លោក ជិន ម៉ាលីន ៥ចំណុច អំពីតម្លៃ និងសុពលភាពគតិយុត្តនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស

ចែករំលែក៖

ភ្នំពេញ៖ លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានលើកបង្ហាញ ៥ចំណុច អំពីតម្លៃនិងសុពលភាពគតិយុត្តនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ។

១. កិច្ចព្រមព្រៀងទីក្រុងប៉ារីស មានគោលដៅបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា និងរៀបចំនូវយន្តការច្បាប់និងស្ថាប័នបណ្តោះអាសន្នមួយផងដែរក្នុងការគ្រប់គ្រងប្រទេសក្នុងសម័យអន្តរកាល ពី១៩៩១ដល់១៩៩៣ មុនពេលកម្ពុជាមានរដ្ឋាភិបាលចម្រុះនិងរដ្ឋធម្មនុញ្ញក្នុងការដឹកនាំប្រទេស ។

២. ក្រោយពេលរដ្ឋាភិបាលចម្រុះនិងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ត្រូវបានបង្កើតនិងរៀបចំចប់សព្វគ្រប់ដើម្បីដឹកនាំប្រទេស នោះសម័យអន្តរកាលត្រូវបានបញ្ចប់ ហើយកិច្ចព្រមព្រៀងប៉ារីស ក៏ត្រូវអស់សុពលភាពផងដែរ។ ដូច្នេះ រដ្ឋាភិបាលនាពេលបច្ចុប្បន្ននេះ មិនមានភាពចាំបាច់ឬកតព្វកិច្ចក្នុងការគោរពនិងអនុវត្តកិច្ចព្រមព្រៀងប៉ារីសនេះទេ តែត្រូវគោរពនិងអនុវត្តតាមស្មារតីនៃរដ្ឋធម្មនុញ្ញកម្ពុជាវិញ ដែលជាច្បាប់កំពូលហើយគោលការណ៍គ្រឹះប្រជាធិបតេយ្យក្នុងការដឹកនាំប្រទេសទាំងប៉ុន្មានដែលមានចែងក្នុងកិច្ចព្រមព្រៀងប៉ារីស ក៏ត្រូវបានបញ្ចូលក្នុងរដ្ឋធម្មនុញ្ញកម្ពុជាឆ្នាំ១៩៩៣រួចអស់ហើយដែរ ។

៣. ស្មារតីនៃកិច្ចព្រមព្រៀងប៉ារីសអំពីការបញ្ចប់សង្រ្គាមនៅកម្ពុជា មិនត្រូវបានអនុវត្តនិងគោរពឱ្យបានពេញលិញនោះទេ ហើយក៏មិនបាននាំមកនូវសន្តិភាពពេញលិញពិតប្រាកដជូនកម្ពុជានោះដែរ ព្រោះថាភាគីខ្មែរក្រហមមិនបានគោរពតាមកិច្ចព្រមព្រៀងនេះទេ មិនចូលរួមក្នុងការបោះឆ្នោត ហើយនៅតែបន្តធ្វើសង្រ្គាម រហូតដល់ឆ្នាំ១៩៩៨ ទើបកម្ពុជាទទួលបានសន្តិភាពពេញលិញនិងពិតប្រាកដទូទាំងផ្ទៃប្រទេស ដោយនយោបាយឈ្នះៗរបស់សម្តេចតេជោ ។

៤. គោលការណ៍ប្រជាធិបតេយ្យក្នុងកិច្ចព្រមព្រៀងប៉ារីសដែលបញ្ចូលក្នុងរដ្ឋធម្មនុញ្ញកម្ពុជាឆ្នាំ១៩៩៣ ត្រូវបានគោរពនិងអនុវត្តបានយ៉ាងខ្ជាប់ខ្ជួន ដែលរួមមានដូចជា គោលការណ៍សិទ្ធិសេរីភាព គោលការណ៍អធិបតេយ្យភាព ឯករាជ្យភាព និងបូរណភាពទឹកដី គោលការណ៍នៃការបោះឆ្នោតតាមបែបប្រជាធិបតេយ្យសេរីពហុបក្ស របបនយោបាយរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងគោលការណ៍នីតិរដ្ឋជាដើម។ល។ ការភ្ជាប់ទំនាក់ទំនងការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម ជាមួយរដ្ឋបរទេសណាមួយនោះ មិនមានន័យថា កម្ពុជាបាត់បង់នូវអធិបតេយ្យភាពនិងឯករាជ្យភាពរបស់ខ្លួននោះទេ។ ចំណែកឯវិធានការច្បាប់ចំពោះបក្សនយោបាយដែលបំពានច្បាប់ និងក្រុមសកម្មជនដែលប្រព្រឹត្តបទល្មើស ក៏មិនមែនជាការរឹតត្បិតសិទ្ធិសេរីភាពផ្នែកនយោបាយនោះដែរ ពោលគឺការធ្វើសកម្មភាពបំពានច្បាប់ ប៉ះពាល់ដល់សិទ្ធិសេរីភាពអ្នកដ៏ទៃ សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គម មិនមែនជាការអនុវត្តសិទ្ធិក្នុងសង្គមប្រជាធិបតេយ្យនោះឡើយ តែជាបទល្មើស ដែលអ្នប្រព្រឹត្តត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់ដែលមានជាធរមាន ។

៥. ក្រុមអង្គការសង្គមស៊ីវីលនិងក្រុមសកម្មជនប្រឆាំងមួយចំនួន ដែលមានគម្រោងប្រមូលផ្តុំគ្នាធ្វើការតវ៉ានិងទាមទាឱ្យរដ្ឋាភិបាលគោរពកិច្ចព្រមព្រៀងប៉ារីសនៅថ្ងៃ២៣ តុលា នេះ តាមការរៀបចំរបស់អង្គការចលនាចាត់តាំងខុសច្បាប់ពីខាងក្រៅប្រទេស នឹងមិនទទួលបានការស្វាគមន៍ពីមហាជននោះទេ ព្រោះពេលនេះពលរដ្ឋកំពុងរងគ្រោះដោយទឹកជំនន់ហើយត្រូវការជំនួយសង្រ្គោះបន្ទាន់ពីគ្រប់ភាគីទាំងអស់។

...

លោករដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌រូបនេះ បានបញ្ជាក់ទៀតថា ដូច្នេះប្រសិនបើក្រុមអង្គការសង្គមស៊ីវីលទាំងនេះ ប្រមូលផ្តុំនិងសហការគ្នាជួយដល់ពលរដ្ឋដែលកំពុងតែរងគ្រោះដោយទឹកជំនន់វិញ ប្រហែលជាប្រសើរ និងមានប្រយោជន៍ដល់សង្គមជាង ជាជាងការធ្វើសកម្មភាពប្រមូលផ្តុំបែបអនាធិបតេយ្យបែបនេះ ដែលអាចបង្កភាពចលាចល និងអសន្តិសុខដល់សង្គម ៕ដោយ៖ស តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print