ទីបំផុត! ព្រះចៅ ស៊ូលតង់ ៖ មិនចាំបាច់ត្រូវប្រកាសអាសន្នបិទប្រទេសនោះទេ ព្រោះបច្ចុប្បន្នរដ្ឋាភិបាលគ្រប់គ្រងការឆ្លងរីករាលដាលនៃជំងឺ COVID-19 បានល្អ

ចែករំលែក៖

អន្តរជាតិ៖ បន្ទាប់ពីការពិភាក្សាគ្នា និងផ្អែកលើស្ថានការណ៍បច្ចុប្បន្ន ខណៈដែលប្រទេសម៉ាឡេស៊ីកំពុងបន្តប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាតសកល COVID-19 ស្រាប់តែពេលនេះ ព្រះចៅ ស៊ូលតង់ អាប់ឌុលឡាហ៍ អាហ៍ម៉ាត់ ហ្សាហ៍ (Sultan Abdullah Sultan Ahmad Shah) ព្រះមហាក្សត្រនៃសហព័ន្ធម៉ាឡេស៊ី បានចេញព្រះរាជសារក្រើនរំលឹក ឲ្យអ្នកនយោបាយទាំងអស់បញ្ឈប់ការធ្វើនយោបាយ ដែលអាចបំផ្លាញស្ថិរភាពរដ្ឋាភិបាល។  មិនតែប៉ុណ្ណោះ ព្រះចៅ ស៊ូលតង់ ទ្រង់យល់ថា វាពិតជាមិនចាំបាច់ត្រូវប្រកាសអាសន្នថ្នាក់ជាតិនោះទេព្រោះថារដ្ឋាភិបាលនាពេលបច្ចុប្បន្ន បានគ្រប់គ្រងការឆ្លងរីករាលដាលនៃជំងឺ COVID-19 ប្រកបដោយប្រសិទ្ធភាព។

បើតាមសារព័ត៌មានចិនស៊ីនហួ នាព្រឹកថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២០ បានដកស្រង់ចេញផ្សាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ពីព្រះបរមរាជវាំងម៉ាឡេស៉ី បានគូសបញ្ជាក់ថា ព្រះមហាក្សត្របានបើកកិច្ចប្រជុំមួយផ្សេងទៀត បន្ទាប់ពីនាយករដ្ឋមន្ត្រីលោក មូហ៍យីដទីនយ៉ាស់ស៊ីន (Muhyiddin Yassin) បានទូលសុំការយល់ព្រមពីព្រះអង្គ ដើម្បីប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន យោងទៅតាមច្បាប់រដ្ឋធម្មនុញ្ញ ដែលនឹងផ្តល់អំណាចបន្ទាន់ឲ្យរដ្ឋាភិបាល ដើម្បីដោះស្រាយការគំរាមកំហែង ដែលបង្កឡើងដោយជំងឺ COVID-19

ក្នុងសេចក្តីថ្លែងការណ៍ដដែល បន្តថា ព្រះករុណានៃយើងមានជំនឿយ៉ាងមុតមាំថា រដ្ឋាភិបាលក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រី នឹងអាចបន្តអនុវត្តគោលនយោបាយ និងវិធានការនានាដើម្បីបញ្ឈប់ការរីករាលដាលនៃជំងឺ COVID-19 បន្ថែមពីលើនេះ ព្រះមហាក្សត្រម៉ាឡេស៊ីក៏បានជំរុញឲ្យអ្នកនយោបាយ ដែលកំពុងបន្តខ្វែងគំនិតគ្នា ត្រូវដោះស្រាយបញ្ហាតាមរយៈការពិគ្រោះយោបល់ និងដំណើរការតាមផ្លូវច្បាប់ដើម្បីឆ្ពោះទៅរកការងើបឡើងវិញរបស់ប្រទេសជាតិ។

