ខេត្តព្រះសីហនុ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តនិឹងម៉ូតូដែលបើកបញ្ច្រាសទិសគ្នាបណ្តាលឲ្យបុរសអ្នកបើកម៉ូតូស្លាប់ភ្លាមៗនៅនិឹងកន្លែង និងម្នាក់ទៀតរួមដំណើរជាមួយរងរបួសធ្ងន់ នៅវេលាម៉ោងជាង៨យប់ ថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២០ លើផ្លូវជាតិលេខ៤ត្រង់ចន្លោះគីឡូម៉ែត្រលេខ២០៨-២០៩ ស្ថិតក្នុងភូមិថ្មធំ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
យោងតាមរបាយការណ៍របស់នគរបាលបានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរថយន្ត១គ្រឿងម៉ាក LEXUS RX 300 ពណ៌ទឹកមាស ពាក់ស្លាកលេខព្រះសីហនុ2A-8171 បើកបរដោយឈ្មោះ អោប ប៊ុនតាន់ ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានទិសដៅពីខេត្តព្រះសីហនុឆ្ពោះទៅ ភ្នំពេញ លុះមកដល់ចំណុចខាងលើក្នុងស្ថានភាពផ្លូវកោង អ្នកបើករថយន្តបានបើកជែងឡំប្រឺតា១គ្រឿងក៏ជ្រុលចូលទៅបុកម៉ូតូ១គ្រឿងម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1Y-1571 បើកបរដោយឈ្មោះ អូន សុភា ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅឃុំល្បើក ស្រុកឈូក ខេត្តកំពត និងអ្នករួមដំណើរម្នាក់ភេទប្រុស មិនទាន់ស្គាល់អត្តសញ្ញាណ ដែលបើកក្នុងទិសដៅផ្ទុយគ្នា បណ្តាលឲ្យឈ្មោះ អូន សុភា អ្នកបើកបរម៉ូតូស្លាប់នៅនឹងកន្លែងកើតហេតុ បានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីយ៍។
ចំណែកអ្នករួមដំណើរលើម៉ូតូ (មិនទាន់ស្គាល់អត្តសញ្ញាណ) របួសធ្ងន់បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ។
ក្រោយកើតហេតុ អ្នកបើកបររថយន្តត្រូវបានសមត្ថកិច្ចឃាត់ខ្លួននាំមកសាកសួរ នៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់។ ចំណែកវត្ថុតាង រថយន្តនិងម៉ូតូសមត្ថកិច្ចជំនាញបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ រង់ចាំដោះស្រាយបន្តនៅពេលក្រោយតាមនិតិវិធី៕ ដោយ ៖ ឆ្លាម សមុទ្រ