អន្តរជាតិ៖ លោកស្រី យីងឡាក់ ស៊ីនណាវ៉ាត់ អតីតនាយករដ្ឋមន្ត្រីថៃ ថ្មីៗនេះ បានបង្ហាញពីក្តីបារម្ភចំពោះស្ថានភាពប្រទេសថៃ ដែលកំពុងតែមានចលនាបាតុកម្មទាមទារឲ្យមានកំណែទម្រង់ប្រទេសទ្រង់ទ្រាយធំមួយនេះ ក៏មិនខុសពី៦ឆ្នាំមុន នៅពេលដែលលោកស្រី កាន់អំណាចនោះទេ។ ហើយជាពិសេសនោះ គឺទាមទារឲ្យនាយករដ្ឋមន្ត្រីបច្ចុប្បន្នលោក ប្រាយុទ្ធ ចាន់អូចា ចុះចេញពីតំណែងតែម្តង។
អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីនណាវ៉ាត់ក្រោយពីនិរទេសខ្លួនពីប្រទេសថៃរស់នៅបរទេសចាប់ពីឆ្នាំ២០១៧មក លោកស្រីកម្រនឹងធ្វើអត្ថាធិប្បាយផ្សេងៗពាក់ព័ន្ធនឹងនយោបាយថៃណាស់។ ហើយការលើកឡើងបែបនេះ ក៏ទំនងដោយសារតែលោកស្រី ឆ្អែតឆ្អន់នឹងប្រព័ន្ធនយោបាយ ដែលមានបំណងបំបាត់អ្នកនយោបាយវង្សត្រកូល ស៊ីនណាវ៉ាត់ ពីនយោបាយថៃ ក៏ថាបាន។
បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Strait Times បាននិយាយថា នាពេលថ្មីៗនេះ ស្របពេលរាជាណាចក្រថៃ កើតមានព្រឹត្តិការណ៍ផ្ទុះការតវ៉ាជាថ្មី អតីតនាយករដ្ឋមន្ត្រីស្ត្រីដំបូងរបស់ថៃរូបនេះ បានរម្លឹក និងទាញការចាប់អារម្មណ៍តាមរយៈបណ្តាញសង្គម Facebook អំពីអារម្មណ៍ និងការទទួលខុសត្រូវរបស់លោកស្រី នៅពេលដឹកនាំប្រទេស ក្រោមរូបភាពជាប់គាំងនយោបាយ ដោយសារតែចលនាតវ៉ាកើតឡើងទូទាំងប្រទេស បង្កឡើងដោយក្រុមអ្នកគាំទ្របក្សប្រឆាំង។
លោកស្រី យីងឡាក់ បានលើកឡើងក្នុងសំណេរតាមបណ្តាញសង្គមនោះថា លោកស្រី មិនច្បាស់ថាគ្រប់គ្នានៅចាំព្រឹត្តិការណ៍នោះទេ។ គឺព្រឹត្តិការណ៍កាលពី៦ឆ្នាំមុន មានក្រុមមនុស្សមួយក្រុម បានអះអាងខ្លួនថាជាគណៈកម្មាការកែទម្រង់ប្រជាធិបតេយ្យរបស់ប្រជាជនថៃ ហើយបានទាមទារឲ្យលោកស្រីចុះចេញពីតំណែង។
លោកស្រី បន្តថា នៅពេលនោះដែរ មេទ័ពថៃ គឺប្រាយុទ្ធ ចន្ទ អូចា ក៏បានសួរលោកស្រីផងថា លោកស្រី អាចបន្តដឹកនាំប្រទេសបានទៀតឬយ៉ាងណា។ ជាដំណោះស្រាយ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយរបស់ថៃផងដែរនោះ គឺអតីតនាយករដ្ឋមន្ត្រីរូបនេះ បានសម្រេចចិត្តប្រកាសរំលាយសភា ដើម្បីបើកផ្លូវសម្រាប់ការបោះឆ្នោតថ្មីមួយ ជាការផ្តល់ឱកាសឲ្យប្រជាពលរដ្ឋអាចកំណត់ជោគវាសនារបស់ប្រទេសតាមគោលការណ៍ប្រជាធិបតេយ្យ។
សូមជម្រាបថា ប្រាំមួយឆ្នាំក្រោយ ពោលគឺស្ថានភាពបច្ចុប្បន្នរបស់ថៃ លោកស្រី អះអាងថា ព្រឹត្តិការណ៍ដដែលបានកើតឡើងទៅលើរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ។ សិស្សនិស្សិត និងពលរដ្ឋក្មេងចាស់ បានបង្ហាញជំហរទាមទារចង់ឃើញការផ្លាស់ប្តូរប្រទេសដោយពួកគេបានទាមទារឲ្យលោកប្រាយុទ្ធ ចុះចេញពីតំណែង និងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលចលនានេះ លោកស្រី អះអាងថាកំពុងតែតាមដានយ៉ាងយកចិត្តទុកជាមួយនឹងការព្រួយបារម្ភដូចគ្នាផងដែរ។
គួររម្លឹកផងថា សម្រាប់លោកស្រី យីងឡាក់ ដែលធ្លាប់ជាអ្នកនយោបាយជួបរឿងព្យុះភ្លៀងជាច្រើនហើយនោះ បានបង្ហាញក្តីសង្ឃឹមថាលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ នឹងធ្វើការសម្រេចចិត្តមួយឆាប់រហ័ស ដើម្បីបន្ធូរបន្ថយស្ថានភាពនៅក្នុងប្រទេស ក៏ដូចជាផ្តល់ឱកាសឲ្យរាជាណាចក្រថៃ បន្តរីកចម្រើនទៅមុខទៀត។
គួរបញ្ជាក់ថា បើគិតត្រឹមថ្ងៃ២៥ តុលាម្សិលមិញនេះ ក្រុមបាតុករថៃ បានប្រកាសមិនដកថយឡើយប្រសិនបើ លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធមិនព្រមធ្វើតាមការស្នើរបស់ពួកគេ។ រីឯលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចន្ទ អូចា មិនទាន់បង្ហើបពីការចុះចេញពីតំណែងអ្វីឡើយ។ ក៏ប៉ុន្តែលោក បានទទូចឲ្យក្រុមបាតុករដកថយមួយជំហាន ខណៈរដ្ឋាភិបាលរបស់លោក នឹងលើកយកបញ្ហានេះ ដាក់នៅក្នុងរបៀបវារៈសម្រាប់ប្រជុំនៅសភាជាតិ ក្នុងគោលដៅរកដំណោះស្រាយបញ្ចប់វិបត្តិ៕ដោយ៖ស តារា