ព្រះចៅ ស៊ូលតង់ នៅក្នុងសេចក្តីថ្លែងការណ៍ដដែល បានមានព្រះបន្ទូលក្រើនរំលឹកដល់ពលរដ្ឋម៉ាឡេស៊ីទាំងអស់ ជាពិសេសក្រុមអ្នកនយោបាយ ឲ្យគិតគូរពិចារណាលើការសាមគ្គីគ្នាឡើងវិញ ហើយសមាជិកសភាទាំងអស់ត្រូវតែបញ្ឈប់ជាបន្ទាន់ នូវការធ្វើនយោបាយដោយគ្មានទំនួសខុសត្រូវ ដែលអាចរំខានដល់ស្ថិរភាព របស់រដ្ឋាភិបាលដែលមានស្រាប់។

ជាក់ស្តែងប្រទេសម៉ាឡេស៊ី បានប្រឈមនឹងការផ្ទុះឡើងសារថ្មីនៃជំងឺ COVID-19 ចាប់តាំងពីចុងខែកញ្ញាមកម្ល៉េះ ក្រោយប្រទេសអាស៊ានមួយនេះបានកត់ត្រា ការកើនឡើងទ្វេដងនៃចំនួនករណីឆ្លង ក្នុងរយៈពេលតែមួយខែប៉ុណ្ណោះ។ ព្រោះនៅចំពោះមុខនៃការកើនឡើងករណីឆ្លង COVID-19 ថ្មីៗយ៉ាងគំហុកបែបនេះ រដ្ឋាភិបាលបានដាក់ចេញនូវវិធានការរឹតត្បិតសកម្មភាពនានាឡើងវិញ នៅតាមបណ្តារដ្ឋជាច្រើនរួមទាំងទីក្រុងគូឡាឡាំពួរផងដែរ។

សូមជម្រាបថា ការផ្ទុះឡើងវិញនៃជំងឺរាតត្បាត COVID-19 បានកើតឡើងចំពេលដែលភាពវឹកវរនយោបាយ នៅក្នុងប្រទេសម៉ាឡេស៊ីបានកើតឡើងសាជាថ្មីម្តងទៀត បន្ទាប់ពីមេដឹកនាំគណបក្សប្រឆាំង និងជាអតីតឧបនាយករដ្ឋមន្ត្រី លោក អាន់វ៉ា អ៉ីប្រាហ៊ីម (Anwar Ibrahim) មានបំណងចង់កាន់កាប់រដ្ឋាភិបាលដោយសំអាងថា លោកបានទទួលសំឡេងគាំទ្រភាគច្រើន ពីសមាជិកសភាជាន់ទាប។

គួររម្លឹកផងដែរថា កាលពីខែមីនា នាយករដ្ឋមន្ត្រីម៉ាឡេស៉ីលោក Muhyiddin ដែលបានឡើងកាន់អំណាច ជំនួសលោក មហាធៀ ម៉ូហាំម៉ាត់(Mahathir Mohamad) គ្រោងនឹងដាក់បញ្ចូនគម្រោងកញ្ចប់ថវិកាសម្រាប់ឆ្នាំ២០២១ ទៅឲ្យសភានៅខែក្រោយ ដែលតម្រូវឲ្យមានសំឡេងគាំទ្រភាគច្រើនពីសមាជិកសភា ដើម្បីអនុម័ត ប៉ុន្តែសមាជិកគណបក្សប្រឆាំងជាច្រើនរូប បានបង្ហាញភាពគ្មានទំនុកចិត្ត ទៅលើរដ្ឋាភិបាលរបស់លោក។

ដោយឡែកបើយោងតាមរដ្ឋធម្មនុញ្ញម៉ាឡេស៊ី ព្រះមហាក្សត្រតែងដើរតួនាទីយ៉ាងសំខាន់ នៅក្នុងព្រះរាជកិច្ចសម្របសម្រួលនយោបាយម៉ាឡេស៊ី ដោយសារតែព្រះអង្គអាចតែងតាំងនាយករដ្ឋមន្ត្រី ដែលជាអ្នកទទួលបានសំឡេងភាគច្រើននៅក្នុងសភា។ លើសពីនេះព្រះអង្គក៏មានសិទ្ធិរំលាយសភា និងត្រាស់បង្គាប់ឲ្យមានការបោះឆ្នោត តាមការទូលស្នើពីសំណាក់នាយករដ្ឋមន្ត្រីផងដែរ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print