បុរសម្នាក់បើករថយន្តឡិចស៉ីស បុកបង្កាត់បង្កាន់ដៃដងទង់ព្រះអង្គដងកើបុករូបចម្លាក់ក្បាលនាគ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តម៉ាកឡិចស៉ីស RX300 បត់ថយក្រោយ ជាប់ហ្គែរជ្រុលទៅបុកបង្កាន់ដៃដងទង់ព្រះអង្គដងកើ បណ្ដាលឲ្យបាក់បែកខូចខាត រួចប្រុងបើកទៅមុខ ដើម្បីរត់គេចខ្លួនក៏ស្ទុះទៅបុករូបចម្លាក់ក្បាលនាគ បាក់បែកខូចខាតអស់ជាច្រើនថែមទៀត

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង០២ និង៤០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២០ ខែតុលាឆ្នាំ២០២០នេះ នៅចំណុចព្រះអង្គដងកើ មុខព្រះបរមរាជវាំង តាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិ ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ

បើតាមសម្ដីសន្តិសុខសាលាខណ្ឌដូនពេញម្នាក់ ដែលប្រចាំការនៅទៅនោះ បានឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់កំពុងសម្រាក នៅក្បែរកន្លែងកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក ឡិចស៉ីស RX300 ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2N-8591 ដែលបើកបរដោយបុរសម្នាក់បានធ្វើដំណើរតាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិ ក្នុងទិសដៅពីត្បូងមកជើង ខណៈមកដល់ចំណុចកើតហេតុ បានបត់រថយន្តថយក្រោយ តែជាប់ហ្គែរខ្លាំងពេកក៏ជ្រុលឡើងលើចិញ្ចើមផ្លូវទៅបុកបង្កាន់ដៃដងទង់ព្រះអង្គដងកើ បណ្ដាលឲ្យបាក់បែក ហើយក៏បើកទៅមុខវិញ ស្រាប់តែជ្រុលទៅបុករូបចម្លាក់ក្បាលនាគ បាក់បែកខូចខាតអស់ជាច្រើនទៀត បង្កការភ្ញាក់ផ្អើលដល់ក្រុមសន្តិសុខសាលាខណ្ឌដូនពេញ ចុះមកឃាត់អ្នកបើកបរបានភ្លាមៗ និងរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលជ័យជំនះ ចុះមកអន្តរាគមន៍ និងរាយការណ៍ប្រាប់សមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ខណ្ឌដូនពេញ ចុះពិនិត្យជាក់ស្តែង

ក្រោយកើតហេតុ រថយន្តបង្កត្រូវបានសមត្ថកិច្ចជំនាញចរាចរខណ្ឌដូនពេញ នាំយកទៅរក្សាទុកបណ្ដោះអាសន្ន ដើម្បីរងចាំដោះស្រាយគ្នានៅពេលក្រោយ ៕ដោយ៖ ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print