នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានបញ្ជាក់ថា អាមេរិកនិងឥណ្ឌាចាំបាច់ត្រូវតែធ្វើការជាមួយគ្នាដើម្បីទប់ទល់ការគំរាមកំហែងពីប្រទេសជិតខាង គឺប្រទេចិន។
រដ្ឋមន្ត្រីការបរទេសអាមេរិកPompeo រួមជាមួយរដ្ឋមន្ត្រីការពារជាតិលោក Mark Esperបានបំពេញទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌាដើម្បីពិភាក្សា ស្តីពីយុទ្ធសាស្ត្រការពារជាតិ និងការប្រឈមមុខតានតឹងក្នុងតំបន់ ។ សកម្មភាពខាងលើកើតឡើងក្រោយពេលដែលទាហានឥណ្ឌានិងចិនបានប្រឈមមុខដាក់គ្នានៅតំបន់ព្រំដែនជើងភ្នំហេមពាន (Himalaya)។
សារព័ត៌មានរ៉យទ័របានដកស្រង់សម្តីរដ្ឋមន្ត្រីការបរទេសអាមេរិកបញ្ចាក់ទៅកាន់សមភាគីឥណ្ឌាថា«ថ្ងៃនេះគឺជាឱកាសដ៏ល្អបំផុតសម្រាប់ ប្រទេសប្រជាធិបតេយ្យទាំងពីរ អាមេរិក-ឥណ្ឌាកាន់តែជិតស្និទ្ធ»។
រដ្ឋមន្ត្រីការបរទេសអាមេរិកបញ្ជាក់ទៀតថា« នៅមានកិច្ចការជាច្រើនផ្សេងទៀតដែលត្រូវធ្វើ យើងមានរឿងរ៉ាវជាច្រើនត្រូវពិភាក្សាគ្នានាថ្ងៃនេះ ។ កិច្ចសហប្រតិបត្តិការរបស់យើង ក្នុងពេលដែលកូវីដ-១៩ ឆ្លងចេញពីទីក្រុងវូហាន និងការគំរាមកំហែងដល់សន្តិសុខ ស្ថិរភាពនៅក្នុងតំបន់»។
បច្ចុប្បន្នអាមេរិកកំពុងរងផលប៉ះពាល់ខ្លាំងដោយសារតែកូវីដ-១៩ ហើយរដ្ឋាភិបាលអាមេរិកទទួលរងការរិះគន់យ៉ាងខ្លាំងដែលមិនអាចទប់ស្កាត់ការឆ្លងកូវីដ-១៩បាន។ រដ្ឋាភិបាលរបស់លោកត្រាំ តែងតែទម្លាក់កំហុសទៅលើចិនដែលបានលាក់បាំងការឆ្លងកូវីដ-១៩ ទើបមានការឆ្លងរាលដាលខ្ពស់។
នៅថ្ងៃទី ២៧ខែតុលានេះ អាមេរិក និងឥណ្ឌា នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងយោធា ដោយអនុញ្ញាតឲ្យឥណ្ឌា អាចចូលកាន់ផ្កាយរណបអាមេរិក ដែលអាចតាមដានគោលដៅបានយ៉ាងល្អ សម្រាប់មីស៊ីលនាំផ្លូវនិងយន្តហោះគ្មានមនុសុ្សបើក៕