អន្តរជាតិ៖ កាលពីថ្ងៃទី២៩ខែតុលា អង្គការជនភៀសខ្លួនអន្តរជាតិ (IOM) បានប្រកាសថា យ៉ាងហោចណាស់ក៏មានមនុស្ស១៤០នាក់ដែរបានស្លាប់ដោយសារលង់ទឹក ក្រោយពីទូកដឹកអ្នកដំណើរប្រមាណ២០០នាក់បានលិចកាលពីសប្តាហ៍កន្លងមកនៅដែនសមុទ្រសេណេហ្គាល់(Senegal)។
តាមសេចក្តីប្រកាសរបស់ (IOM) បានបញ្ជាក់ថា នេះជាករណីលិចទូកសម្លាប់មនុស្សច្រើនបំផុត មិនធ្លាប់មានជាច្រើនឆ្នាំកន្លងមក។ កាលពីពេលថ្មីៗនេះ ក៏មានករណីលិចទូកបណ្តាលឲ្យមានអ្នកស្លាប់១០នាក់និងជាង៦០នាក់រងរបួសដែរ ។ ពាក់ព័ន្ធការលិចនាវាកាលពីសប្តាហ៍កន្លងមក នៅមានអ្នកដំណើរ១៤០នាក់ក្នុងចំណោម២០០នាក់បានបាត់ខ្លួន ហើយក្រុមស្វែងរកសន្និដ្ឋានថាអ្នកដំណើរទាំងនោះបានស្លាប់ហើយ។
តាមការប្រកាសពីរដ្ឋាភិបាលសេណេហ្គាល់ ក្នុងអំឡុងពេលចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី២៥ខែតុលា ដោយមានការចូលរួមពីកម្លាំងទាហានជើងទឹកអេស្ប៉ាញ កម្លាំងទាហានសេណេហ្គាល់ ទប់ស្កាត់បានកាណូត៥គ្រឿងដឹកជនភៀសខ្លួនចូលទៅកាន់តំបន់អឺរ៉ុប និងជួយសង្គ្រោះជនភៀសខ្លួនបាន៣៨៨នាក់ ។
កម្លាំងការពារដែនសមុទ្រសេណេហ្គាល់ ក៏បានចាប់មនុស្ស ២៨នាក់ពាក់ព័ន្ធការដឹកជញ្ជូនមនុស្សខុសច្បាប់ចូលទៅកាន់អឺរ៉ុប។ ការដឹកជញ្ជូនភាគច្រើនលើសចំណុះ ងាយស្រួលក្នុងការលិចពេលជួបខ្យល់ខ្លាំង៕ដោយ៖ធី រីណា