David Silva បង្កើតឱកាសដោយបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបាន២គ្រាប់ម្នាក់ឯង ខណៈដែលរូបគេបានជួយឲ្យក្រុម Real Sociedadឡើងឈរកំពូលតារាង La Liga ដោយទទួលបានជ័យជំនះលើក្រុមភ្ញៀវHuesca ក្នុងលទ្ធផល៤ទល់១។
Silva ដែលមានវ័យ៣៤ឆ្នាំទៅហើយបានចូលរួមជាមួយក្រុម Real Sociedad ក្នុងការផ្ទេរដោយឥតគិតថ្លៃបន្ទាប់ពីចាកចេញពីក្រុមManchester City បានជួយបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតនៅតង់ទី២ ដោយបានបញ្ជូនបាល់ (Assist) ឲ្យកីឡាករ Cristian Portu និងAlexander Isak នៅនាទីទី៦៨ និងនាទីទី៧៥។
ដោយឡែកកីឡាករ Mikel Oyarzabal បានស៊ុតបាល់បញ្ចូលទីចំនួន២គ្រាប់ឲ្យក្រុមម្ចាស់ផ្ទះ Real Sociedad រួមទាំងបាល់ប៉េណាល់ទីផងដែរ ហើយកីឡាករ Rafa Mir របស់ក្រុម Huesca ក៏រកបាន១គ្រាប់សងវិញដែរនៅនាទីទី៤៦។
ក្រុម Real Sociedad គឺជាក្រុមឈរនៅលើកំពូលតារាងលើក្រុម Real Madrid ប៉ុន្តែក្រុមរបស់លោក Zinedine Zidane នៅមានការប្រកួតនៅក្នុងដៃមួយប្រកួតទៀត។
គួររំលឹកថា ក្រុម Real Sociedad ធ្លាប់បានភ្លក់រសជាតិឈ្នះពានលីគកំពូលអេស្ប៉ាញ La Liga បាន២ដងក្នុងប្រវត្តិសាស្រ្តរបស់ក្លិបដែលជាជ័យជំនះចុងក្រោយគឺលើកពានកាលពីឆ្នាំ ១៩៨១-១៩៨២ ៕ដោយ៖ភារៈ