ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបន្ដទទួល អំណោយពីសប្បុរសជនជំនួយ អង្ករ១០០តោន របស់ក្រុមហ៊ុន OCIC ដើម្បីយកទៅបន្តចែកជូន បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀហ និងជនងាយរងគ្រោះ ក្នុងមូលដ្ឋានរាជធានី ភ្នំពេញ កាលពីរសៀលថ្ងៃទី២៨ តុលា ឆ្នាំ២០២០ នៅសាលារាជធានីភ្នំពេញ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងអំណរគុណចំពោះសប្បុរសជននានា ដែលបាន បន្តចូលរួមឧបត្ថម្ភជាគ្រឿងឧបភោគ បរិភោគ ដើម្បីរដ្ឋបាលរាជធានីភ្នំពេញ បានយកទៅបន្តចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ ពិសេសប្រជាពលរដ្ឋ ដែលកំពុងជម្លៀសមកកាន់ទីទួលសុវត្ថិភាព។
លោកក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមហ៊ុន OCIC និងសប្បុរសជនជិតឆ្ងាយ ដែលបានចូលរួមឧបត្ថម្ភ ជាសម្ភារៈប្រើប្រាស់ ជា គ្រឿងឧបភោគបរិភោគ សម្រាប់ជួយសង្រ្គោះដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់បានទាន់ពេលវេលា ។
ជាមួយគ្នានេះ លោកអភិបាលក៏បានសន្យាថា រាល់អំណោយទាំងអស់ របស់សប្បុរសជនដែលបានផ្ដល់ជូនតាមរយៈរដ្ឋបាលរាជធានីភ្នំពេញ នឹងនាំយកអំណោយទាំងនោះ ទៅជួយ ដល់ដៃ បងប្អូនប្រជា ពលរដ្ឋរងគ្រោះ ហើយបើនៅសេសសល់នឹងយកទៅជួយដល់ប្រជាពលរដ្ឋក្រីក្រ នៅតាមមូលដ្ឋានដោយ មិន ធ្វើអោយម្ចាស់អំណោយខកបំណងឡើយ ៕
ដោយ៖ សំរិត