Leicester City និង Arsenal ឡើងឈរលេខ១ក្នុងពូល ខណៈ Tottenham បរាជ័យក្រៅទឹកដី

ចែករំលែក៖

ក្រុមខ្លាំង២មកពីអង់គ្លេសគឺក្រុមចចកកំណាច Leicester City និងក្រុមកាំភ្លើងធំ Arsenal បានបន្តទទួលបានជ័យជម្នះរបស់ខ្លួនទៅលើក្រុមម្ចាស់ផ្ទះ និងក្រុមភ្ញៀវក្នុងការប្រកួតក្របខ័ណ្ឌ Europa League សប្តាហ៍ទី២ វគ្គជម្រុះតាមពូលកាលពីយប់មិញ។

ក្រុមចចកកំណាច Leicester ទទួលបាន៣ពិន្ទុទៅលើក្រុមម្ចាស់ផ្ទះមកពីក្រិក AEK Athens ក្នុងលទ្ធផល២ទល់១។ ១គ្រាប់របស់ក្រុម AEK Athens រកបានដោយកីឡាករ Tankovic នៅនាទីទី២៨ ក្នុងតង់ទី១ ខណៈ២គ្រាប់របស់ក្រុមភ្ញៀវ Leicester City រកបានដោយកីឡាករ Vady នៅនាទីទី១៨ ក្នុងបាល់ពិន័យប៉េណាលទី និង១គ្រាប់ទៀតរកបានដោយកីឡាករ Choudhury នៅនាទីទី៣៩។

លទ្ធផលនេះធ្វើឲ្យក្រុម Leicester City បន្តឈរកំពូលតារាងក្នុងពូលG មាន៦ពិន្ទុ ដោយ២ប្រកួតឈ្នះទាំង២ប្រកួត។ ចំណែកក្រុម AEK Athens បានធ្លាក់មកឈរចំណាត់ថ្នាក់លេខ៣ បណ្តោះអាសន្នដោយ២ប្រកួតចាញ់ទាំង២ប្រកួត។

ចំណែកក្រុមកាំភ្លើងធំ Arsenal ធ្វើបានល្អដោយបានយកឈ្នះក្រុមភ្ញៀវ Dundalk មកពីអៀរឡង់ ក្នុងលទ្ធផល៣ទល់០។ ៣គ្រាប់របស់ក្រុមកាំភ្លើងធំរកបានដោយកីឡាករ Nketiah នៅនាទីទី៤២ គ្រាប់ទី២រកបានដោយកីឡាករ Willock នៅនាទីទី៤៤ និងគ្រាប់ទី៣រកបានដោយកីឡាករ Pépé នៅនាទីទី៤៦។

ក្រុមកាំភ្លើងធំ Arsenal បានបន្តឈរកំពូលតារាងក្នុងពូលB បណ្តោះអាសន្នដោយ២ប្រកួតឈ្នះទាំង២ប្រកួតមាន៦ពិន្ទុ។ ចំណែកក្រុម Dundalk បានបន្តឈរបាតតារាងដោយ២ប្រកួតចាញ់ទាំង២ប្រកួត ។

ដោយឡែកក្រុមមានខ្នាយមាស Tottenham បានបរាជ័យក្រៅទឹកដីរបស់ខ្លួនដោយប្រកួតចាញ់ក្រុម មកពីបែលហ្ស៊ិក Antwerp ក្នុងលទ្ធផល១ទល់០ ដែល១គ្រាប់រកបានដោយកីឡាករ Refaelov នៅនាទីទី២៩ ក្នុងតង់ទី១។ បរាជ័យនេះធ្វើឲ្យក្រុម Tottenham ខកខានទទួលបាន៣ពិន្ទុក្នុងពូលJ ដោយឈរចំណាត់ថ្នាក់លេខ១ ហើយក្រុម Antwerp បានឡើងទៅឈរចំណាត់ថ្នាក់លេខ១ក្នុងពូល បណ្តោះអាសន្នដោយ២ប្រកួតឈ្នះទាំង២ប្រកួត មាន៦ពិន្ទុពេញ។

សូមបញ្ជាក់ថា ការប្រកួតក្របខ័ណ្ឌ Europa League សម្រាប់សប្តាហ៍ទី៣ នឹងធ្វើឡើងនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខ សម្រាប់វគ្គជម្រុះតាមពូលរដូវកាល ២០២០-២០២១ ៕

...

ដោយ៖ ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print