ភ្លើងឆេះប្រអប់សំបុត្រប្រៃសណីយ៍សម្រាប់ការបោះឆ្នោត គឺជាការវាយប្រហារដោយមានចេតនាដើម្បីបំផ្លាញ។ ហេតុការណ៍ខាងលើបានកើតឡើងនៅថ្ងៃទី១៨ ខែតុលា(ពេលវេលាអាមេរិក)ស្ថិតនៅទីក្រុងBaldwin Parkទីក្រុងLos Angeles អាមេរិក។
តាមសារព័ត៌មានGuardian បានផ្សាយថា មន្ត្រីក្នុងតំបន់បានឲ្យដឹងថា មានសន្លឹកឆ្នោតជាច្រើនត្រូវឆេះខ្ទេច។ តាមលទ្ធផលស្រាវជ្រាវនេះជាការវាយប្រហារដោយមានចេតនា ក្នុងគោលដៅបំផ្លាញការបោះឆ្នោតតាមប្រៃសណីយ៍។
នៅក្នុងឃ្លីបវីដេអូបង្ហាញឲ្យឃើញថា ក្រុមពន្លត់អគ្គិភ័យបានខិតខំពន្លត់ ប៉ុន្តែក៏មានសន្លឹកឆ្នោតជាច្រើនត្រូវភ្លើងឆេះខ្ទេច ឬក៏ត្រូវទទឹកអស់ដោយការបាញ់ទឹកពន្លត់។ ក្រុមពន្លត់អគ្គិភ័យបានចំណាយពេលដល់ទៅ២ម៉ោងទើបគ្រប់គ្រងបាន។
លោកស្រី Hilda Solis អ្នកសង្កេតការណ៍នៅក្នុងទីក្រុងLos Angelesបានឲ្យដឹងថា« ការដុតប្រអប់សំបុត្រគឺជាចេតនាដើម្បីបំផ្លាញការបោះឆ្នោតតាមប្រៃសណីយ៍ ក៏ដូចជាបញ្ហាសន្តិសុខ »។លោកស្រី Hilda Solis បន្តទៀតថា ក្រុមជំនាញមានទាំង(FBI)បានចូលរួមនៅក្នុងការស្រាវជ្រាវ។
ការិយាល័យតាមដានការបោះឆ្នោតនៅទីក្រុង Los Angeles មិនទាន់ផ្តល់ព័ត៌មានស្តីពីការខូចខាតសន្លឹកឆ្នោតនោះឡើយ ។ លោក George Silva មន្ត្រីក្នុងតំបន់បានមើលឃើញករណីឆេះប្រអប់សំបុត្របានឲ្យដឹងថា «ខ្ញុំឃើញមានផ្សែងចេញពីប្រអប់សំបុត្រ ហើយក្រុមពន្លត់អគ្គិភ័យក៏បានចូលមកដល់ធ្វើការយ៉ាងសកម្មទើបគ្រប់គ្រងបាន។
មកទល់ពេលនេះពលរដ្ឋ អាមេរិកជាង៣០លាននាក់ហើយបានបោះឆ្នោតមុនពេលកំណត់ ហើយមួយចំនួនធំបោះឆ្នោតតាមប្រៃសណីយ៍៕