ភ្នំពេញ៖ ជនសង្ស័យ២នាក់ដែលធ្វើសកម្មភាពឆក់យកកាបូបពីស្ត្រីម្នាក់តាំងព្រលឹមអុរ នៅក្បែរប៉ុស្តិ៍កាកាបទី២ ខាងមុខស្ថានីយប្រេង តេលា ផ្លូវរថភ្លើង ស្ថិតក្នុងភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០នោះរហូតមកដល់វេលាម៉ោង២១យប់ថ្ងៃទី២៦ខែតុលាឆ្នាំ២០២០នេះត្រូវបានកម្លាំងជំនាញខណ្ឌពោធិ៍សែនជ័យ ចាប់ខ្លួនបានជាបន្តបន្ទាប់ហេីយ ។
ជនសង្ស័យទី១-ឈ្មោះ ប៊ុនឈឿន ពិសិទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបុរីពិភព ថ្មីឈូកវ៉ា ក្នុងភូមិអណ្តូង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
ទី២-ឈ្មោះ ហុន ប៊ុនខេង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលក្នុងភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ចំណែកជនរងគ្រោះឈ្មោះ គង់ សុខជា ភេទស្រី អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់លតឆា មានទីលំនៅ ភូមិតាងួន សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សម្ភារបាត់បង់មាន លុយខ្មែរ ចំនួន១០០.០០០រៀល, ទូរស័ព្ទដៃ១គ្រឿងម៉ាកOPPO ពណ៌ខ្មៅ, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជារបស់ជនរងគ្រោះចំនួន១សន្លឹក។
គួររំលឹកថា កាលពីព្រឹកថ្ងៃទី២៤ តុលា ២០២០ ជនរងគ្រោះបានជិះម៉ូតូ១គ្រឿងចេញពីទិញអីវ៉ាន់នៅផ្សារស៊ិនជូរីផ្លាហ្សា រួចត្រឡប់ទៅផ្ទះវិញ ពេលមកដល់ចំណុច ខាងមុខស្ថានីយប្រេងតេលា ផ្លូវរថភ្លើង ស្ថិតនៅភូមិព្រៃសាលា សង្កាត់កាកាបទី ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ស្រាប់តែមានជនសង្ស័យចំនួន២នាក់ខាងលើ បានជិះម៉ូតូ១គ្រឿងម៉ាកSUZU KI NEX ពណ៌ទឹកប្រាក់ មិនចាំស្លាកលេខ (មើលតាមរយៈកាមេរ៉ាសុវត្ថិភាព) បានជិះតាមពីខាងក្រោយម៉ូតូរបស់ជនរងគ្រោះ រួចក៏ធ្វើសកម្មភាពឆក់ យកកាបូបស្ពាយដែលជារបស់ជនរងគ្រោះដាក់ជាប់និឹងម៉ូតូបានសម្រេច ហើយ បណ្តាលឱ្យជនរងគ្រោះដួលរងរបួស ចេញឈាមនិងសន្លប់នៅកន្លែងកើតហេតុ ចំណែកក្រុមជនសង្ស័យបាននាំគ្នាជិះម៉ូតូគេចខ្លួន ទៅតាមផ្លូវបេតុង ទៅក្នុងបុរីពិភពថ្មីឈូកវ៉ា២ បាត់តែម្តង ។
លុះនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៧និង០០នាទី ទើបកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី២ និងកម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានដេញតាមជនសង្ស័យចំនួន២នាក់ដែលជិះម៉ូតូ១គ្រឿងម៉ាក SUZUKI NEX ពណ៌ខៀវ មិនចាំស្លាកលេខ បានធ្វើសកម្មភាពបង្ហោះម៉ូតូតាមផ្លូវសាធារណៈ។ ដោយមានការសង្ស័យទើបកម្លាំងសមត្ថកិច្ចនគរបាលយើងបានជិះ ម៉ូតូដេញតាម រហូតមកដល់ចំណុចផ្លូវបេតុង ក្នុងភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជនសង្ស័យម្នាក់ដែលអង្គុយនៅខាងក្រោយបានលោតចុះពីលើម៉ូតូ ចំណែកជនសង្ស័យម្នាក់ទៀតដែលជាអ្នកបើកម៉ូតូបានបន្ថែមល្បឿនម៉ូតូជិះរត់គេចខ្លួនបាត់ នៅសល់តែជនសង្ស័យឈ្មោះ
ប៊ុនឈឿន ពិសិទ្ធ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលធ្វើការឃាត់ខ្លួននាំយកមកសាកសួរនៅផ្នែកនគរបាល យុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ តែម្តង ។
ក្រោយការសាកសួរ ជនសង្ស័យបានសារភាពថារូបខ្លួននិងបក្ខពួកម្នាក់ទៀតឈ្មោះ អាសង់ទី ភេទប្រុស អាយុប្រហែល១៨ឆ្នាំ មុខរបរ និងទីលំនៅមិនពិតប្រាកដ (គេចខ្លួន) ពិតជាបានធ្វើសកម្មភាពឆក់យកកាបូបស្ពាយពី ជនរងគ្រោះប្រាកដមែន ចំណែកលុយដែលឆក់បានពីជនរងគ្រោះ គឺឈ្មោះ អាសង់ទី ចែកមកឱ្យរូបខ្លួនចំនួន៥០.០០០៛ ហើយទូរស័ព្ទរបស់ជនរងគ្រោះ គឺឈ្មោះអាសង់ទី ជាអ្នកទុក ។
ក្រោយមកកម្លាំងបាននាំឈ្មោះ ប៊ុន ឈឿន ពិសិដ្ឋ ទៅចង្អុលបង្ហាញទីតាំងលាក់ខ្លួនរបស់ឈ្មោះ អាសង់ទី ឈ្មោះ ពិតហុន ប៊ុនខេង នៅចំណុចបន្ទប់ជួលភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់កំពុងស្ថិតនៅក្រោមការសាកសួរនិងឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីត្រៀមបញ្ជូនឡើងតុលាការចាត់ការតាមនីតិវិធីច្បាប់៕
ដោយ ៖ សុខាសែនជ័យ