នៅល្ងាចថ្ងៃទី២២ ខែតុលា ចិនបានប្រតិកម្មយ៉ាងខ្លាំងដល់អាមេរិក ដែលបានព្រមព្រៀងលក់អាវុធទៅឲ្យកោះតៃវ៉ាន់ដែលមានតម្លៃដល់ទៅ១,៨ពាន់លានដុល្លារអាមេរិក។ អ្នកនាំពាក្យក្រសួងការបរទេសចិន បានបញ្ជាក់ថា សកម្មភាពខាងលើរបស់អាមេរិក គឺជាការជ្រៀងជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន ដែលត្រូវតែបញ្ចប់ជាបន្ទាន់។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោកZhao Lijian បានលើកឡើងថា« ការលក់ដូរអាវុធ បែបនេះគឺជាការបំពានយ៉ាងធ្ងន់ទៅលើដែនអធិបតេយ្យភាពនិងផលប្រយោជន៍របស់ចិន ។ ជាមួយគ្នានោះនឹងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ទំនាក់ទំនងរវាងចិន និឹងអាមេរិក ក៏ដូចជាសន្តិភាពនិងស្ថិរភាពនៅកោះតៃវ៉ាន់ »។
អ្នកនាំពាក្យក្រសួងការបរទេសចិនបានបញ្ជាក់ថា «ចិននឹងប្រតិកម្ម តបតអាមេរិកវិញ អាស្រ័យទៅលើស្ថានភាព»។ លោកZhao Lijian មិនបានបញ្ជាក់ថានឹងតបតដោយវិធីសាស្ត្រណានោះឡើយ ប៉ុន្តែចិនធ្លាប់ដាក់ទណ្ឌកម្មក្រុមហ៊ុនអាមេរិក ដែលលក់អាវុធទៅឲ្យកោះតៃវ៉ាន់»។
ប្រតិកម្មរបស់ចិន ក្រោយពេលអាមេរិកយល់ព្រមលក់អាវុធឲ្យកោះតៃវ៉ាន់មានតម្លៃ១,៨ពាន់លានដុល្លារ ក្នុងនោះមាន កាំជ្រួចមីស៊ីល ១៣៥ដើម ប្រភេទ AGM-84H SLAM-ER និងប្រព័ន្ធការពារដែនអាកាសជាច្រើនផ្សេងទៀត ។ អាវុធទាំងនោះគឺដើម្បីទប់ទល់ជាមួយចិនពេលមានសង្គ្រាមផ្ទុះឡើង៕