លោកទេសរដ្ឋមន្ត្រី គន់ គីម កោតសរសើរទឹកចិត្តមនុស្សធម៌របស់ម្ចាស់ផលិតកម្មនិងតារាចម្រៀងផលិតកម្ម Galaxy

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ តារាចម្រៀងល្បីៗក្នុងផលិតកម្ម Galaxyក្រោមការដឹកនាំដោយផ្ទាល់ពីលោក ឡេង ណាវ៉ាត្រា មានដូចជាលោក ព្រាប សុវត្ថិភាពខេមកញ្ញា តន់ ចន្ទសីម៉ា និងកញ្ញា សុវណ្ណារីបាន ចុះទៅ ស្រុក មង្គលបុរី នាំស្បៀងអាហារអង្ករ ៥០តោន និងគ្រឿងឧបភោគបរិភោគ ជូនប្រជាពលរដ្ឋដែលកំពុងជន់លិចដោយទឹកភ្លៀងនៅខេត្តបន្ទាយមានជ័យដោយផ្ទាល់។

លោក ទេសរដ្ឋមន្ត្រីគន់ គីម ជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានស្វាគមន៍យ៉ាងកក់ក្ដៅនិងកោតសរសើរនៅទឹកចិត្តមនុស្សធម៌ដ៏ធំធេង របស់ម្ចាស់ផលិតកម្មនិងតារាចម្រៀងផលិតកម្មGalaxy

លោក ទេសរដ្ឋមន្ត្រី គន់ គីម បានចាត់ទុកកាយវិការរបស់លោកឧកញ៉ា ដែល មានអតីតភាពជាក្មេងទីជនបទក្រីក្រ និងជាពលករប្រទេសកូរ៉េខាងត្បូងរូបនេះថា ជាកាយវិការដ៏ល្អប្រសើរ និងជាគំរូមួយនៅក្នុងសង្គមកម្ពុជា។

លោក ទេសរដ្ឋមន្ត្រី ថ្លែងទៅកាន់លោកឡេង ណាវ៉ាត្រា ថា៖ «ការរួមចំណែករបស់លោកឧកញ៉ា ឆ្លើយតបចំសភាពការណ៍ និងតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ដែលគាត់កំពុងជួបការលំបាក និងខ្វះខាត ព្រោះតែទឹកជំនន់។ នេះជាកាយវិការល្អណាស់សម្រាប់សង្គមយើង។ យើងមានបាន យើងថ្កុំថ្កើង ក៏ដោយសារបានការគាំទ្រពីប្រជាជន ដូច្នេះពេលប្រជាជនមានទុក្ខលំបាក យើងត្រូវជួយរំលែកការលំបាករបស់គាត់។ទង្វើល្អដែលយើងបានធ្វើចំពោះគាត់នឹងធ្វើឱ្យជីវិតយើងមិនសាបសូន្យនោះឡើយ»

ជាមួយគ្នានេះដែរលោក ឡេង ណាវ៉ាត្រាបានលើកឡើងនោះចំពោះមុខក្រុមអ្នកសារព័ត៌មានដែលបានចុះទៅយកព័ត៌មានដោយផ្ទាល់ក្នុងសកម្មភាពមនុស្សធម៌នេះថា៖ «នៅពេលដែលឃើញបងប្អូនខ្មែរមានទុក្ខ ខ្ញុំតែងតែមានទុក្ខជាមួយគាត់។ អ៊ីចឹងយើងមានសេចក្តីសុខនៅពេលយើងបានចែករំលែកទៅដល់គាត់ ព្រោះយើងគិតថា ជីវិតយើងរស់មិនវែងទេ ១០ឆ្នាំ២០ឆ្នាំ៣០ឆ្នាំទៀត យើងមិនចឹងថានៅពេលណាអ៊ីចឹងយើងមានឱកាសហ្នឹង អាចជួយគ្នាបាន យើងគួរតែជួយ ព្រោះគាត់ក៏ចង់រស់នៅបានស្រួល គាត់ក៏ចង់មានសេចក្តីសុខ អ៊ីចឹងយើងអាចចែករំលែកទៅគាត់ខ្លះទៅ។ ខ្ញុំគិតថា វាមិនចម្លែកសម្រាប់ខ្ញុំទេ»។ទន្ទឹមគ្នានោះដែរលោក ឡេង ណាវ៉ាត្រា ក៏បានបង្ហាញការគាំទ្រពេញទំហឹងចំពោះសកម្មភាពរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងអាជ្ញាធរដែលបានយកចិត្តទុកដាក់ចំពោះពលរដ្ឋដែលកំពុងជួបទុក្ខជំនន់ទឹកភ្លៀងនៅប្រទេសកម្ពុជា៕ ដោយ៖វឌ្ឍនា

...

           

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print