ខេត្តស្វាយរៀង៖ បុរសជានិវត្តជនម្នាក់និងនារី២នាក់បានរងរបួសធ្ងន់និងស្រាលដោយសារករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ២គ្រឿងបុកគ្នាកាលពី
ថ្ងៃ ព្រហស្បតិ៍ ៦ កើត ខែ កត្ដិក ឆ្នាំ ជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនិឹងថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០២០ វេលាម៉ោង៦និង១៨នាទីព្រឹកស្ថិតនៅលើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ ១២៣និង១២៤ ក្នុងភូមិកៀនសាំង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ។
បើតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឱ្យដឹងថា បុរសដែលជិះម៉ូតូបង្កហេតុមានឈ្មោះ តាក រិទ្ធីវង្ស អាយុ ៥៦ឆ្នាំ មុខរបរនិវត្តជន រស់នៅភូមិ កៀនសាំង សង្កាត់ស្វាយរៀង ក្រុង ស្វាយរៀង ខេត្តស្វាយរៀងជិះម៉ូតូម៉ាកហុងដាគុបជ្រុង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ ១AQ-៨០០៨ខូចខាតយ៉ាងដំណំ។
ចំណែកនារីរងរបួសមានឈ្មោះអន ចរិយា អាយុ១៨ឆ្នាំ មុខរបរនៅផ្ទះនិងអ្នករួមដំំណើរឈ្មោះ អន ចិន្ដា អាយុ២២ឆ្នាំ មុខរបរកម្មការិនីរោងចក្រ រស់នៅភូមិ ចេក សង្កាត់ចេក ក្រុងស្វាយរៀង ខេត្ត ស្វាយរៀង។
បើតាមអ្នកភូមិបានឱ្យដឹងថា មុនកើតហេតុមានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាគុបជ្រុង ពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ ១AQ -៨០០៨លើកំណាត់ផ្លូវជាតិលេខ១ក្នុងទិសដៅពីជើងទៅត្បូង មិនពាក់មួកសុវត្ថិភាពហើយបើកមិនគោរពសិទ្ធិអាទិភាព ស្រាប់តែទៅបុកម៉ូតូម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១J-៤៦៦៥ជិះគ្នា២នាក់ក្នុងទិសដៅពីលិចទៅកើត មិនពាក់មួកសុវត្ថិភាពបង្កការភ្ញាក់ផ្អើលតែម្ដង។
ក្រោយមកអ្នករបួសត្រូវបានក្រុមគ្រួសារដឹកយកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ខណៈសមត្ថកិច្ចបានវាស់វែងនិងអូសយក មធ្យោបាយធ្វើដំណើរទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀងដើម្បីដោះស្រាយពេលក្រោយ៕
ដោយ៖ យឹម សុថាន