ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញនៅតែបន្តត្រៀមជួយសង្គ្រោះនិងបម្រើប្រជាពលរដ្ឋនៅតាមតំបន់លិចទឹក និងបានបន្ថែមកម្លាំងទៅជួយលើកដាក់លីសែងនិងរៀបចំអំណោយសម្រាប់ត្រៀមចែកជូនប្រជាពលរដ្ឋ២គោលដៅក្នុងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ សរុបស្មើនឹង ១,៩៨២គ្រួសារ ដែលក្នុងនោះរួមមាន៖
១- ជួយលើកដាក់លីសែងនិងរៀបចំអំណោយរបស់កាកបាទក្រហមកម្ពុជា ចែកជូនពលរដ្ឋក្រីក្ររងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន១,២៥០គ្រួសារមកពី ៦សង្កាត់ លើ៨សង្កាត់ក្នុងខណ្ឌច្បារអំពៅ ប្រព្រឹត្តទៅនៅភូមិកោះនរាហ៍ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
២- ជួយលើកដាក់លីសែងនិងរៀបចំអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ ចំនួន ៧៣២គ្រួសារ ប្រព្រឹត្តទៅក្នុងបរិវេណគណបក្សប្រជាជនកម្ពុជាខណ្ឌដង្កោ ក្រោមអធិបតីភាពលោកដួង ដារ៉ា ជំនួយការផ្ទាល់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន។
៣- ក្រៅពីនេះ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញដែលប្រចាំការនៅគោលដៅលិចទឹកនៅតែបន្តត្រៀមជួយសង្គ្រោះ ជួយដឹកជញ្ជូនសម្ភារ ដឹកជញ្ជូនប្រជាពលរដ្ឋត្រឡប់ចូលទៅកាន់ផ្ទះពួកគាត់វិញជាបណ្ដើរៗ និង ជួយដុសលាងបោសសម្អាតផ្ទះសម្បែង ជូនដល់ពួកគាត់នៅតាមតំបន់ដែលមានទឹកស្រក និងជួយច្រកដីទប់ទឹកកុំឲ្យហូរចូលផ្ទះប្រជាពលរដ្ឋជាបន្តបន្ទាប់ ព្រមទាំងសម្អាតបរិស្ថានជុំវិញបរិវេណគោលដៅឈរជើងគ្រប់ពេល៕
ដោយ៖ ចន្ទ លីហ្សា