ខេត្តស្ទឹងត្រែង៖ជនសង្ស័យម្នាក់ក្នុងចំណោមក្រុមល្បាតចំនួន៤នាក់ដែលប្រទះឃើញគ្រឿងញៀនចំនួន២ការុង ស្មើនិឹង៤២កញ្ចប់រួចហើយបានប្រគល់ឱ្យទៅកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធីច្បាប់កាលពីថ្ងៃទី២៣ ខែតុលា កន្លងទៅថ្មីៗនេះ ពេលនេះសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគបាលខេត្តបានធ្វើការស្រាវជ្រាវរហូតឈានដល់ការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យបានម្នាក់រួមជាមួយវត្ថុតាងថ្នាំញៀនចំនួន២កញ្ចប់ធំជាប្រភេទមេតំហ្វេតាមីន ហើយជនសង្ស័យខាងលើនេះសោតគឺជាអតីតមេបញ្ជាការរងស្រុកបុរីអូរស្វាយសែនជ័យ ក្នុងចំណោមក្រុមល្បាតចំនួន៤នាក់ខាងលើ។ ប្រតិបត្តិការនេះ ធ្វើឡើងនៅវេលាម៉ោង៩ៈ០០នាទីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ នៅចំណុចអាហារដ្ឋានម្លប់ត្នោត ស្ថិតក្នុងភូមិស្ពានថ្ម សង្កាត់/ក្រុង ខេត្តស្ទឹងត្រែង។
បើតាមការឱ្យដឹងពីលោកចែម ផានិត នាយការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបានឲ្យដឹងថាប្រតិបត្តិការបង្រ្កាបនិងឃាត់ខ្លួនមេខ្លោងជួញដូរថ្នាំញៀនម្នាក់រួមជាមួយនឹងថ្នាំញៀនចំនួន២កញ្ចប់ធំ ប្រភេទមេតាំហ្វេតាមីន(មានទម្ងន់សរុប២០០២,១ក្រាម) នៅចំណុចភូមិសាស្រ្តខាងលើ ដែលមានឈ្មោះអ៊ុក ដំកើង ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរជាអតីតមេបញ្ជាការរងស្រុកបុរីអូរស្វាយសែនជ័យ។
ក្រោយការបង្ក្រាបកម្លាំងជំនាញការិយាល័យនគរបាលប្រឆាំងបទល្មើសគ្រឿងញៀនបាននាំជនសង្ស័យយកមកធ្វើការសាកសួរនិងធ្វើកំណត់ហេតុ ដើម្បីបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធី ក្រោមការសម្របសម្រួលពីលោកគឹម ហុងសាន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្ទឹងត្រែង។
គួររំលឹកថា ថ្នាំញៀនចំនួន២កញ្ចប់ខាងលើដែលសមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀនបង្ក្រាបបាននោះ គឺជាថ្នាំញៀនពីរការុងដែលកម្លាំងយោធាល្បាតរើសបានស្មើ៤២កញ្ចប់ធំ ហើយបានប្រគល់ទៅឱ្យកម្លាំងកងរាជអាវុធហត្ថខេត្តចាត់ការតាមនីតិវិធីច្បាប់រួចហើយ ប៉ុន្មានថ្ងៃកន្លងមក ប៉ុន្តែត្រូវបានជនខិលខូចជាមេខ្លោងជួញដូរថ្នាំញៀន ដែលជាអតីតមេបញ្ជាការរងស្រុកបុរីអូរស្វាយសែនជ័យបែរជាលួចលាក់ទុកចំនួន២កញ្ចប់ធំ មិនប្រគល់ឲ្យសមត្ថកិច្ចព្រោះតែប្រយោជន៍ផ្ទាល់ខ្លួន ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ស្ថាប័នរដ្ឋនៃកងយោធពលខេមរភូមិន្ទយ៉ាងធ្ងន់ធ្ងរ ដែលជាកងកម្លាំងស្នូលការពារជាតិមាតុភូមិ។ បុគ្គលជនសង្ស័យខាងលើនេះ គួរតែដាក់ទោសទណ្ឌឲ្យសមទៅតាមច្បាប់ដែលខ្លួនបានប្រព្រឹត្ត និងស្វែងរកស្រាវជ្រាវបន្តជនដែលពាក់ព័ន្ធ៕
ដោយ:មាស សុផាត