ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ នេះ ឈ្មោះ ប៉ូ ចាន់នី ជាអ្នកសារព័ត៌មាន «សាន្ត ព្រំ ព័ត៌មាន» និង មានរហស្សនាម «ស្អែកស្លាប់ ស្អែកស្លាប់» ត្រូវបានបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារខេត្តកណ្តាល ដើម្បីបន្តនីតិវិធី ។
គួររំលឹកថា នគរបាលស្រុកពញាឮ ខេត្តកណ្តាល កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ បានចាប់ខ្លួនឈ្មោះ ប៉ូ ចាន់នី ជាអ្នកសារព័ត៌មាន «សាន្ត ព្រំ ព័ត៌មាន» និង មានរហស្សនាម «ស្អែកស្លាប់ ស្អែកស្លាប់» នៅចំណុចភូមិតាជ័យ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល តាមដីកាបង្គាប់អោយចាប់ខ្លួនលោក អាត ច័ន្ទដារា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល ។
ឈ្មោះ ប៉ូ ចាន់នី រហស្សនាម «ស្អែកស្លាប់ ស្អែកស្លាប់» ពាក់ព័ន្ធបទល្មើស «គំរាមកំហែង , បរិហាកេរ្តិ៍ជាសាធារណៈ , ជេរប្រមាថជាសាធារណៈ , ញុះញង់អោយប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និង ប្រើប្រាស់ដោយខុសច្បាប់នូវសំលៀកបំពាក់ជាអាទិ៍ សម្រាប់អាជ្ញាធរសាធារណៈ» ប្រព្រឹត្តនៅលើបណ្តាញសង្គមហ្វេសប៊ុកឈ្មោះ «ស្អែកស្លាប់ ស្អែកស្លាប់» កាលពីថ្ងៃទី៥ ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ តាមមាត្រា២៣១ , មាត្រា៣០៥ , មាត្រា៣០៧ , មាត្រា៤៩៤ , មាត្រា៤៩៥ និង មាត្រា៦១២ នៃក្រមព្រហ្មទណ្ឌ ។
សមត្ថកិច្ចចាប់ខ្លួន ឈ្មោះ ប៉ូ ចាន់នី រហស្សនាម «ស្អែកស្លាប់ ស្អែកស្លាប់» នេះ គឺ បន្ទាប់ពីមានពាក្យបណ្តឹងរបស់លោក ផែង វណ្ណៈ ។ ប៉ុន្តែ ក្រោយមក លោក ផែង វណ្ណៈ បានដកពាក្យបណ្តឹង វិញ បន្ទាប់ពី ឈ្មោះ ប៉ូ ចាន់នី បានសុំទោស និង ទទួលស្គាល់កំហុស ។
ទោះបីយ៉ាងណា បណ្តឹងអាជ្ញា មិនបានរលត់តាមរយៈការដកពាក្យបណ្តឹងរបស់ដើមបណ្តឹងរដ្ឋប្បវេណី ឡើយ ។
មាត្រា៧ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ចែងថា «មូលហេតុនៃការរលត់បណ្តឹងអាជ្ញា មានដូចតទៅ គឺ ៖
១-មរណភាពនៃជនល្មើស ។
២-ការផុតអាជ្ញាយុកាល ។
៣-ការលើកលែងទោសជាទូទៅ ។
៤-និរាករណ៍នៃច្បាប់ព្រហ្មទណ្ឌ ។
៥-អាជ្ញាអស់ជំនុំ ។
កាលណាបណ្តឹងអាជ្ញាផុសរលត់ហើយ ការចោទប្រកាន់ខាងបទព្រហ្មទណ្ឌមិនអាចចាប់ផ្តើមបានទៀតទេ ឬ ត្រូវតែបញ្ឈប់ ។
នេះចាត់ទុកជាសារមួយដល់អ្នកសារព័ត៌មាន មិនត្រូវប្រើសិទ្ធិហួសពីព្រំដែន រហូតដល់ការជេរប្រមាថបុគ្គល និង ជេរប្រមាថមន្ត្រីអាជ្ញាធរសាធារណៈ ឡើយ ៕
ដោយ៖ចេស្តា