អន្តរជាតិ៖ បើយោងតាមការអះអាងរបស់ទីភ្នាក់ងារអាវកាស NASA អាមេរិក បានធ្វើការស្រាវជ្រាវចំនួន២លើក ក៏បានបញ្ជាក់យ៉ាងច្បាស់ពីវត្តមានទឹក និងម៉ូលេគុលទឹកនៅផ្ទៃដែលរងពន្លឺព្រះអាទិត្យរបស់ព្រះចន្ទ ។ ចំពោះការរកឃើញទឹកនៅព្រះចន្ទ នាំឲ្យទីភ្នាក់ងារអវកាសឯទៀត មានសង្ឃឹមក្នុងការបង្កើតមូលដ្ឋានអចិន្ត្រៃយ៍មួយនៅទីនោះ និងដើម្បីបន្តការធ្វើដំណើរនៅក្នុងលំហ និងទៅកាន់ភពអង្គារ។
ជាក់ស្តែងការស្រាវជ្រាវទាំង២នេះ ត្រូវបានចុះផ្សាយក្នុងទស្សនាវត្តី Nature ថា៖ វត្តមានរបស់ទឹក និងម៉ូលេគុលទឹកនៅផ្ទៃខាងលើព្រះចន្ទលែងជារឿងស្រពិចស្រពិលទៀតហើយ ដ្បិតអីការរូបថត និងការស្កេនInfrared ដោយកែវយឹតSOFIA បង្ហាញពីម៉ូលេគុលនៅលើផ្ទៃរបស់ព្រះចន្ទដែលទទួលពន្លឺព្រះអាទិត្យ។ ចំណែកឯការស្រាវជ្រាវទី២ បង្ហាញថានៅផ្នែកងងឹតនៃព្រះចន្ទ អាចនឹងមានច្រើនជាងការដែលគេធ្លាប់បានគិតទុកពីមុន។
ចំណែកឯសារព័ត៌មាន The Verge ក៏បានចុះផ្សាយដែរថា ការប្រើប្រាសកែវយឹតSOFIA និងស្កែនinfrared លើផ្ទៃព្រះចន្ទនាំឲ្យអ្នកវិទ្យាសាស្ត្រដឹងពីវត្តមាននៃផ្សំបញ្ជូលគ្នានៃម៉ូលេគុលអ៊ីដ្រូសែនចំនួន២ និងអុកស៊ីសែនចំនួន១ ដែលជាធាតុគីមីរបស់ទឹក។ បន្ទាប់ពីការស្រាវជ្រាវរបស់NASA កាលពីប៉ុន្មានឆ្នាំមុន NASAពុំអាចកំណត់ពីម៉ូលេគុលទឹកបានឡើយ ត្បិតអីគេអាចរកឃើញតែម៉ូលេគុលអ៊ីដ្រុកស៊ីល ដែលមានអាតូមអ៊ីដ្រូសែនចំនួន១ និងអុកស៊ីសែនចំនួន២ប៉ុណ្ណោះ។
បើតាមការលើកឡើងរបស់លោកPaul Hertz ប្រធានផ្នែករូបវិទ្យាតារាសាស្ត្រ របស់NASA បានបញ្ជាក់ថា៖«ការស្រាវជ្រាវនេះបង្ហាញថាម៉ូលេគុលទឹកមាននៅពាសពេញផ្ទៃព្រះចន្ទ មិនមែនត្រឹមតែនៅកន្លែងងងឹត និងត្រជាក់ក្បែរប៉ូលឡើយ»។ ចំពោះលទ្ធផលនៃការស្កេនផ្ទៃព្រះចន្ទ ក៏បង្ហាញផងដែរថា កំហាប់ម៉ូលេគុលទឹកមានត្រឹមតែ៣៤៥ម.ល(១២ounce) ក្នុងបរិយាកាស១ម៉ែត្រគូប។ NASA រកឃើញម៉ូលេគុលទឹកនៅក្រហូងClavius ដែលជាក្រហូងធំបំផុតរបស់ព្រះចន្ទ។
ដោយឡែកអ្នកស្រាវជ្រាវនៅNASA លោកស្រីCasey I. Honniball ក៏បានបញ្ជាក់ដែរថា បើនិយាយឲ្យច្បាស់ទៅ វាមិនមែនជាថ្លុកទឹកឡើយ តែជាម៉ូលេគុលទឹកដែលសាយភាយ និងមិនកកទៅជាដុំទឹកកកឬទៅជាទឹករាវ។ ចំណែកឯការសិក្សាទី២ បង្ហាញថា ទឹកក្នុងទម្រង់ជាទឹកកក ជាប់នៅក្នុងក្រហូងតូចរបស់ព្រះចន្ទជាច្រើនកន្លែង និងមិនមែនមានតែនៅតែផ្នែកងងឹត និងត្រជាក់របស់ព្រះចន្ទឡើយ។ ការស្វែងរកឃើញទឹកកក នៅផ្ទៃឯទៀតក្រៅតែពីផ្នែកងងឹត និងត្រជាក់ នាំឲ្យអ្នកវិទ្យាសាស្ត្រមានសង្ឃឹមបន្ថែមទៀតក្នុងជីក និងប្រើប្រាស់ទឹកទាំងនោះ។
សូមជម្រាបផងដែរ ដ្បិតអីទីកន្លែងងងឹត និងត្រជាក់នៃព្រះចន្ទដែលសម្បូរទៅដោយទឹកកក មានសីតុណ្ហភាពត្រជាក់ខ្លាំងដែលបណ្តាលឲ្យគេពិបាកក្នុងការទាញយកទឹកកកទាំងនោះ មិនតែប៉ុណ្ណោះយានយន្តក៏មិនអាចដំណើរការក្នុងសីតុណ្ហភាពត្រជាក់ខ្លាំងបែបនេះដែរ។
គួរបញ្ជាក់ថា ការអាចទាញយកទឹកមកលើព្រះចន្ទ គឺជារឿងសំខាន់សម្រាប់អវកាសយានិក ត្បិតអីគេអាចកាត់បន្ថយការចំណាយក្នុងការដឹកជញ្ជូនទឹកពីផែនដី ទៅព្រះចន្ទ ជាពិសេសសម្រាប់ប្រទេសដែលមានបំណងសងមូលដ្ឋានរបស់ខ្លួនលើព្រះចន្ទ។បន្ថែមពីនេះ អ្នកអវកាសអាចបំបែកម៉ូលេគុលទឹកជាអ៊ីដ្រូសែន និងអុកស៊ីសែន។ក្នុងន័យនេះ គេអាចយកអ៊ីដ្រូសែនសម្រាប់ជាឥន្ធនៈរបស់រុក្កែត និងអុកស៊ីសែនសម្រាប់ដកដង្ហើម៕ដោយ៖ស តារា