កីឡាករសំខាន់ៗ៣រូបរបស់ក្រុមបិសាចក្រហម Manchester United អាចនឹងមិនបានបង្ហាញខ្លួននៅទឹកដីបារាំងទេ ដោយប្រធានក្រុមកីឡាករHarry Maguire, ខ្សែប្រយុទ្ធ Mason Greenwood និងកីឡាករចំណូលថ្មី Edinson Cavani មិនបានធ្វើដំណើរទៅប្រកួតវគ្គចែកពូលនៃក្របខ័ណ្ឌ Champions League នៅថ្ងៃអង្គារនេះនៅឯទឹកដី Paris St-Germain ទេ។
ខ្សែការពារ Maguire វ័យ២៧ឆ្នាំ រកបាន១គ្រាប់ជួយឲ្យក្រុមទទួលបានជ័យជម្នះ ៤-១ កាលពីថ្ងៃសៅរ៍នៅ Newcastle ប៉ុន្តែ Greenwood អាយុ១៩ឆ្នាំក៏ខកខានការប្រកួតនោះដែរ។ ខ្សែប្រយុទ្ធ Cavani អតីតកីឡាករ PSG ក៏អាចនឹងខកខានក្រោយពីទទួលការហ្វឹកហាត់ចាប់តាំងពីការនៅដាច់ដោយឡែករយៈពេល១៤ ថ្ងៃបានបញ្ចប់។ រីឯខ្សែការពារកណ្តាល Eric Bailly និងខ្សែបម្រើ Jesse Lingard ក៏កំពុងស្រពិចស្រពិលផងដែរ។
អ្នកចាត់ការទូទៅលោក Ole Gunnar Solskjaer បានបញ្ជាក់ថាខ្សែបម្រើ Bruno Fernandes នឹងធ្វើជាប្រធានក្រុមនៅក្នុងទឹកដីបារាំងនៅថ្ងៃអង្គារក្នុងវគ្គជម្រុះតាមពូលនេះ។
លោកសង្ឃឹមថា កីឡាករនឹងមិនមានបញ្ហាទេ។ Edinson ត្រូវការការហ្វឹកហាត់២-៣ថ្ងៃទៀត ប្រហែលជាយើងអាចគិតពីថ្ងៃចុងសប្តាហ៍នេះ។ លោកសង្ឃឹមថា Harry, Eric និងMason ដូចគ្នា ប៉ុន្តែយើងមិនច្បាស់អំពីរឿងនេះទេ ។
ដោយឡែកក្រុម Paris St-Germain អាចនឹងមិនមានខ្សែការពារ Marco Verratti, ខ្សែការពារ Leandro Paredes ខ្សែប្រយុទ្ធ Mauro Icardi និងខ្សែការពារ Thilo Kehrer និង Juan Bernat សម្រាប់ការប្រកួតខាងលើនេះដែរ។
Verratti និង Paredes សុទ្ធតែរងរបួសសាច់ដុំខណៈ Icardi អវត្តមានដោយសារបញ្ហាជង្គង់។ ប៉ុន្តែខ្សែការពារកណ្តាលMarquinhos និងខ្សែបម្រើប្រយុទ្ធ Julian Draxler បានត្រឡប់មកហ្វឹកហាត់នៅសប្តាហ៍នេះ ហើយអាចបង្ហាញខ្លួនបាន។
ខ្សែបម្រើខ្ចីជើង Danilo Pereira អាចបង្ហាញខ្លួនជាលើកដំបូងបន្ទាប់ពីនៅដាច់ដោយឡែកពីគេ បន្ទាប់ពីមានទំនាក់ទំនងជាមួយមិត្តរួមក្រុមព័រទុយហ្គាល់ Cristiano Ronaldo ដែលបានធ្វើតេស្តរកឃើញជំងឺកូវីដ-១៩កាលពីសប្ដាហ៍មុន។
រីឯខ្សែបម្រើស្លាប Angel Di Maria អតីតកីឡាករក្លិបបិសាចក្រហមបានវិលត្រឡប់ពីការនៅដាច់ដោយឡែកពីគេ ខណៈដែលខ្សែបម្រើ Ander Herrera ក៏ទំនងជាប្រឈមមុខនឹងអតីតក្លិបរបស់គាត់ដែរ ។
សូមបញ្ជាក់ថា ការប្រកួតវគ្គចែកពូលក្របខ័ណ្ឌ Champions League នឹងចាប់ផ្តើមនៅរាត្រីនេះ ក្រុមបិសាចក្រហមដែលធ្លាប់ឈ្នះជើងឯកមួយនេះចុងក្រោយកាលពីឆ្នាំ២០០៨ និងត្រូវប៉ះក្រុមម្ចាស់ផ្ទះ PSG នៅក្នុងពូល H នៅវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី២១ តុលា ដោយមានក្រុមម្ចាស់ជើងឯកទួរគី Istanbul Basaksehir និងក្រុមរបស់ប្រទេសអាល្លឺម៉ង់RB Leipzig នៅក្នុងពូលនេះដែរ ៕ដោយ៖ភារៈ