ខេត្តស្វាយរៀង៖ ការអនុវត្តគោលការណ៍បរិស្ថានគ្មានផ្សែងបារីបានល្អ មិនត្រឹមតែជួយបង្កើតទីក្រុងទេសចរណ៍គ្មានផ្សែងបារីប៉ុណ្ណោះទេ ថែមទាំងកាត់បន្ថយហានិភ័យនៃគ្រោះថ្នាក់ពីការកើតជំងឺនានា ជាពិសេសជំងឺកូវីដ-១៩ ព្រោះថាការយកដៃមិនស្អាតទៅប៉ះមាត់ពេលជក់បារីអាចធ្វើឲ្យអ្នកជក់ឆ្លងមេរោគបាន ហើយលើសពីនេះទៀត ការជក់បារីនាំឲ្យខូចសួត និងផ្នែកផ្សេងទៀតនៃរាងកាយ ប្រសិនបើឆ្លងជំងឺកូវីដ-១៩ ដោយចៃដន្យណាមួយ នឹងធ្វើឲ្យអ្នកជំងឺនេះស្ថិតក្នុងទម្រង់ធ្ងន់ធ្ងរ។
លោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានមានប្រសាសន៍យ៉ាងដូច្នេះនៅក្នុងសិក្ខាសាលា និងពិធីចែកពាន “បរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍” ដែលបានរៀបចំឡើងនៅខេត្តស្វាយរៀងកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ កន្លងទៅនេះ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង អភិបាលរងក្រុងបាវិតនិងក្រុងស្វាយរៀង ចៅសង្កាត់ និងផ្នែកឯកជននៃវិស័យទេសចរណ៍នៅក្នុងក្រុងស្វាយរៀង ក៏ដូចជាផ្នែកពាក់ព័ន្ធជាច្រើនទៀតផងដែរ។
លោក ហោ សារុន បានលើកទឹកចិត្តឲ្យអាជ្ញាធរមូលដ្ឋាន និងម្ចាស់អាជីវកម្មសេវាកម្មទេសចរណ៍ទាំងអស់ចូលរួមទាំងអស់គ្នាដើម្បីប្រែក្លាយទីក្រុងស្វាយរៀងរបស់យើងជាទីក្រុងទេសចរណ៍គ្មានផ្សែងបារីក្នុងគោលបំណងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ និងភ្ញៀវទេសចរតាមរយៈការកាត់បន្ថយផលប៉ះពាល់ដល់សុខភាព សេដ្ឋកិច្ច សង្គម និងបរិស្ថាន។
សិក្ខាសាលានេះមានគោលបំណងផ្សព្វផ្សាយអំពីច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ លិខិតបទដ្ឋានគតិយុត្តិនានាពាក់ព័ន្ធនឹងច្បាប់ និងសេចក្តីណែនាំរបស់ក្រសួងទេសចរណ៍អំពីបរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍ដល់អាជ្ញាធរមូលដ្ឋាន និងម្ចាស់មូលដ្ឋានអាជីវកម្មសេវាកម្មនានា។
ដើម្បីលើកទឹកចិត្តដល់ការចូលរួមរបស់ផ្នែកឯកជននៃវិស័យទេសចរណ៍នៅក្នុងក្រុងស្វាយរៀង កាលពីខែសីហាកន្លងទៅថ្មីៗនេះ ក្រុមការងារបរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍សហការជាមួយក្រសួងសុខាភិបាល និងដៃគូអភិវឌ្ឍន៍ បានចុះវាយតម្លៃមូលដ្ឋានអាជីវកម្មសេវាកម្មមួយចំនួន ហើយបានជ្រើសរើសមូលដ្ឋានអាជីវកម្មសេវាកម្មដែលមានស្នាដៃឆ្នើមក្នុងការអនុវត្តគោលការណ៍បរិស្ថានគ្មានផ្សែងបារីបានល្អ ដើម្បីចែកជូនពាន និងបណ្ណសរសើរនៅក្នុងពិធីនាថ្ងៃនេះផងដែរ ។
មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ឆ្នើមដែលទទួលពានបរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍នៅថ្ងៃនេះត្រូវបានវាយតម្លៃជ្រើសរើសដោយផ្អែកទៅលើពិន្ទុនៃកម្រងសំណួរដែលបានរៀបចំឡើង ដោយមានសូចនាករ លក្ខណៈវិនិច្ឆ័យត្រឹមត្រូវ យោងទៅតាមច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ និងលិខិតបទដ្ឋានគតិយុត្តិនានាក្រោមច្បាប់ រួមមាន អនុក្រឹត្យ ប្រកាស សារាចរ សេចក្តីណែនាំ….
។ល។ ចំណុចសំខាន់ៗដែលមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ត្រូវប្រកាន់យកមានដូចជា៖ ត្រូវបិទផ្សាយឬដាក់បម្រាមហាមជក់នៅតាមផ្លូវចូល និងកន្លែងសមស្របដែលអាចមើលឃើញច្បាស់ មិនត្រូវដាក់តាំងឬបង្ហាញប្រដាប់គោះបារី ត្រូវបង្គាប់មិនឲ្យអ្នកជក់ឬបង្ហុយផ្សែងផលិតផលថ្នាំជក់ក្នុងកន្លែងហាមឃាត់ មិនត្រូវផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់ក្នុងបរិវេណមូលដ្ឋានរបស់ខ្លួនទោះក្នុងទម្រង់ណាក៏ដោយ អាចដាក់តាំងបង្ហាញកញ្ចប់ផលិតផលថ្នាំជក់ធម្មតាបានតែមួយកញ្ចប់ក្នុងមួយម៉ាក ត្រូវដាក់តាំងបង្ហាញ ឬលក់តែផលិតផលថ្នាំជក់ណាដែលមានសារព្រមានសុខភាពជារូបភាព និងជាភាសាខ្មែរទំហំ៥៥%បោះពុម្ពលើផ្នែកខាងលើផ្ទៃសំខាន់ទាំងពីរនៃកញ្ចប់ផលិតផលថ្នាំជក់។
លោក ហោ សារុន បានលើកឡើងបន្ថែមទៀតថា បច្ចុប្បន្នយើងបាននិងកំពុងអនុវត្តវិធានការអប់រំ មិនទាន់មានការផាកពិន័យនៅឡើយ។ ច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់បានដាក់ឱ្យប្រើប្រាស់តាំងពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៥ មកម៉្លេះ។
សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ កន្លងទៅនេះ ក៏មានកិច្ចប្រជុំពិភាក្សាមួយរវាងក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តស្វាយរៀង ដែលបានឯកភាពលើគំនិតផ្តួចផ្តើមក្នុងការប្រែក្លាយទីក្រុងស្វាយរៀងជាទីក្រុងទេសចរណ៍គ្មានផ្សែងបារីនៅចុងឆ្នាំ២០២១។
ការចែកពាននិងបណ្ណសរសើរ និងសិក្ខាសាលាថ្ងៃនេះគឺជាសកម្មភាពគាំទ្រមួយ ដើម្បីជំរុញឲ្យទីក្រុងស្វាយរៀងក្លាយជាទីក្រុងទេសចរណ៍គ្មានផ្សែងបារីនៅចុងឆ្នាំ២០២១ ខាងមុខនេះ៕ ដោយ៖ យឹម សុថាន