​ប៉ូ​លី​ស​ហ្វី​លី​ពី​ន​ម្នាក់ ស្លាប់ដោយសារមាន់​ជល់១ក្បាល​ ខណៈចុះ​បង្ក្រាប​សង្វៀន​បញ្ជល់មាន់​ខុសច្បាប់​

ចែករំលែក៖

អន្តរជាតិ៖ ប៉ូ​លី​ស​ហ្វី​លី​ពី​ន​ម្នាក់​ បាន​ដាច់​សរសៃឈាម​ស្លាប់​ភ្លាម ខណៈដែលគាត់ឆ្មក់​ចុះ​បង្ក្រាប​សង្វៀន​បញ្ជល់មាន់​ខុសច្បាប់​ គាប់ជួន​បាន​មុត​នឹង​ខ្នាយ​ដែក​ស្រួច ដែល​គេ​ចង​ភ្ជាប់​នឹង​ខ្នាយ​មាន់​ជល់ មុត​ត្រូវ​ចំ​ជើង​របស់​គាត់ ។

ហេតុការណ៍នេះ បាន​កើតឡើង​កាលពី​ថ្ងៃ​ចន្ទ ទី​២៦ ខែតុលា ឆ្នាំ២០២០ នៅ​ភាគ​ខាងជើង​ខេត្ត​សា​ម៉ា ប្រទេស​ហ្វី​លី​ពី​ន ពេល​ដែល​អនុសេនីយ៍ឯក Christian Bolok បាន​រើស​យក​មាន់​ជល់​០១​ក្បាល ប្រមូល​ទុកជា​ភស្តុ​តាង ហើយនេះគឺជាគ្រោះថ្នាក់​ចៃដន្យ​ ។

បើតាមស្នងការ​នគរបាល​ខេត្តសាម៉ា លោក​វរសេនីយ៍ឯក Arnel Apud បាន​បញ្ជាក់ថា ការ​មុត​នឹង​ខ្នាយ​ស្រួច​នេះ គឺ​ចាក់​ចំ​សរសៃឈាម​នៅ​ភ្លៅ​ខាងឆ្វេង​របស់​អនុសេនីយ៍ឯក Christian Bolok តែ​ម្តង ហើយ​គាត់​បាន​ដាច់ខ្យល់​ស្លាប់​ភ្លាម​ៗ គួរ​ឲ្យអាណោច​អ​ធ័​មខ្លាំងណាស់ ។

លោក​វរសេនីយ៍ឯក Arnel Apud បាន​លើកឡើងទៀតថា វា​គឺជា​ឧបទ្ទវហេតុ ហើយ​ក៏​ជា​អកុសល និង​ជា​សំណាងអាក្រក់ ដែល​ខ្ញុំ​មិន​អាច​ពន្យល់​បាន​ទេ ។ ខ្ញុំ​មិន​អាច​ជឿ​វា​បាន​ទេ នៅ​ពេល​ដំណឹង​នេះ ត្រូវ​បាន​គេ​រាយការណ៍​មក​ខ្ញុំ ។ នេះ​ជា​លើក​ទី​មួយ​ហើយ​ក្នុង​រយៈពេល​២៥​ឆ្នាំ​របស់ខ្ញុំ ក្នុង​នាម​ជា​មន្ត្រី​ប៉ូ​លី​ស ខ្ញុំ​មិន​ដែល​មាន​ជួប​រឿង​ដូច​អ៊ីចឹង​ទេ ខ្ញុំ​សោកស្ដាយ​ដែល​បាត់បង់​មន្ត្រី​ម្នាក់​ដោយសារ​តែ​មាន់​ជល់ ។

មេប៉ូលីសរូប​នេះ បានគូសបញ្ជាក់ថ្លែង​នៅ​ក្នុង​សន្និសីទកាសែត យ៉ាងដូច្នេះ​ថា៖ «​ខ្ញុំ​អារម្មណ៍​ថា ដូច​បាន​បាត់បង់​បងប្រុស​ម្នាក់ ដែល​បាន​លះបង់​ជីវិត​ផ្ទាល់ខ្លួន ក្នុង​នាម​ជា​មន្ត្រី​បម្រើ​រាស្ត្រ ។ លោក​សោកសៅ ចំពោះ​មរណភាព​របស់​លោក​អនុសេនីយ៍ឯក Christian Bolok និង​បង្ហាញ​ការ​អាណិតអាសូរ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្រុម​គ្រួសារ និង​សាច់ញាតិ​នៃ​សព​» ។

