ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំពិធីក្រុងពាលីជាកិច្ចចាប់ដំណើរការសាងសង់ស្ពានបេតុងពីផ្លូវជាតិលេខ១ទៅកាន់តំបន់អភិវឌ្ឍន៍កោះនរា និងស្ពាន បេតុងខ្សែកាប្លិ៍ពីតំបន់កោះនរាទៅកាន់ទីក្រុងរណបកោះពេជ្រស្ថិតនៅសង្កាត់ និរោធ ខណ្ឌច្បារអំពៅ។
ពិធីតាមបែបសាសនានេះ ធ្វើឡើងកាលពីរសៀលថ្ងៃទី២៤តុលា ដោយមានការអញ្ជើញចូលរួមពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី ក្នុងន័យសុំម្ចាស់ទឹកម្ចាស់ដី សុំសេចក្តីសុខចម្រើននៅមុនពេលបើកការដ្ឋានសាងសង់ស្ពានបេតុងនេះជាផ្លូវការនៅថ្ងៃទី២៥ខែតុលាដែលនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន។ សមិទ្ធផលថ្មីនេះនឹងលេចចេញជារូបរាងនាពេលឆាប់ៗខាងមុខក្នុងមុខនាទី ដើម្បីបម្រើសេចក្តីត្រូវការរបស់ប្រជាពល រដ្ឋក្នុងការធ្វើដំណើរ កាត់បន្ថយការកកស្ទះចរាចរណ៍ដ៏មមាញឹកក្នុងរាជធានីភ្នំពេញ ជាពិសេសបន្ថយបន្ទុកលំហូរចរាចរណ៍នៅស្ពានព្រះមុនីវង្ស ច្បារអំពៅ ក៏ដូចមហាវិថីព្រះនរោត្តមផងដែរ។
ជាមួយគ្នានេះសំណង់ស្ពានឆ្លងទន្លេមួយនេះក៏សមស្របទៅនឹងការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់រាជធានីភ្នំពេញរួមទាំងកំណើនសេដ្ឋកិច្ច ,កំណើនប្រជាពលរដ្ឋក៏ដូចកំណើនយានយន្តក្នុងទីក្រុងនាសម័យសន្តិភាពក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ជាប្រមុខ។ក្រោមអនុសាសន៍របស់សម្តេចតេជោ និងការដឹកនាំអនុវត្តផ្ទាល់របស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ធ្វើឲ្យសមិទ្ធផលជាច្រើននៅក្នុងទីក្រុងមានហេដ្ឋារចនាសម្ព័ន្ធ ,សំណង់សាធារណៈ, សំណង់ស្ពានអាកាសថ្មើរជើងជាច្រើនកន្លែងទៀត។ វិបត្តិជំងឺកូវីដ-១៩ និងជំនន់ទឹកភ្លៀងដែលកំពុងយាយីភូមិសាស្ត្រមួយចំនួនរបស់រាជធានីភ្នំពេញ មិនបានបន្ទច់បង្អាក់ដំណើរការសាងសង់ និងដំណើរការអភិវឌ្ឍទីក្រុងនោះឡើយ។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹងថា គម្រោងសាងសង់ស្ពានបេតុងខ្សែកាប្លិ៍តភ្ជាប់ពីទីក្រុងរណបកោះពេជ្រ ឆ្លងកាត់គម្រោងអភិវឌ្ឍន៍កោះនរា ទៅកាន់ផ្លូវជាតិលេខ១៖
