អន្តរជាតិ៖ សាកសពមនុស្សចំនួន ៥៩នាក់ ត្រូវបានអាជ្ញាធរម៉ិកស៊ីកូរកឃើញនៅក្នុងផ្នូរលួចលាក់មួយកន្លែង ស្ថិតនៅឯតំបន់ភាគកណ្តាលនៃប្រទេសម៉ិកស៊ីកូ ខណៈសពទាំងនេះដែលបានទទួលរងនូវអំពើហិង្សា កម្រិតខ្ពស់បំផុតនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ នេះបើតាមការអះអាងពីអាជ្ញាធរម៉ិកស៊ីកូ បានប្រកាសកាលពីថ្ងៃពុធទី២៨ តុលាម្សិលមិញនេះ។
បើតាមសារព័ត៌មាន CNA បានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែតុលា ឆ្នាំ២០២០នេះ លោកស្រី Karla Quintana ប្រធានគណៈកម្មាធិការស្វែងរកមនុស្សជាតិ របស់ប្រទេសម៉ិកស៊ីកូ បានឲ្យដឹងថា សាកសពខាងលើនេះត្រូវបានរកឃើញនៅក្នុងទីក្រុង Salvat Sierra នៃរដ្ឋហ្គាណាហ្សូតូ (Guanajuato) ជាកន្លែងដែលអត្រាមនុស្សឃាតបានកើនឡើង ស្របពេលមានសង្គ្រាមដ៏ក្ដៅគគុកផ្ទុះឡើងរវាងក្រុមឧក្រិដ្ឋជនជួញដូរ គ្រឿងញៀន។
សូមជម្រាបថា ក្នុងចំណោមសាកសពទាំង៥៩នាក់ខាងលើនេះ យ៉ាងហោចណាស់ មានសាកសពចំនួន ១០នាក់ជាស្ត្រី ហើយសាកសពភាគច្រើនជាមនុស្សវ័យជំទង់។
ដោយឡែកបើតាមទិន្នន័យផ្លូវការ រដ្ឋ Guanajuato បានកត់ត្រានូវចំនួនអ្នកស្លាប់ដោយសារអំពើឃាតកម្មចំនួន ២,២៥០នាក់នៅចន្លោះខែមករា និងសីហា ឆ្នាំ២០២០នេះ ដែលជាអត្រាកើនឡើង ២៥ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំមុន៕ដោយ៖ស តារា