យោធាការពារព្រំដែនសហការជាមួយកងរាជអាវុធហត្ថខេត្តបង្រ្កាប រឹបអូសបានគ្រឿងញៀន៤២កញ្ចក់ធំ នៅស្រុកបុរីអូរស្វាយសែនជ័យ

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ ក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀនឆ្លងដែនដឹកតាមម៉ូតូចូលមកទឹកដីកម្ពុជា ត្រូវបានកម្លាំងយោធាការពារព្រំដែននៃតំបន់ប្រតិបត្តិការសឹករងខេត្តសហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តធ្វើការបង្ក្រាបបាន៤២កញ្ចប់ធំ ស្មើនឹងប្រមាណ៤២ គីឡូក្រាម។
ប្រតិបត្តិការបង្ក្រាបគ្រឿងញៀនខាងលើ បានធ្វើឡើងកាលពីវេលាម៉ោង ៣ និង៣០នាទីទៀបភ្លឺថ្ងៃទី ២៣ខែតុលាឆ្នាំ ២០២០ត្រង់ចំណុចចន្លោះបង្គោលលេខ០៣៤និង០៣៥ស្ថិតក្នុងតំបន់ភូមិសាស្រ្តស្រុកបុរីអូរស្វាយសែនជ័យ។
លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបានដឹងថា ករណីបង្រ្កាបគ្រឿងញៀនខាងលើនេះ កម្លាំងយោធានិងកម្លាំងកងរាជអាវុធហត្ថខេត្ត បានធ្វើការស៊ើបអង្កេត និងស្រាវជ្រាវជាយូរមកហើយដោយសារចំណុចខាងលើនោះ ក្រុមឧក្រិដ្ធជនតែងតែធ្វើសកម្មភាពយកគ្រឿងញៀនឆ្លងដែន ខណៈដែលកំពុងល្បាត ក្រុមឧក្រិដ្ឋជនបានជិះម៉ូតូឌុបគ្រឿងញៀនចំនួនពីរការ៉ុងឆ្លងដែនចូលមកទឹកដីកម្ពុជា ។

លោកឧត្តមសេនីយ៍ត្រីបានបន្តទៀតថា បន្ទាប់មកកម្លាំងសមត្ថកិច្ចបានពង្រាយកម្លាំងត្រៀមធ្វើការបង្ក្រាបតែឧក្រិដ្ធជនគ្រឿងញៀនហាក់បីដូចជាដឹងខ្លួនបានដួលម៉ូតូហើយរត់គេចចូលទៅក្នុងទឹកដីប្រទេសឡាវវិញបាត់ស្រមោល  ដោយបន្សល់ទុកតែមធ្យោបាយដឹកជញ្ជូនរួមនិងវត្ថុតាងគ្រឿងញៀនចំនួនពីរការ៉ុង និងបានធ្វើការរឹបអូសដឹកជញ្ជូនមកកាន់ទីបញ្ជាការកងរាជអាវុធហត្ថខេត្តដើម្បីត្រួតពិនិត្យ។

លោកឧត្តមសេនីយ៍ត្រីបន្តថា ក្រោយការត្រួតពិនិត្យយើងរកឃើញគ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE)ចំនួន ៤២បញ្ចប់ ក្នុងមួយកញ្ចប់ថ្លឹងឃើញខ្លះលើសមួយគីឡូ និងខ្លះទៀតស្ទើរមួយគីឡូបើតាមការប៉ាន់ស្មានគ្រឿងញៀនទាំង ៤២កញ្ចប់អាចមានទម្ងន់ប្រមាណ ៤២ គីឡូក្រាម។

គ្រឿងញៀនបានធ្វើតេស្តបឋមចំពោះមុខព្រះរាជអាជ្ញារងលោក វង្ស សាវ៉ាត អយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង រកឃើញថាពិតជាមានសារធាតុញៀន កម្រិតមធ្យម។
បច្ចុប្បន្នគ្រឿងញៀនត្រូវបានធ្វើការវេចខ្ចប់ដើម្បីបញ្ជូនទៅកាន់អាជ្ញាធរជាតិត្រួតពិនិត្យមើលធ្វើតេស្តបន្តបញ្ជាក់ តើគ្រឿងញៀននោះមានសារធាតុញៀនពិតប្រាកដ 100% មែនដែរឬទេ។  ចំណែកក្រុមឧក្រិដ្ឋជនដែលធ្វើការដឹកជញ្ជូនគ្រឿងញៀន ហើយរត់គេចខ្លួននោះ ព្រះរាជអាជ្ញាបានឲ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវ និងស៊ើបអង្កេតបន្តដើម្បីរកមុខជនសង្ស័យយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕ ដោយ៖ សូរិយា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print