អ្នកលក់អាហារតាមដងផ្លូវរកប្រាក់ចំណូលបានច្រើន​ពីការធ្វើបាតុកម្មនៅថៃ

ចែករំលែក៖

ក្រុមអ្នកលក់ដូរ ពិសេសគឺអាហារនៅតាមផ្លូវដោយរទេះរុញ ពេលនេះ​ត្រូវបានគេចាត់ទុកថាជា​«ក្រុមចារកិច្ច»​ ដោយអាចទទួលបានព័ត៌មានយ៉ាងឆាប់រហ័សស្តីពីទីតាំងដែលត្រូវធ្វើបាតុកម្ម​។ ក្រុមអ្នកលក់តាមចិញ្ចឹមថ្នល់ អាចដឹងមុនប៉ូលិសទៅទៀតថា ទីកន្លែងណានឹងត្រូវបានបាតុកម្មកើតឡើង ហើយពួកគាត់បានទៅរង់ចាំនៅទីនោះដើម្បីលក់ដូរ។
សារព័ត៌មានរ៉យទ័របានផ្សាយថា បើទោះបីលក់អាហារ​​តិចតួច ដូចជាជើងមាន់ ស្លាបមាន់ ប្រហិត…ការ៉ែមដូង ជាដើម ប៉ុន្តែការលក់ដូរបែបនេះកំពុងតែពេញនិយមនិងរកប្រាក់ចំណូលបានច្រើន ដោយសារតែមានបាតុកម្មនៅក្នុងទីក្រុងបាងកក។
អ្នកលក់តាមរទេះរុញម្នាក់ឈ្មោះ Petch អាយុ​២៩ឆ្នាំបានឲ្យដឹងថា​«យើង​បានតាមដានព័ត៌មានយ៉ាងយកចិត្តទុកដាក់។ មិនតែប៉ុណ្ណោះ​បានស៊ើបសួរព័ត៌មានពីគម្រោងធ្វើបាតុកម្មដើម្បីបង្កើនការលក់ដូរក៏ដូចជាទៅកាន់ទីនោះឲ្យបានទាន់ពេលវេលា។ ក្រុមអ្នកលក់អាហារ ភេសជ្ជៈតាមរទេះរុញបានបង្កើតជាក្រុម មានទំនាក់ទំនងគ្នាល្អ ផ្តល់ព័ត៌មានឲ្យគ្នាទៅវិញទៅមកយ៉ាងឆាប់បំផុតពីព័ត៌មានពាក់ព័ន្ធ នឹងទីកន្លែងនិងពេលវេលាធ្វើបាតុកម្ម​។ ទាំងនោះហើយបានជាក្រុមបាតុករ​ហៅយើងខ្ញុំថាជាក្រុម​«CIA»។
អាចនិយាយបានថា ក្រុមអ្នករកស៊ី​តាមចិញ្ចើមថ្នល់រកប្រាក់បានច្រើននាពេលនេះ​ ដោយបាតុករមិនអាចទៅរកអ្វីញាំបានល្អជាងអាហារនៅតាមផ្លូវស្រាប់​។ បាតុករមួយរូប ឈ្មោះPloy អាយុ​២៨ឆ្នាំ​បានឲ្យដឹងថា «ក្រុមអ្នកលក់ដូរ​បានទៅកាន់ទីកន្លែងមុនពួកយើងទៅទៀត​​ ហើយពួកគាត់ផ្លាស់ទីតាំងតាមពួកយើង តែមុនពួកយើងរហូត»។
អ្នកលក់អាហារម្នាក់ឈ្មោះ វីន អាយុ ៣៧ឆ្នាំបានឲ្យដឹងថា«ខ្ញុំទៅកន្លែងបាតុកម្ម លក់អាហារប្រហែលជាង​១ម៉ោង គឺអស់រលីង»។ បច្ចុប្បន្នក្រុមបាតុករថៃកំពុងតែធ្វើបាតុកម្មទាមទារឱ្យនាយករដ្ឋមន្ត្រីប្រាយុទ្ធចាន់អូចា​ លាលែងចេញពីតំណែង ដោយទុករយៈពេលឲ្យតែ​៣ថ្ងៃប៉ុណ្ណោះ​។​ នៅពេលនេះ នាយករដ្ឋមន្ត្រីថៃមិនទាន់មានប្រតិកម្មអ្វីជុំវិញការប្រកាសរបស់ក្រុមបាតុករនៅឡើយទេ​៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print