ខេត្តស្ទឹងត្រែង៖ អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយខ្នងដោយមិនដឹងពីមូលហេតុ ខណៈដែលម្ចាស់ផ្ទះមិននៅ។ ផ្ទះរងគ្រោះមានទំហំ៥ម៉ែត្រគុណនឹង
៨ម៉ែត្រ ប្រក់ស័ង្កសីបាំងជញ្ជាំងក្តារ ជាផ្ទះតៀមសង់នៅជាប់នឹងដី ត្រូវភ្លើងឆេះអស់សម្ភារទាំងស្រុងកាលពីវេលាម៉ោង ៦ល្ងាច ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ស្ថិតក្នុងភូមិស្ដៅ១ ឃុំស្ដៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង។
ប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថាផ្ទះមួយខ្នងដែលអគ្គិភ័យត្របាក់អស់គ្មានសល់ខាងលើនេះពុំមានម្ចាស់ផ្ទះនៅនោះទេ ហើយគេក៏ពុំដឹងថាកាឆេះនេះបណ្តាលមកពីមូលហេតុអ្វីនោះដែរព្រោះ ម្ចាស់ផ្ទះបានចាក់សោទុកចោលជាច្រើនថ្ងៃមកហើយដោយថាទៅលេងស្រុកពុំទាន់មកវិញក៏ស្រាប់តែមានអគ្គិភ័យឆាបឆេះអស់ផ្ទះ និងសម្ភារប្រើប្រាស់ក្នុងផ្ទះគ្មានអ្នកណាជួយបានឡើយ។
បើតាមរបាយការណ៍របស់លោកនី ម៉ង់ មេប៉ុស្តិ៍នគបាលស្តៅបានឱ្យដឹងថា: ម្ចាស់ផ្ទះឈ្មោះវាន់ វេត អាយុ៤៥ឆ្នាំ ប្រពន្ធឈ្មោះហេង ភាគហ្សង អាយុ៦១ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ដោយអ្នកទាំងពីរមិនបាននៅផ្ទះទេ គឺគាត់ទៅលេងស្រុកកំណើតនៅខេត្តកំពង់ចាម ទើបធ្វើឪ្យអគ្គិភ័យឆាបឆេះផ្ទះអស់គ្មានសល់។
លោកមេប៉ុស្តិ៍បញ្ចាក់ថា ផ្ទះត្រូវអគ្គិភ័យឆាបឆេះខាងលើ មានទំហំ៥ម៉ែត្រ គុណនិង៨ម៉ែត្រ ប្រក់សង្ក័សី ជញ្ជាំងបាំងក្តារ។ ក្រោយពេលកើតហេតុ ទើបលោកទទួលព័ត៌មានបាន ទម្រាំលោកមកដល់ធ្វើឱ្យផ្ទះខាងលើឆេះអស់ មិនអាចជួយធ្វើអន្តរាគមន៍បានឡើយ។ លោកបន្តថា ក្រោយកើតហេតុអាជ្ញាធរស្រុកបានរង់ចាំម្ចាស់ផ្ទះខាងលើត្រលប់មកវិញ អាជ្ញាធរនិងរៀបចំនាំយកអំណោយកាកបាទក្រហមកម្ពុជា និងអំណោយសប្បុរសជនក្រុមការងារស្រុកជូនដល់គ្រួសារជនរងគ្រោះតាមការជាក់ស្តែង៕
ដោយ៖ មាស សុផាត