ពេលវេលានៅសល់មិនច្រើនទៀតឡើយសម្រាប់ប្រធានាធិបតីដូណាល់ ត្រាំក្នុងការកែប្រែស្ថានការណ៍ យកឈ្នះបេក្ខភាពចូលបៃឌិនក្នុងការបោះឆ្នោតនាថ្ងៃទី៣ខែវិច្ឆិកា ។លទ្ធផលស្ទងមតិនាពេលកន្លងមក លោកត្រាំ ត្រូវគូប្រជែងនាំមុខជានិច្ច។
អ្វីដែលប្រធានាធិបតីអាមេរិកដូណាល់ត្រាំបារម្ភបំផុតនោះគឺ មិនអាចបង្ហាញខ្លួនបានល្អដូចកាលពីឆ្នាំ២០១៦ ដោយពលនោះលោកត្រាំជាបុគ្គលថ្មីក្នុងនយោបាយអាមេរិក មិនមានអ្នកណាស្គល់ឡើយ ទើបមានការគាំទ្រខ្ពស់។ ចំណែកការបោះឆ្នោតឆ្នាំនេះ លោកត្រាំបានធ្វើឲ្យពលរដ្ឋអាមេរិកជាច្រើនខកចិត្តចំពោះការដឹកនាំរបស់លោកជិត៤ឆ្នាំកន្លងមក មិនបានល្អនោះឡើយ។ ទាំងនោះហើយការកែប្រែស្ថានភាពរបស់លោកត្រាំ ដើម្បីយកឈ្នះលោកបៃឌិន គឺជារឿងមួយដ៏លំបាកបំផុត។
បច្ចុប្បន្នលោកបៃឌិន នាំមុខលោកត្រាំចាប់ពី ៩-១០ពិន្ទុ ក្នុងការស្ទងមតិនាពេលថ្មីៗនេះ ។ ការគាំទ្របេក្ខភាពមកពីគណបក្សប្រជាធិបតេយ្យ គឺមានលើសពី៥០ ភាគរយ នៅគ្រប់ ការស្ទងមតិទាំងអស់ ។ ចំណែកកាលពីឆ្នាំ២០១៦ រយពេល២១ថ្ងៃទើបដល់ការបោះឆ្នោត ពេលនោះលោកស្រីហ៊ីលឡារីគ្លីនតុនទទួលបានការគាំទ្រតែ៤៥ភាគរយប៉ុណ្ណោះ។ ទាំងនោះហើយលោកត្រាំនឹងពិបាកនៅក្នុងការ កែប្រែការគំទ្រពីពលរដ្ឋអាមេរិក។
ជាមួយគ្នានេះនៅក្នុងរដ្ឋ ដែលមានប្រពៃណីគាំទ្រ គណបក្សសាធារណរដ្ឋ បែជាងាកមកគាំទ្រគណបក្សប្រជាធិបតេយ្យវិញដោយមានការគាំទ្រប្រហាក់ប្រហែលគ្នា ។ ប៉ុន្តែពលរដ្ឋអាមេរិក មិនសូវទុកចិត្តនឹងការស្ទងមតិឡើយ ដោយការស្ទងមតិមិនបានបង្ហាញពីតួលេខ ប្រហាក់ប្រហែលនិងលទ្ធផលពិតក្រោយពេលបោះឆ្នោត៕