កម្មករជីករ៉ែ១១នាក់ នៅឥណ្ឌូណេស៊ី បានស្លាប់ដោយសារភ្លៀងធ្លាក់ខ្លាំងបណ្ដាលឲ្យបាក់ដី

ចែករំលែក៖

អន្តរជាតិ៖ បើតាមការអះអាងពីអាជ្ញាធរឥណ្ឌូណេស៊ី នៅថ្ងៃព្រហស្បតិ៍ទី២២ ខែតុលា ឆ្នាំ២០២០នេះ បានឲ្យដឹងថា កម្មករជីករ៉ែចំនួន ១១នាក់បានស្លាប់ នៅក្នុ្ងងហេតុការណ៍បាក់ដីដែលបណ្ដាលមកពីភ្លៀងធ្លាក់ខ្លាំង នៅត្រង់ចំណុចរុករកមួយកន្លែង នៅលើកោះស៊ូម៉ាត្រា។

បើតាមទីភ្នាក់ងារសារព័ត៌មាន CNA បានចុះផ្សាយថា៖ គ្រោះរអិលបាក់ដីនេះ បានកើតឡើងកាលពីថ្ងៃពុធម្សិលមិញ នៅក្នុងអណ្ដូងរ៉ែមួយដែលមានជម្រៅ២០ម៉ែត្រ ស្ថិតនៅក្នុងភូមិ Tanjung Lalang ក្នុងស្រុក Muara Enim នៃកោះស៊ូម៉ាត្រាខាងត្បូង ហើយសាកសពទាំងអស់ត្រូវបានរកឃើញដោយក្រុមអ្នកជួយសង្គ្រោះក្នុងតំបន់។ នេះបើតាមអ្នកនាំពាក្យរបស់ទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្ដរាយជាតិឥណ្ឌូណេស៊ី។

សូមជម្រាបថា ប្រទេសឥណ្ឌូណេសុី នៅប៉ុន្មានថ្ងៃចុងក្រោយនេះ បានរងនូវភ្លៀងរដូវវស្សា និងជំនោរខ្ពស់ៗ ដោយបង្កឲ្យមានការបាក់ដី និងទឹកជំនន់រាប់សិបកន្លែងនៅទូទាំងប្រទេស ដែលជាបណ្ដាញនៃកោះចំនួន១៧,០០០កោះ ដែលមានប្រជនជនរាប់លាននៅតំបន់ភ្នំ ឬក្បែរតំបន់ទំនាបជិតទន្លេ។

ដោយឡែកបើតាមទីភ្នាក់ងារឧតុនិយម និងភូគព្ភសាស្ត្រឥណ្ឌូណេស៊ី ក៏បានបញ្ជាក់ដែរថា តំបន់ទាំងនោះ អាចនឹងមានភ្លៀងធ្លាក់ពីតិចទៅបង្គួរក្នុងរយៈពេលបីថ្ងៃខាងមុខ ព្រោះផ្នែកភាគច្រើននៃប្រទេសឥណ្ឌូណេស៊ី បានចូលដល់រដូវវស្សាហើយ ក្នុងខែតុលានេះ។ មិនតែប៉ុណ្ណោះ បាតុភូតឡានីណា (La Nina) នៅមហាសមុទ្រប៉ាស៊ីហ្វិក នឹងអាចបង្កជាភ្លៀងធ្លាក់ខ្លាំងនៅទូទាំងកោះផងដែរ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print