ក្រសួងសន្តិសុខជាតិអាមេរិក អះអាងថា៖ ស្ថាប័នរដ្ឋជាច្រើននៅទូទាំងអាមេរិក កំពុងរងការវាយប្រហារពីក្រុម Hackers មានប្រភពពីរុស្ស៊ី

ចែករំលែក៖

អន្តរជាតិ៖ បើតាមទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២០ បានដកស្រង់ប្រភពពីក្រសួងសន្តិសុខជាតិអាមេរិក អះអាងថា៖ បច្ចុប្បន្ននេះ ក្រុមអ្នកវាយប្រហារតាមប្រព័ន្ធអ៉ីនធើណេត Hackers គាំទ្រដោយរដ្ឋាភិបាលរុស្ស៊ី បាននិងកំពុងព្យាយាមវាយប្រហារផ្នែកព័ត៌មានវិទ្យា លើបណ្ដាញកំព្យូទ័ររបស់រដ្ឋបាលតាមតំបន់ និងរដ្ឋាភិបាលសហព័ន្ធអាមេរិកតែម្តង ដោយលួចបានយកទិន្នន័យសំខាន់ៗចំនួនពីររួចទៅហើយ។

យោងតាមសេចក្ដីរាយការណ៍ខាងលើនេះ ដែលទីភ្នាក់ងារព័ត៌មាន Reuters បានដកស្រង់បន្តថា ដោយផ្អែកលើគេហទំព័រទីភ្នាក់ងារហេដ្ឋារចនាសម្ព័ន្ធសន្តិសុខ និងសន្តិសុខព័ត៌មានវិទ្យា នៃក្រសួងសន្តិសុខមាតុភូមិអាមេរិក។ ទីភ្នាក់ងារអាមេរិកមួយនេះ បានឲ្យដឹងទៀតថាក្រុម Hackers រុស្ស៊ីខាងលើមានឈ្មោះថា ប៊ឺសឺក ប៊ែរ (Berserk Bear) ដ្រាហ្គន់ហ្វ្លាយ (Dragonfly) បានវាយប្រហារផ្នែកព័ត៌មានវិទ្យាទៅលើបណ្ដាញកំព្យូទ័រជាច្រើនរបស់រដ្ឋាភិបាលអាមេរិក រួមទាំងបណ្ដាញអាកាសចរណ៍ស៊ីវិលផងដែរ។

ជាក់ស្តែង កាលពីដើមខែតុលាកន្លងទៅ ក្រុម Hackers ទាំងនេះបានចូលក្នុងប្រព័ន្ធបណ្ដាញ (networks) និងបានលួចយកទិន្នន័យសំខាន់ៗចំនួនពីរដោយជោគជ័យ។ ប៉ុន្តែទោះជាយ៉ាងណា ទីភ្នាក់ងារដដែលមិនបានបញ្ជាក់លម្អិត ពីទិន្នន័យនេះទេ រីឯស្ថានទូតរុស្ស៊ីប្រចាំទីក្រុងវ៉ាស៊ីនតោន ក៏មិនទាន់បានធ្វើការអត្ថាធិប្បាយអ្វីដែរ។

ដោយឡែកទាក់ទិននឹងរឿងនេះ កាលពីថ្ងៃពុធសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) លោក ចន រ៉េតឃ្លីហ្វ (John Ratcliffe) នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិអាមេរិក ក៏ធ្លាប់បានចោទប្រកាន់ប្រទេសរុស្ស៊ី និងអ៊ីរ៉ង់ដែរថា បាននិងកំពុងព្យាយាមជ្រៀតជ្រែកក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅថ្ងៃទី០៣ ខែវិច្ឆិកាខាងមុខនេះ។

គួរបញ្ជាក់ថា បើតាមប្រភពរដ្ឋាភិបាលអាមេរិក លោក Ratcliffe បានសំដៅទៅលើអ៊ីមែលដែលត្រូវបានផ្ញើនៅថ្ងៃពុធសប្ដាហ៍នេះ ដោយត្រូវបានគេធ្វើឡើងដើម្បីឲ្យមើលទៅ ដូចជាក្រុមអ្នកគាំទ្រលោក ដូណាល់ ត្រាំ។ ចំពោះអ៊ីមែលទាំងនោះ កំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ ដោយប្រភពស៊ើបការណ៍មួយ បាននិយាយថា គេនៅមិនទាន់ច្បាស់ថា នរណាជាអ្នកនៅពីក្រោយរឿងនេះនៅឡើយទេ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print