អភិបាលខេត្តប៉ៃលិនអំពាវនាវដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ពីសុត្ថិភាពផ្ទាល់ខ្លួន ចំពោះគ្រោះធម្មជាតិនានា

ចែករំលែក៖

ខេត្តប៉ៃលិន៖ លោក ផាន់ ចាន់ផុល អភិបាលខេត្តប៉ៃលិននិងជាប្រធានគណៈកម្មាធិការ គ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានអំពាវនាវដល់ពលរដ្ឋទាំងអស់ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះធម្មជាតិនានា ដូចជា៖ ភ្លៀង ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងជំនន់ទឹកភ្លៀង ដែលកើតឡើង ជាពិសេសត្រូវការពារខ្លួនជៀសវាងគ្រោះថ្នាក់ដល់អាយុជីវិត ហើយបើមានហេតុការអ្វីកើតឡើង ត្រូវរាយការណ៍ជាបន្ទាន់ទៅកាន់អាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុតដើម្បីធ្វើការចុះជួយអន្តរាគមន៍សង្គ្រោះបានទាន់ពេលវេលា។

លោក អភិបាលខេត្ត បានថ្លែងដូចនេះ នៅក្នុងពិធីជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយរបស់ក្រុមហ៊ុន មិត្តហ្វូន ចែកជូនដល់ប្រជាពលរដ្ឋចំនួន ១០០គ្រួសារដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ នៅចំណុចលូដាច់ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

លោក ផាន់ ចាន់ធុល បានមានប្រសាសន៍បញ្ជាក់ថា៖ គ្រោះថ្នាក់ធម្មជាតិគឺតែងតែកើតមានឡើងជាយថាហេតុដូច្នេះសូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់និងប្រញ៉ាប់រាយការណ៍មកកាន់អាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុត ឲ្យបានលឿន ដើម្បីឱ្យក្រុមការងារ ចុះទៅជួយអន្តរាគមន៍និងផ្តល់អំណោយសង្គ្រោះបន្ទាន់ឱ្យបានទាន់ពេលវេលា ក្នុងការចូលរួមសម្រាលការខ្វះខាតនានា ជាបណ្តោះអាសន្ន។

នៅក្នុងឱកាសនោះដែរលោកអភិបាលខេត្តបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុនមិត្តហ្វូនដែលបានចូលរួមឧបត្ថម្ភគ្រឿងឧបភោគបរិភោគនិងសម្ភារប្រើប្រាស់មួយចំនួនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងនៅក្នុងខេត្តប៉ៃលិនហើយសកម្មភាពនេះបានបង្ហាញពីទឹកចិត្តមនុស្សធម៌ និងសាមគ្គីភាព ជួយគ្នាក្នុងគ្រាលំបាក។

តំណាងក្រុមហ៊ុន មិត្តហ្វូន បានឱ្យដឹងថា៖ ក្នុងស្ថានភាពដ៏លំបាកនេះក្រុមហ៊ុនមិត្តហ្វូនបានរួមសហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ នៅក្នុងខេត្តចំនួន១០ដែលបានរងគ្រោះទឹកជំនន់ខ្លាំងជាងគេដើម្បីឧបត្ថម្ភគ្រឿងបរិភោគ និងសម្ភារប្រើប្រាស់មួយចំនួន ដល់ប្រជាពលរដ្ឋដែលរងគ្រោះ ហើយខេត្តក្រុងដែលទទួលបាន ការផ្តល់ជូនអំណោយពីកម្មវិធីនេះមានដូចជា ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តកំពង់ធំ ក្រុងភ្នំពេញ ខេត្តកណ្តាល ក្រុងព្រះសីហនុ ខេត្តកំពង់ស្ពឺ ខេត្តប៉ៃលិន និងខេត្តស្ទឹងត្រែង។

សូមបញ្ជាក់ថា៖អំណោយដែលចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះទាំង ១០០គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបានរួមមាន៖ អង្ករ២០គីឡូក្រាម ទឹកស៊ីអុីវ១យួរ ទឹកត្រី១យួរ ប៊ីចេង១កញ្ចប់ ត្រីខ ១យួរ មី១កេស និងស៊ីមកាតមិត្តហ្វូនចំនួន២ផងដែរ៕ស សារ៉េត

...

                    

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print