុជា នៅវិមានរដ្ឋសភា។

ក្នុងឱកាសនោះ លោក ប៉ាក់ ហឿងឃ្យុង បានជម្រាបជូនសម្តេច ពីសំណើដំណើរទស្សនកិច្ចរបស់ លោក Park Byeong-seug ប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ មកកាន់ព្រះរាជាណាចក្រកម្ពុជា នាដើមខែវិច្ឆិកា ខាងមុខនេះ ក្នុងការពង្រឹងពង្រីក បង្កើនកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទាំងពីរឲ្យកាន់រឹងមាំឡើង។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានស្វាគមន៍ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ មកកាន់កម្ពុជា ហើយរដ្ឋសភាកម្ពុជាត្រៀមស្វាគមន៍ដំណើរទស្សនកិច្ចដ៏មានសារៈសំខាន់នេះ ឱ្យបានល្អ។

សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងប្រទេសទាំងពីរនាពេលកន្លងមក ដែលបាននាំមកនូវឧត្តមប្រយោជន៍ សម្រាប់ប្រជាជនទាំងសងខាង និងបានស្វាគមន៍ចំពោះបេសកកម្មរបស់ លោក ប៉ាក់ ហឿងឃ្យុង នៅកម្ពុជា។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកឡើងថា សាធារណរដ្ឋកូរ៉េ បាន និងកំពុងដើរតួយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍប្រទេសកម្ពុជា ដូចជាហេដ្ឋារចនា សម្ព័ន្ធ សុខាភិបាល និងអភិវឌ្ឍន៍ជនបទជាដើម។ សម្តេចបានស្នើសុំសាធារណរដ្ឋកូរ៉េបន្ថែមចំនួនកូតាពលរដ្ឋខែ្មរ ទៅធ្វើការងារនៅកូរ៉េទៀត។ 

លោក ប៉ាក់ ហឿងឃ្យុង បានគំាទ្រប្រសាសន៍លើកឡើងរបស់សម្តេចប្រធានរដ្ឋសភា និងបានជម្រាបសម្តេច អំពីការរីកចម្រើនខាងផ្នែកនយោយបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការផ្លាស់ប្តូរប្រជាជននៃប្រទេសទំាងពីរ នៅក្នុងរយៈពេលចុងក្រោយនេះ មានការរីកចម្រើនខ្លំាងគួរឲ្យកកត់សម្គាល់។ ទំហំពាណិជ្ចកម្មកម្ពុជា-កូរ៉េនៅឆ្នាំ២០១៩ បានកើនដល់ ១ពាន់លានដុល្លារ ហើយទុនវិនិយោគកូរ៉េ នៅកម្ពុជា មានជាង៥ពាន់លានដុល្លារ ដែលនាំកូរ៉េ ក្លាយជាប្រទេសទី២ក្នុងការវិនិយោគនៅកម្ពុជា។ ចំណែកពលរដ្ឋកម្ពុជា ដែលកំពុងធ្វើការនៅសាធារណរដ្ឋកូរ៉េ មានប្រមាណ៤ម៉ឺននាក់។

លោកឯកអគ្គរដ្ឋទូត បានជម្រាបសម្តេចប្រធានរដ្ឋសភាថា នៅឆ្នាំខាងមុខសាធារណរដ្ឋកូរ៉េនឹងផ្តល់ជំនួយដល់កម្ពុជាបន្ថែម ខាងផ្នែកដោះមីន ហើយនិមិត្តរូបនៃទំនាក់ទំនងប្រទេសទំាងពីរមួយ អាចលេចជារូបរាងដែរ គឺជំនួយសាងសង់ស្ពានមិត្តភាពកម្ពុជាកូរ៉េ ឆ្លងកាត់ទន្លេមេគង្គនោះ៕ដោយ៖ស សម

...

       

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print