កម្លាំងទាហានអុីរ៉ង់បានឲ្យដឹងថាប្រព័ន្ធមីស៊ីលការពារចល័តរបស់ប្រទេសនេះមានសមត្ថភាព វាយប្រហារគោលដៅហោះហើរនៅលើអាកាសនិងនៅលើដីបានយ៉ាងល្អបំផុត។
កាលពីថ្ងៃទី២២ ខែតុលា នៅក្នុងការធ្វើសមយុទ្ធយោធាមានឈ្មោះថា «អ្នកការពារដែនអាកាស៩៩» អុីរ៉ង់បានបង្ហាញប្រព័ន្ធមីស៊ីលការពារទំនើបបំផុតរបស់ខ្លួនប្រភេទ Bavar 373 សម្រាប់កម្ទេចគោលដៅហោះហើរ។ មីស៊ីលការពារនោះបានសាកល្បងដោយជោគជ័យ ហើយបានដាក់ឲ្យប្រើប្រាស់នៅខែសីហាឆ្នាំ២០១៩។
រូបភាពវីដេអូបានបង្ហាញឲ្យឃើញថា ប្រព័ន្ធការពារដែនអាកាសBavar 373 អាចចាប់បានគោលដៅ និងវាយប្រហារកម្ទេចដោយមានប្រព័ន្ធរ៉ាដាទំនើប។ ប្រព័ន្ធមីស៊ីលនោះអាចវាយប្រហារគោលដៅចម្ងាយដល់ទៅ៣០០គីឡូម៉ែត្រ។
ប្រព័ន្ធរ៉ាដារបស់Bavar 373 អាចចាប់បានគោលដៅដល់ទៅ៣០០ ក្នុងពេលតែមួយ ហើយតាមដានបានគោលដៅចំនួន៦០ ក្នុងនោះ អាចកម្ទេចគោលដៅព្រមគ្នាចំនួន៦ ដែលជាគោលដៅអាចបង្កគ្រោះថ្នាក់បំផុត។
កម្លាំងទាហានអុីរ៉ង IRGC បានហ្វឹកហាត់ វាយប្រហារទៅលើគោលដៅរបស់សត្រូវដោយប្រើប្រាស់មីស៊ីលទំនើបរបស់ខ្លួនគឺ មីស៊ីលKhordad 3 និង Khordad 15 ផលិតនៅក្នុងប្រទេសអុីរ៉ង់ផ្ទាល់៕