១. អំពីគម្រោងសាងសង់ស្ពានខ្សែកាប្លិ៍តភ្ជាប់ពីទីក្រុងរណបកោះពេជ្រទៅកាន់គម្រោងអភិវឌ្ឍន៍កោះនរាប្រវែងសរុប ៨២៤ម៉ែត្រ ទទឹង ២៤.៥ម៉ែត្រ បណ្តោយស្ពានបេតុងអារមេ ប្រវែង ៤៨៣ម៉ែត្រ សសរស្ពានមានគម្លាត ២០ម៉ែត្រ+២១ម៉ែត្រ+១០៨ម៉ែត្រ+១៨០ម៉ែត្រ+១០៨ម៉ែត្រ+២៣ម៉ែត្រ+២៣ម៉ែត្រ ។ផ្លូវតភ្ជាប់ក្បាលស្ពានត្រើយខាងកោះពេជ្រប្រវែង ២៤៩ម៉ែត្រ។ ផ្លូវតភ្ជាប់ក្បាលស្ពានកោះនរាប្រវែង ៩២ម៉ែត្រ។ ជាស្ពានចរាចរទ្វេទិស មានគន្លងសម្រាប់រថយន្តចំនួន ២ទៅ និងគន្លងចំនួន២មក ដែល១គន្លងមានទទឹង ៣.២៥ម៉ែត្រ និងមានគន្លងសម្រាប់ទោចក្រយានយន្តចំនួន១ទៅ និងគន្លងចំនួន១មក ដែលមានទទឹង ១.២៥ម៉ែត្រសងខាង។
ល្បឿនសុវត្ថិភាព ៤០គីឡូម៉ែត្រ/ម៉ោង ជម្រាលទទឹងស្ពាន ២% ។ សសរសម្រាប់ព្យួរខ្សែកាប្លិ៍មានកម្ពស់៦០ម៉ែត្រ គិតពីផ្ទៃតួស្ពានទៅលើអាកាស។ សសរស្ពានសម្រាប់ព្យួរខ្សែកាប្លិ៍មានចំនួន២ ដែលសសរស្ពាននីមួយៗប្រើប្រាស់គ្រឹះខួងចំនួន ១៨ដើម មានទំហំអង្កត់ផ្ចិត២ម៉ែត្រ គ្រឹះខួងសសរទី១មានជម្រៅ ៥៩.៤០ម៉ែត្រ និងសសរទី២មានជម្រៅ ៧៣.៤០ម៉ែត្រ។ ផ្នែកខាងកោះពេជ្រមានសសរចំនួន៣ និងផ្នែកខាងកោះនរា មានសសរចំនួន ៣។ ជើងតាងស្ពានមានទំហំ២៤.៣ម៉ែត្រx១៧.៧ម៉ែត្រx៤.៥ម៉ែត្រ។
កម្ពស់អតិបរមានាវាឆ្លងកាត់ក្រោមស្ពាន ៨ម៉ែត្រនៅរដូវវស្សានីវ៉ូទឹកខ្ពស់បំផុត កម្ពស់អតិបរមានាវាឆ្លងកាត់ក្រោមស្ពាន ១៨ម៉ែត្រ នៅរដូវប្រាំងនីវ៉ូទឹកទាបបំផុត ។ គម្លាតពីសសរស្ពានខ្សែកាប្លិ៍ មានប្រវែង ១៨០ម៉ែត្រ។ សសរស្ពានខ្សែកាប្លិ៍នីមួយៗមានខ្សែកាប្លិ៍ចំនួន១ជួរ ១៦ដើមសងខាង ក្នុង១ដើម មានភ្ជាប់ខ្សែកាប្លិ៍តូចៗពី ២៧ដើម ទៅ៣១ដើម ដែលមានអង្កត់ផ្ចិត ១៥.២មិល្លីម៉ែត្រសសរស្ពានខ្សែកាប្លិ៍ទាំង២ មានឆ្លាក់ចម្លាក់រចនាប័ទ្មខ្មែរ។ មានបំពាក់បង្គោលភ្លើងបំភ្លឺស្ពាន រៀបចំបណ្តាញលូអមសងខាងផ្លូវក្បាលស្ពាន ដាក់ស្លាកសញ្ញាចរាចរណ៍និងលាបគំនូសចរាចរណ៍។ គម្រោងចំណាយសាងសង់ ៣៨.០០០.០០០ដុល្លារអាមេរិក ។រយៈពេលសាងសង់៣៥ខែ។ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC។
២.អំពីគម្រោងសាងសង់ស្ពានបេតុងអារមេតភ្ជាប់ពីកោះនរា ទៅផ្លូវជាតិលេខ ១ បណ្តោយស្ពានសរុបប្រវែង ៦០ម៉ែត្រ ទទឹងស្ពាន ២១ម៉ែត្រ បណ្តោយស្ពានបេតុង ៤៥ម៉ែត្រ ផ្លូវគល់ស្ពានសងខាង ១៥ម៉ែត្ររយៈពេលសាងសង់ ១២ខែ៕
សំរិត