អាមេរិក ស្វាគមន៍​ចំពោះ​ការលេចឡើង​របស់​ឥណ្ឌា​ ក្នុងនាម​ជា​ប្រទេស​ដឹកនាំ​ថ្នាក់​តំបន់ និង​ជា​មហាអំណាច​សកល

ចែករំលែក៖

អន្តរជាតិ៖ បើតាម​ការប្រកាស​របស់​ក្រសួងការបរទេស​អាមេរិក មុន​ជំនួប​ថ្នាក់​រដ្ឋមន្ត្រីការបរទេស និង​ការពារជាតិ​អាមេរិក​-​ឥណ្ឌា​ បានអះអាងថា៖ សហរដ្ឋអាមេរិក ស្វាគមន៍​ចំពោះ​ការលេចឡើង​របស់​ឥណ្ឌា​ក្នុងនាម​ជា​ប្រទេស​ដឹកនាំ​ថ្នាក់​តំបន់ និង​ជា​មហាអំណាច​សកល​។ខណៈដែលនៅថ្ងៃទី​១ ខែមករា ឆ្នាំ​២០២១ខាងមុខនេះ ឥណ្ឌា នឹង​ចូល​អង្គុយ​នៅ​កៅអី​សមាជិក​មិន​អចិន្ត្រៃយ៍​របស់​អង្គការសហប្រជាជាតិ​។

បើតាម​ការផ្សាយ​របស់​កា​សែត Hindustan Times បាននិយាយថា លោក ម៉ៃ ប៉ុ​ម​ប៉េ​អូ រដ្ឋមន្ត្រីការបរទេស និង​រដ្ឋមន្ត្រី​ការពារជាតិ លោកម៉ាក អេ​ស្ព័​រ នឹង​ជួប​ជាមួយ​សម​ភាគី​ឥណ្ឌា លោក S Jaishankar និង​លោក Rajnath Singh នៅ​ថ្ងៃទី​២៧ ខែតុលានេះ ដើម្បី​ជជែក​ពី​បញ្ហា​សន្តិសុខ​តំបន់ និង​ការពង្រឹង​ទំនាក់ទំនង​ការទូត​។ នេះ​បើតាម​ការប្រកាស​រប​ស់​ក្រសួងការបរទេស​អាមេរិក ។

ជាក់ស្តែងក្រសួងការបរទេស​អា​មេ​រិ​ក ​បានលើកឡើង​ថា៖«​អាមេរិក ស្វាគមន៍​ការលេចឡើង​របស់​ឥណ្ឌា​ក្នុងនាម​ជា​មហាអំណាច​សកល និង​ប្រទេស​ដឹកនាំ​ក្នុង​តំបន់​»​។ នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​មួយ​របស់ខ្លួនដដែល បានបន្ថែមថា ទីក្រុង​វ៉ា​ស៊ី​តោន នឹង​សហការ​ជាមួយ​ទីក្រុង​ញូវដែលី​ឲ្យ​កាន់តែ​ជិតស្និទ្ធ​បន្ថែមទៀត ក្នុងអំឡុងពេល​ឥណ្ឌា​ចូល​អង្គុយ​នៅ​កៅអី​សមាជិក​មិន​អចិន្ត្រៃយ៍​របស់​ក្រុមប្រឹក្សាសន្តិសុខ​នៃ​អង្គការ​សហ​ប្រជា​តិ​នាពេលខាងមុខ​។

​ទន្ទឹមនឹងនេះ ក្រសួងការបរទេស​អា​មេ​រិ​ក បាន​បញ្ជាក់ទៀតថា ការពង្រឹង​ទំនាក់ទំនង​ទ្វេភាគី ជាការ​បង្ហាញ​ពី​ការពង្រឹង​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ស៊ីជម្រៅ​លើ​បញ្ហា​មួយចំនួន​, ការបង្កើត​តម្លៃ​រួមគ្នា និង​ការប្តេជ្ញា​លើ​កិច្ចសហប្រតិបត្តិការ​យុទ្ធសាស្ត្រ​សេរី និង​បើកចំហ​ក្នុង​តំបន់​អាស៊ី​-​បា​ស៊ី​ហ្វិ​ក​ជាដើម​។​

​សូមជម្រាបថា នៅ​ដើមឆ្នាំ​២០២០​កន្លងមក ប្រធានាធិបតី​អាមេរិក លោក​ដូ​ណា​ល់ ត្រាំ បានមក​ទស្សនកិច្ច​នៅ​ឥណ្ឌា និង​បាន​ចុះ​កិច្ចព្រមព្រៀង​មួយចំនួន​។ ក្នុងពេល​ថ្មីៗ​នេះ លោក ស្តេ​ហ្វិ​ន ប៊ី​ហ្កា​ន់ រដ្ឋលេខាធិការ​ក្រសួងការបរទេស​អាមេរិក ក៏​បានមក​ទស្សនកិច្ច​នៅ​ឥណ្ឌា​ដែរ ដើម្បី​រៀបចំ​ជំនួប​រដ្ឋមន្ត្រី ២​បូក​២ ពេលនេះ​។​ ខណៈអាមេរិក ក្នុង​រយៈពេល​ចុងក្រោយ​នេះ បាន​ខិត​ទៅជិត​ឥណ្ឌា​យ៉ាងខ្លាំង ស្របពេល​ប្រទេស​ទាំងពីរ កំពុងមាន​ជម្លោះ​ជាមួយ​ចិន​។

គួរបញ្ជាក់ថា នៅ​ថ្ងៃទី​២៧ ខែតុលានេះ ជំនួប​រដ្ឋមន្ត្រីការបរទេស និង​ការពារជាតិ​រវាង​ឥណ្ឌា គឺជា​កិច្ចប្រជុំ​លើក​ទី​៣​ហើយ បើ​គិត​ចាប់ពី​ឆ្នាំ​២០១៨​មក​។ លើក​ទី​១ គឺ​បាន​ប្រារព្ធ​ឡើង​នៅក្នុង​ខែធ្នូ ឆ្នាំ​២០១៨ នៅ​ទីក្រុង​ញូវដែលី និង​លើក​ទី​ពីរ នៅ​ខែធ្នូ ឆ្នាំ​២០១៩ នៅ​ទីក្រុង​វ៉ាស៊ីនតោន​។ជាមួយគ្នានេះ អាមេរិក និង​ឥណ្ឌា ក៏បាន​ពង្រឹង​ទំនាក់ទំនង​បន្ថែមទៀត​តាមរយៈ​យន្តការ​កិច្ចសន្ទនា​ចតុ​ភាគី (Quad) ផងដែរ​។ ក្រុម​ប្រទេស​នេះ នឹងមាន​សមយុទ្ធ​យោធា​រួមគ្នា​នៅពេល​ខាងមុខ​ផងដែរ​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print