រដ្ឋាភិបាលអាហ្វហ្គានីស្ថាន និងអង្គការណាតូបានថ្កោលទោសយ៉ាងខ្លាំងដល់សកម្មភាពវាយប្រហារភេរវកម្មខាងលើ។ ការវាយប្រហានោះគឺសំដៅទៅលើក្រុមអ្នកកាន់សាសនាអ៊ីស្លាមនិកាយស៊ីអីត ។
ក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថាន នៅថ្ងៃទី២៥ខែតុលាបានប្រកាសថា ការវាយប្រហារគ្រាប់បែកអត្តឃាតសំដៅទៅលើមជ្ឈមណ្ឌលអបរំក្នុងទីក្រុងកាប៊ូល សម្លាប់មនុស្សដល់ទៅ ២៤នាក់ភាគច្រើនជាសិស្ស ដែលមានអាយុចាប់ពី១៥ដល់២៦ឆ្នាំ។ ការវាយប្រហារនៅមជ្ឈមណ្ឌលអបរំ Kawsar-e Danish ក្រៅពីសម្លាប់មនុស្ស២៤នាក់នៅមាន៥០នាក់ផ្សេងទៀតរងរបួស។
ក្រុមភេរវកម្ម IS បានចេញមុខ ទទួលខុសត្រូវពីការវាយប្រហារ ខាងលើ ប៉ុន្តែមិនបានផ្តល់ភស្តុតាំងណាមួយបន្ថែមទៀតនោះឡើយ។ ចំណែកក្រុមតាលីបង់វិញ បានច្រានចោល ថាខ្លួនមិនជាប់ពាក់ព័ន្ធ ការវាយប្រហារនោះដែរ។ រដ្ឋាភីបាលអាហ្វហ្គានីស្ថាន និងអង្គការណាតូ បានថ្កោលទោសយ៉ាងខ្លាំងដល់សកម្មភាព វាយប្រហារខាងលើ ដែលជាការវាយប្រហារសំដៅទៅលើក្រុម អ៊ីស្លាមនិកាយស៊ីអីត នៅភាគខាងលិចទីក្រុងកាប៊ុល។
នេះជាសកម្មភាពវាយប្រហារថ្មីបំផុតក្នុងប្រទេសនេះបង្កឡើងដោយក្រុមភេរវកម្ម រដ្ឋអ៊ីស្លាម (IS)។ ការវាយប្រហារលើកមុនៗភាគច្រើនបង្កឡើងដោយក្រុមតាលីបង់ ប៉ុន្តែ ក្រុមតាលីបង់និងរដ្ឋាភីបាលបានព្រមព្រៀងគ្នា ស្វែងរកសន្តិភាពបញ្ចប់សង្គ្រាម ដោយបានជួបពិភាក្សាគ្នាជាច្រើនលើកកន្លងមក៕