ជនរងគ្រោះស្លាប់ដោយជំនន់ទឹកភ្លៀងកើនដល់ ៤៣នាក់ ក្នុងនោះខេត្តបន្ទាយមានជ័យមានចំនួន២៦នាក់

ចែករំលែក៖

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី២៦ ខែតុលាឆ្នាំ ២០២០ ជនរងគ្រោះបានស្លាប់ដោយសារជំនន់ទឹកភ្លៀងកើនឡើងដល់ ៤៣នាក់។ ក្នុងនោះខេត្តបន្ទាយមានជ័យមានចំនួនអ្នកស្លាប់រហូតដល់ ២៦នាក់។ នេះបើយោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០។
តាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានបញ្ជាក់ថា ៖ ពលរដ្ឋរងគ្រោះដែលស្លាប់ដោយសារជំនន់ទឹកភ្លៀងរួមមានក្នុងខេត្ត ៖ ខេត្តបន្ទាយមានជ័យចំនួន ២៦នាក់ ខេត្តពោធិ៍សាត់ចំនួន ៦នាក់ ខេត្តប៉ៃលិន ១នាក់ ខេត្តព្រះសីហនុ២នាក់ ខេត្តកំពង់ធំ៦នាក់ ខេត្តស្ទឹងត្រែង ១នាក់ និងខេត្តកំពង់ឆ្នាំង១នាក់។
សូមជម្រាបជូនផងដែរថា៖ ដើម្បីជាការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះជនរួមជាតិរងគ្រោះ និងដោះស្រាយការលំបាករបស់គ្រួសារសព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចឧបត្ថម្ភគ្រួសារសពក្នុងមួយសព ថវិកាចំនួន ១០លានរៀល ក្នុងនោះឧកញ៉ា ឡាវ ប៊ុនប៉ា ក៏បានជួយឧបត្ថម្ភចំនួន ៤លានរៀលផងដែរ។
តាមរបាយការណ៍ដដែលខាងលើបានបញ្ជាក់ថា ៖ គ្រោះទឹកជំនន់បានបង្កឲ្យប៉ះពាល់រាជធានីខេត្តចំនួន២០ក្នុងនោះរួមមាន ៖ ខេត្តពោធិ៍សាត់ ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ ភ្នំពេញ ខេត្តបាត់ដំបង ខេត្តស្វាយរៀង ខេត្តត្បូងឃ្មុំ ខេត្តឧត្ដរមានជ័យ ខេត្តសៀមរាប ខេត្តតាកែវ ខេត្តកំពង់ស្ពឺ ខេត្តមណ្ឌលគិរី ខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំ។ ទឹកជំនន់នេះធ្វើឲ្យប៉ះពាល់ប្រជាពលរដ្ឋជិត ១៥ម៉ឺនគ្រួសារ ស្មើនឹងជិត ៦០ម៉ឺននាក់។ ក្នុងនោះប្រជាពលរដ្ឋជាង១ម៉ឺនគ្រួសារ ស្មើនឹងជិត ៥ម៉ឺននាក់ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។
សូមរំលឹកផងដែរថា ៖ ក្នុងកំឡុងពេលជំនន់ទឹកភ្លៀង បានវាយលុក លិចលំនៅដ្ឋាន ស្រែចំការ ផលដំណាំរបស់ប្រជាពលរដ្ឋ យើងឃើញថា អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចទាំង ៣ស្ថាប័ន ជាពិសេសប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោហ៊ុនសែន បានចុះជួយអន្តរាគមន៍ប្រជាពលរដ្ឋ គ្រប់ទីកន្លែង ដែលមានន័យថាជួយគ្នាក្នុងគ្រាលំបាក។ ក្នុងនោះសូម្បីតែប្រជាពលរដ្ឋ ក៏បានថ្លែងអំណរគុណចំពោះទឹកចិត្តរបស់កងទ័ពដែលបានជួយសង្គ្រោះប្រជាពលរដ្ឋ ទាន់ពេលវេលា គ្មានគិតពីការហត់នឿយ យប់ថ្ងៃ ក្នុងន័យខ្មែរស្រលាញ់ខ្មែរ ៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print