បើ​តាម​របាយការណ៍​របស់​ប៉ូ​លី​ស​ខេត្ត​សា​ម៉ា បានឲ្យដឹង​ថា ការ​ឆ្មក់​ចុះ​បង្ក្រាប​សង្វៀន​បញ្ជល់មាន់​ខុសច្បាប់​មួយ​កន្លែង ដែល​ដឹកនាំ​លោក​អនុសេនីយ៍ឯក Christian Bolok កម្លាំង​ប៉ូលិស​បាន​ឃាត់ខ្លួន​មនុស្ស ៣​នាក់ រឹបអូស​យក​បាន​មាន់​ជល់ ២​ក្បាល ព្រម​ជាមួយនឹង​ខ្នាយ​ត​លោហៈ ចំនួន​០២​ឈុត ទ្រុងមាន់​ចំនួន​០៧ និង​ប្រាក់​ហ្វី​លី​ពី​ន ចំនួន​៥៥០ PHP (​ស្មើនឹង​លុយ​ខ្មែរ ៤៥,៧០០​រៀល​) ជា​ប្រាក់​ភ្នាល់ ។ ប៉ូ​លី​ស​ក៏​បាន​កំណត់​អត្តសញ្ញាណ ជនសង្ស័យ​០៣​នាក់​ផ្សេង​ទៀត ដែល​កំពុង​រត់គេច​ខ្លួន ។

សូមជម្រាបថា ល្បែង​បញ្ជល់មាន់ ឬ​ប្រជាជន​ហ្វី​លី​ពី​ន​ហៅ​ថា Tupada គឺជា​កីឡា​បក្សី ដ៏​ពេញ​និយម​មួយ នៅ​ក្នុង​ប្រទេស​នេះ ដែល​មាន​ចាក់​ប្រាក់​ភ្នាល់​គ្នា​ទៅ​លើ​លទ្ធផល នៃ​ការ​ប្រយុទ្ធ​គ្នា រវាង​បក្សី ២​ក្បាល ប្រដាប់​ដោយ​ខ្នាយ​មាន់ និង​ខ្នាយ​លោហៈ​ដែល​គេ​ដាក់​បន្ថែម​លើ​ខ្នាយ​មាន់ ។ កីឡា​ដ៏សាហាវ​នេះ ត្រូវ​បាន​អាជ្ញាធរ​ប្រទេស​ហ្វី​លី​ពី​ន​ហាមឃាត់ ក្នុង​កំឡុង​ពេល​មាន​ជំងឺ​រាតត្បាត​ឆ្លង​ថែម​ទៀត​នោះ គឺ​ត្រូវ​ហាម​ដាច់ខាត​ដើម្បី​ការពារ​ហ្វូង​មនុស្ស​ពី​ការ​ប្រមូលផ្តុំ​គ្នា ។

ជាក់ស្តែង អាជ្ញាធរ​ខេត្ត​សា​ម៉ា​ភាគ​ខាងជើង នៅ​ក្នុង​ខែសីហាកន្លងទៅ បាន​ចេញ​សេចក្តី​ព្រមាន​រួច​ហើយ​ចំពោះ​ការ​លេង​បញ្ជល់មាន់​ខុសច្បាប់​នេះ បន្ទាប់​ពី​មនុស្ស ៤​នាក់ នៅ​ក្នុង​ការ​ប្រមូលផ្តុំ​គ្នា បាន​ធ្វើតេស្ត៍​រក​ឃើញ​វីរុស​កូ​វី​ដ​-១៩ ។

គួរបញ្ជាក់ថា ​ប្រទេស​ហ្វី​លី​ពី​ន មុន​ពេល​មាន​វិបត្ដិ កូ​វី​ដ​-១៩ រាតត្បាត កីឡា​បក្សី​នេះ ត្រូវ​បាន​អនុញ្ញាតិ តែ​នៅ​ក្នុង​កន្លែង​ដែល​មានច្បាប់​តែ​ប៉ុណ្ណោះ ក្នុងអំឡុងពេល​ថ្ងៃអាទិត្យ និង​ថ្ងៃ​ឈប់​សម្រាក​ស្របច្បាប់ និង​ក្នុងអំឡុងពេល​ពិធីបុណ្យ​ក្នុងស្រុក មិន​លើស​ពី ០៣​ថ្ងៃ​ឡើយ ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print