​ជប៉ុន​ និង​វៀតណាម យល់ព្រមសម្រេច​កិច្ចព្រមព្រៀង​លើ​ការផ្ទេរ​សម្ភារ​និង​បច្ចេកវិទ្យា​យោធា​

ចែករំលែក៖

អន្តរជាតិ៖ អំឡុងទស្សនកិច្ចរបស់លោក យូស៊ីហ៊ីដេ ស៊ូហ្កា នាយករដ្ឋមន្រ្តីជប៉ុនថ្មី ទៅកាន់ប្រទេសវៀតណាម បានយល់ព្រមពង្រឹងចំណងសេដ្ឋកិច្ច និងសន្តិសុខ រវាងរដ្ឋាភិបាលជប៉ុននិងវៀតណាម។ មិនតែប៉ុណ្ណោះប្រទេសទាំងពីរ ក៏បានឈានដល់ការសម្រេចកិច្ចព្រមព្រៀងមួយដែលអនុញ្ញាតឲ្យជប៉ុននាំចេញសម្ភារនិងបច្ចេកវិទ្យាយោធាទៅកាន់វៀតណាម

ជាក់ស្តែង ក្រោយជំនួបជាមួយសមភាគីវៀតណាម ង្វៀន ស៊ួហ្វុ ក្នុងទីក្រុង ហាណូយនៅថ្ងៃទី១៩ ខែតុលា នាយករដ្ឋមន្ត្រីជប៉ុន លោកស៊ូហ្កា បានប្រាប់អ្នកសារព័ត៌មាន​​យ៉ាងដូច្នេះថា៖ «​វាជាជំហានដ៏ធំមួយក្នុងវិស័យការពារសម្រាប់ប្រទេសទាំងពីរ ដែលយើងបានឈានដល់សម្រេចកិច្ចព្រមព្រៀងលើការផ្ទេរសម្ភារនិងបច្ចេកវិទ្យាយោធា​»​ នាយករដ្ឋមន្រ្តីជប៉ុនរូបនេះ បានបញ្ជាក់ទៀតថា វៀតណាម ដែលធ្វើជាម្ចាស់ផ្ទះអាស៊ានឆ្នាំនេះ គឺជាកូនសោរលើកកម្ពស់យុទ្ធសាស្ត្រ ឥណ្ឌូ​-​ប៉ាស៊ីហ្វិកសេរីនិងបើកចំហ ដែលដឹកនាំដោយក្រុងតូក្យូ

ជាមូគ្នានេះ លោកនាយករដ្ឋមន្ត្រីវៀតណាម ង្វៀន ស៊ួហ្វុ ក៏បានបញ្ជាក់នៅក្នុងសន្និសីទព័ត៌មានជាមួយលោក ស៊ូហ្កា ថា៖ ប្រទេសទាំងពីរ ក៏បានព្រមព្រៀងលើសារសំខាន់នៃការរក្សាសន្តិភាព សន្តិសុខ និងសេរីភាពនៃការធ្វើនាវាចរណ៍ និងហោះហើរក្នុងសមុទ្រចិនខាងត្បូង ព្រមទាំងដោះស្រាយជម្លោះដោយសន្តិវិធី លោក ង្វៀន ស៊ួហ្វុ បានសង្កត់ធ្ងន់ថា វៀតណាមស្វាគមន៍ជប៉ុនធ្វើជាមហាអំណាចសកល ដើម្បីបន្តរួមចំណែកយ៉ាងសកម្មសម្រាប់សន្តិភាព ស្ថិរភាព និងឌ្ឍភាពសកលនិងតំបន់ផងដែរ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters

សូមជម្រាបថាលោក ស៊ូហ្កា ដែលទើបនិងកាន់តំណែងបន្ត​​ពីលោក អាបេ ស៊ិនហ្សូ កាលពីខែមុននេះ ខណៈកំពុងធ្វើទស្សនកិច្ចនៅបរទេសលើកទីក្នុងសប្ដាហ៍នេះចំនួនថ្ងៃ ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២១ ខែតុលា ក្នុងប្រទេសវៀតណាម និងឥណ្ឌូណេស៊ី ដោយទស្សនកិច្ចរបស់លោកស៊ូហ្កា បានធ្វើឡើងស្របពេលដែលជប៉ុនកំពុងសម្លឹងធ្វើពិពិធកម្មច្រវាក់ផ្គត់ផ្គង់ខ្លួន និងកាត់បន្ថយការពឹងផ្អែកលើប្រទេសចិន ដោយនាំយកផលិតកម្មទាំងនោះមកដាក់ក្នុងស្រុកវិញ ងាកទៅរកបណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយវៀតណាម គឺជាជម្រើសដ៏ពេញនិយមសម្រាប់ក្រុមហ៊ុនជប៉ុន

ក្នុងសន្និសីទព័ត៌មានដដែល លោក ស៊ូហ្កា អះអាងថា ប្រទេសទាំងពីរបានយល់ព្រមជំរុញកិច្ចសហប្រតិបត្តិការពួកគេ ក្នុងគោលដៅបន្ធូរបន្ថយផលប៉ះពាល់បង្កដោយជំងឺរាតត្បាតសកលកូវីដ​-១៩ លោកនិយាយដូច្នេះថា«​យើងបានព្រមបើកឡើងវិញការធ្វើដំណើរធុរកិច្ចក៏ដូចជាជើងហោះហើរសម្រាប់អ្នកដំណើររវាងប្រទេសទាំងពីរថ្ងៃនេះ​»​

បើតាមការប្រកាសព័ត៌មានរបស់ក្រសួងការបរទេសជប៉ុនវិញ បានបញ្ជាក់ថា បន្ទាប់ពីលោកនាយករដ្ឋមន្រ្តីជប៉ុនន ចាក់ចេញពីប្រទេសវៀតណាម លោកនឹងបន្តទៅកាន់ប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃទី២០ ខែតុលា ដើម្បីជួបពិភាក្សាជាមួយប្រធាធិបតី ចូកូ វីដូដូ ដើម្បីជជែកការបើកដំណើរការឡើងវិញនូវការធ្វើដំណើររវាងជប៉ុននិងឥណ្ឌូណេស៊ី ដែលផ្អាកដោយវិបត្តិកូវី​-១៩ ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ រួមមាន ផ្លូវដែក និងកំពង់ផែជាដើម​​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print