ភ្នំពេញ៖ រថយន្តស៊េរីទំនើបម៉ាក ឡិចស៊ីសRX-300ស៊េរីឆ្នាំ២០២០មួយគ្រឿងបានបើកបោះពួយបត់ឆ្លងផ្លូវទៅបុកគូទរថយន្តស៊េរីទំនើបម៉ាកមែរសឺដេសដែលចតស្ងៀមតាមចិញ្ចើមផ្លូវរហូតដល់រថយន្តបង្កក្រឡាប់ផ្ងារជើងទ្រមេឃ តែសំណាងល្អដែរដែលមិនបង្កឲ្យមានអ្នករងរបួស។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ នៅចំណុចភ្លើងស្តុប អតីតរោងកុនប្រាសាទពេជ្រ តាមបណ្ដោយផ្លូវព្រះមុនីវង្ស កែងនឹងផ្លូវ លេខ១៨២ ក្នុងសង្កាត់បឹងរាំងខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តទំនើបម៉ាកឡិចសុីសRX- 300 ស៊េរីឆ្នាំ ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខកម្ពុជា V-V 5499 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៨២ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ បានបត់ឆ្វេងដៃ ឆ្លងផ្លូវព្រះមុនីវង្សឆ្ពោះទៅទិសខាងជើង ក៏ជ្រុលចង្កូតទៅបុករថយន្តស៊េរីទំនើបម៉ាកមែរសឺដេស ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2BD-5678 ដែលចតស្ងៀមនៅអែបចិញ្ចើមផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីត្បូងទៅជើងចំពីក្រោយផ្នែកខាងឆ្វេងពេញទំហឹងធ្វើឲ្យរថយន្តម៉ាកមែរសឺដេស ដាច់កាឡេកង់ខាងក្រោយនិងខូចខាតយ៉ាងដំណំ។ចំណែករថយន្តឡិចសុីសក្រឡាប់ផ្ងារជើងទ្រមេឃ។ភ្លាមៗនោះខាងម្ចាស់រថយន្ដឡិចស៊ីសបានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ទៅ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញឱ្យចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕
ផេង ភាព