ភ្នំពេញ៖ បើយោងតាមប្រភពព័ត៍មានពីប្រជាពលរដ្ឋ បានបង្ហើបឲ្យដឹងថា ទីតាំងល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់ជាច្រើន កំពុងបើកលេងផ្គើនសមត្ថកិច្ចខណ្ឌចំការមន ដោយជ្រកក្រោមស្លាកយីហោ”មណ្ឌលកំសាន្តអធិរាជ” លេងទាំងយប់ទាំងថ្ងៃ គឺ២៤ម៉ោងលើ២៤ម៉ោងដូចជាគ្មានខ្លាចរអាពីការបង្ក្រាបរបស់អាជ្ញាធរ និងសមត្ថកិច្ចខណ្ឌចំការមនសូម្បីតែបន្តិចសោះ តើព្រោះតែហេតុអ្វី…? ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
ប្រជាពលរដ្ឋ លើកឡើងទៀតថា ទីតាំងហ្គេមបាញ់ត្រីខុសច្បាប់ទាំងនេះ កំពុងបើកដំណើរការយ៉ាងរលូន ដោយទទួលបានអតិថិជនសុទ្ធតែជាក្រុមអ្នកញៀនល្បែង ក៏ដូចជា ក្រុមជនសង្ស័យនាំគ្នាមកពួនសម្ងំលេងយ៉ាងរំភើយ ហើយអាចជាកន្លែងសម្រាប់គេចពីការលាក់ខ្លួនមកប្រើប្រាស់ថ្នាំញៀនទៀតផង តែបើនៅតែមិនបង្រ្កាបនោះទេ អាចជនញៀនល្បែងទាំងនោះនឹងប្រព្រឹត្តិបទល្មើសលួច ឆក់ ប្លន់ ពីប្រជាពលរដ្ឋដែលកំពុងតែនៅក្នុងសង្កាត់ទន្លេបាសាក់ ច្បាស់ជាកើតឡើងជាមិនខាន ។
គួរបញ្ជាក់ផងដែរថា កន្លងមកបើទោះបីជាមានការដាក់បទបញ្ជាពីលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បញ្ជាឲ្យអាជ្ញាធរ និងសមត្ថកិច្ចទាំង១៤ខណ្ឌ ធ្វើយ៉ាងណាត្រូវតែចុះបង្ក្រាបរាល់បទល្មើសផ្សេងៗ ជាពិសេស ល្បែងស៊ីសងប្រភេទហ្គេមបាញ់ត្រីនេះ។ ប៉ុន្តែយ៉ាងណាក៏ដោយ គេសង្កេតឃើញថា ម្ចាស់ទីតាំងបើកល្បែងស៊ីសងទាំងនោះ នៅតែបន្តលួចលាក់បើកលេងដដែល ដោយមិនខ្លាចសមត្ថកិច្ចបង្រ្កាបទាល់តែសោះ ។
ដូច្នេះពលរដ្ឋសំណូមពរសូមឲ្យអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងខណ្ឌចំការមន មេត្តាជួយចុះទៅបង្រ្កាបទីតាំងល្បែងហ្គេមបាញ់ត្រីទាំងនោះផង៕ដោយ៖ជីណា