កាលពីថ្ងៃទី១០ ខែតុលាកន្លងមក កូរ៉េខាងជើង បានបង្ហាញមីស៊ីលឆ្លងទ្វីបថ្មី ដែលមិនធ្លាប់បានបង្ហាញនាពេលកន្លងមក។ ក្រោយរយៈពេលជាង១០ថ្ងៃកន្លងមក ក្រុមអ្នកឯកទេសសព្វាវុធអាមេរិកបានវាយតម្លៃថា មីស៊ីលឆ្លងទ្វីប(ICBM) អាចបំពាក់ក្បាលគ្រាប់មានទម្ងន់ពី ២,៥-៣តោន។
មីស៊ីលខាងលើ ត្រូវបានកូរ៉េខាងជើងបង្ហាញជាលើកដំបូង ក្នុងឱកាសខួបលើកទី៧៥ឆ្នាំថ្ងៃបង្កើតបក្សពលករកូរ៉េខាងជើង។ ជាមួយគ្នានោះកូរ៉េខាងជើងក៏បានបង្ហាញមីស៊ីលឆ្លងទ្វីបសម្រាប់បាញ់ចេញពីនាវាមុជទឹក (SLBM) និងប្រព័ន្ធមីស៊ីលទំនើបៗជាច្រើនផ្សេងទៀត។
សារព័ត៌មាន NK News បានផ្សាយថា នេះជាប្រភេទមីស៊ីលឆ្លងទ្វីប មានជើងទម្រចល័តធំបំផុត ។ មីស៊ីលឆ្លងទ្វីបនោះមានឈ្មោះថាHwasong-16 ដែលបានអភិវឌ្ឍចេញពីមីស៊ីលHwasong-15 ដែលជាមីស៊ីលបំពាក់ក្បាលគ្រាប់បរមាណូធំបំផុតរបស់កូរ៉េខាងជើង ។ មីស៊ីលនោះអាចវាយប្រហារចំគោលដៅពីរផ្សេងគ្នាក្នុងពេលតែមួយ។
តាមការលើកឡើងរបស់ក្រុមអ្នកឯកទេសវិភាគ បើទោះបីកូរ៉េខាងជើង បានបង្ហាញអាវុធទំនើបៗ ក្នុងពិធីដង្ហែក្បួនព្យុហយាត្រាក្តី ប៉ុន្តែមេដឹកនាំគីម ជុងអ៊ុន បានស្រក់ទឹកភ្នែក ហើយសុំទោសពលរដ្ឋនៅក្នុងសុន្ទរកថាដ៏សំខាន់របស់លោក។
កន្លងមកលោកក៏ធ្លាប់បានលើកឡើងថា ពលរដ្ឋកូរ៉េខាងជើងបានរងទុក្ខរយៈពេល ៧០ឆ្នាំមកហើយចាប់តាំងពីសង្គ្រាមឆ្នាំ១៩៥០ ដល់ពេលដែលត្រូវទទួលបានសន្តិភាព និងការអភីវឌ្ឍ។ បច្ចុប្បន្នលោកគីម បានផ្តោតសំខាន់ទៅលើ ការអភិវឌ្ឍសេដ្ឋកិច្ច ក្រោយប្រទេសនេះមានអាវុធគ្រប់គ្រាន់សម្រាប់ទប់ទល់សត្រូវ៕